អានតួអត្ថបទ
កម្ពុជា-អាស៊ាន

ប្រតិកម្ម​កម្ពុជា​ជុំវិញ​រឿង​អាស៊ាន​និង​សមុទ្រ​ចិន​ខាង​ត្បូង​ធ្លាយ​ទៅដល់​ជប៉ុន

ទំព័រ​វិបសៃត៍​របស់ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន
ទំព័រ​វិបសៃត៍​របស់ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន RFI
ដោយ៖ លាង ដឺលុច
១៩ នាទី

ការ​បកស្រាយ​របស់​កម្ពុជា​នៅ​តាម​បណ្តា​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ ជុំវិញ​ការ​ខកខាន​មិន​បាន​ចេញ​សេចក្តីប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ ដោយសារ​ជម្លោះ​សមុទ្រចិន​ខាង​ត្បូង​នោះ នៅ​តែ​មាន​ជា​ហូរហែ។ បន្ទាប់​ពី​នៅ​​​ថៃ ក្រោយ​មក​នៅ​ហ្វីលីពីន ឥឡូវ​នេះ​ ដល់​វេន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​ម្តង ដែល​ត្រូវ​ទាញ​ចំណាប់​អារម្មណ៍​អ្នក​អាន​សារព័ត៌មាន The Japan Times ម្តង។ សារព័ត៌មាន​ជប៉ុន​មួយ​នេះ​បាន​ផ្សាយ​វិចារណកថា​មួយ ​ដែល​មាន​ចំណង​ជើង​ថា «ការបែកបាក់នាំអោយ​អាស៊ាន​កាន់​តែ​ខ្សោយ»។

ផ្សាយពាណិជ្ជកម្ម

វិចារណកថា​របស់​សារព័ត៌មាន​ The Japan Times​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១​កក្កដា ​មាន​ចំណងជើង​ថា “ការ​បែកបាក់​នាំអោយ​អាស៊ាន​កាន់តែ​ខ្សោយ”។ អ្នក​និពន្ធ​បាន​សរសេរ​រៀបរាប់​អំពី​សាវតារ​នៃ​ជម្លោះ ​ភាគី​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង រហូត​ដល់​ព្រឹត្តិការណ៍​ជាក់ស្តែង​មួយ​ចំនួន​ដែល​អ្នក​និពន្ធ​ចង់​ពន្យល់​ថា វា​មាន​ឥទ្ធិពល​ទៅ​លើ​ដំណោះស្រាយ​ក្នុង​សមុទ្រចិន​ខាង​ត្បូង​នេះ។ អ្នក​សរសេរ​វិចារណកថា​បាន​លើក ​អំពី​ទំនាក់ទំនង​របស់​ចិន​ដែល​ជា​មហាអំណាច​មួយ និង​ជា​ភាគី​ជម្លោះ​ទល់​សមាជិក​ខ្លះ​របស់​អាស៊ាន​នោះ បាន​ពង្រឹង​ចំណង​មិត្តភាព​តាម​រយៈ​វិស័យ​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ខ្លះ​ទៀត​នៅ​ក្នុង​អាស៊ាន ​ដែល​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​ផងដែរ។

វិចារណកថា​ដែល​គេ​មិន​បាន​បង្ហាញ​ឈ្មោះ​អ្នក​និពន្ធ​នោះ​បាន​មើល​ឃើញ​ថា នេះ​គឺ​ជា​ការ​បែកបាក់​មួយ​ក្នុង​រង្វង់​សមាគម​អាស៊ាន ហើយ​ថា ការ​បែកបាក់​នេះ​មាន​តែ​ផ្តល់​ផលចំណេញ​ដល់​មហា​អំណាច​ចិន​តែ​ប៉ុណ្ណោះ។ ដូច្នេះ ​អ្នក​និពន្ធ​ចង់​អោយ​សមាជិក​អាស៊ាន​រួបរួម​គ្នា​ ដើម្បី​ចរចា​ជាមួយ​ចិន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ។

