អានតួអត្ថបទ
កម្ពុជា

វិស័យ​ភោជ​នីយ​ដ្ឋាន​នៅ​តែ​មាន​សន្ទុះ​ បើ​​ទោះ​ជា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​

លោក​ ចាន់ ស៊ី នាយកគ្រប់គ្រង​ភោជនីយដ្ឋាន​​ ផាក​កាហ្វេ​នៅក្នុង​រដ្ឋធានីភ្នំពេញ​និង​ជា​ម្ចាស់​ភាគហ៊ុន​
លោក​ ចាន់ ស៊ី នាយកគ្រប់គ្រង​ភោជនីយដ្ឋាន​​ ផាក​កាហ្វេ​នៅក្នុង​រដ្ឋធានីភ្នំពេញ​និង​ជា​ម្ចាស់​ភាគហ៊ុន​ RFI/Im Navin
១៤ នាទី

ចុង​ក្រោយនេះ​ វិស័យ​ភោជនីយ​ដ្ឋាន​កំពុង​រីក​ដុះ​ដាល​និង​មាន​ការ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់​សំគាល់​ ជាពិសេស​ភោជនីយដ្ឋាន​ដែលទិញ​សិទ្ធិ​អាជីវកម្ម​ពី​បរទេស​។ វិស័យនេះ​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​នៅ​តែ​អាច​បន្ត​ការ​កើន​ឡើង​ខ្លាំង​បន្ថែម​នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខនេះ​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ការ​ស្ទង់​មតិ​ចំពោះ​ថ្នាក់​ដឹក​នាំ​អាជីវកម្ម​ភោជ​នីយ​ដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ​ ឆ្នាំ​២០១៤​ ដែល​ចេញផ្សាយ​ដោយ​ភោជនីយដ្ឋាន​ PARK CAFÉ​។

ផ្សាយពាណិជ្ជកម្ម

នៅ​ទីក្រុង​ភ្នំពេ​ញ ​មាន​ភោជនីយដ្ឋាន​ចំនួន​ប្រមាណ​ជាង​ ១៧០០​ កន្លែង​ និង​នៅ​ទូទាំង​ប្រទេស​មាន​ភោជ​នីយដ្ឋាន​សរុប​ជិត​ ៣០០០​ កន្លែង​។ ​នេះ​បើយោង​តាម​តួលេខ​ដែល​បានចុះផ្សាយក្នុង​ Yellow​ Page​ Cambodia​ ដែល​របាយការណ៍​ស្ទង់​មតិបាន​ស្រង់​ឃើញ។​

របាយ​​ការណ៍​ការ​ស្ទង់​មតិអំពី​វិស័យ​ភោជនីយ​ដ្ឋាន​បាន​បង្ហាញ​ថា​ ថ្នាក់​ដឹក​នាំអាជីវកម្ម​ភោជនីយដ្ឋាន​ប្រមាណ​ ៦៥%​ យល់​ឃើញ​ថា​ ទីផ្សារ​នេះ​នឹង​រឹត​តែ​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​ខាង​មុខ​។ យ៉ាង​ណា​ក៏​ដោយ​ អ្នក​គ្រប់​គ្រង​ភោជ​នីយ​ដ្ឋាន​ប្រមាណ ​៣៣%​ ទៀត​គិត​ថា​ វិស័យ​នេះ