ការ​ចុះផ្សាយ​វិចារណកថា​នេះ តម្រូវ​​អោយ​មាន​ការ​បកស្រាយ​ពី​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន ដែល​ការ​បកស្រាយ​ជា​លាយលក្ខណ៍​អក្សរ​នេះ​ត្រូវ​បាន​ផ្សាយ​នៅ​លើ​សារព័ត៌មាន The Japan Times នៅ​ថ្ងៃ​ទី​២​សីហា​នេះ។ ឯកអគ្គរាជទូត​កម្ពុជា លោក​ហោ មុនីរ័ត្ន​ បាន​សរសេរ​ពន្យល់​៦​ចំណុច​បង្ហាញ​អំពី​ជំហរ​អព្យាក្រឹត​របស់​កម្ពុជា ជុំវិញ​​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង និង​ស្ថានភាព​ជាក់ស្តែង​ដែល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​មិន​អាច​ចេញ​ប្រកាស​សេចក្តីថ្លែងការណ៍​រួម។

តបនឹង​អ្នក​សរសេរ​វិចារណកថា​ ដែល​និយាយ​ថា ​វា​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ពិសេស​នៅ​ពេល​កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ បរាជ័យ​ក្នុង​ការ​ចេញ​ សេចក្តីថ្លែងការណ៍​រួម​នោះ លោក​ហោ មុនីរ័ត្ន​ ក៏​ឆ្លើយ​ទៅ​វិញ​ដែរ​ថា វា​គឺ​ជា​លើក​ទី​មួយ​ហើយ ក្នុង​រយៈ​ពេល​៤៥​ឆ្នាំ​កន្លង​មក​នេះ ដែល​ប្រទេស​ជា​សមាជិក​២​របស់​អាស៊ាន​បាន​ប្លន់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ​តាម​រយៈ​ការ​បង្ខំ​អោយ​បញ្ចូល​ជម្លោះ​ទ្វេភាគី​របស់​ពួកគេ​ចូល​ទៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​អាស៊ាន​ ដែល​សម្រាប់​កម្ពុជា អាស៊ាន​មិន​មែន​ជា​តុលាការ​នោះ។

ឯក​អគ្គ​រាជទូត​កម្ពុជា​បន្ត​ពន្យល់​ថា ប្រសិន​បើ​គេ​ចោទ​ថា​កម្ពុជា​ត្រូវ​បាន​ទិញ​ដោយ​ប្រទេស​ចិន​នោះ នេះ​វា​គឺ​រឿង​គួរ​អស់​សំណើច​ទៅ​វិញ។ ហើយ​ថា​ប្រសិនបើ​ជំហរ​របស់​កម្ពុជា​យ៉ាង​នេះ​ត្រូវ​បាន​មើល​ឃើញ​ថា ត្រូវ​បាន​ទិញ​ដោយ​មហា​អំណាច​ណាមួយ​នោះ តើ​គេ​អាច​និយាយ​ចំពោះ​ប្រទេស​ផ្សេង​ទៀត​ដែល​មាន​ទំនាក់ទំនង​ជាមួយ​មហាអំណាច​មួយ​ដែរ​នោះ ថា​ប្រទេស​នោះ​ត្រូវ​បាន​ទិញ​ដូច​គ្នា​ដែរ​ឬទេ?

ចំពោះ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង លោក​ឯក​អគ្គរាជទូត​បញ្ជាក់​ថា ជំហរ​កម្ពុជា​គឺ​គ្រាន់​តែ​មិន​ចង់​ចាក់សាំង​ចូល​ក្នុង​ភ្លើង ហើយ​ថា ត្រូវ​ទុក​ទ្វារ​ចំហ​សម្រាប់​ការ​ដោះស្រាយ​ក្នុង​ពេល​ខាង​មុខ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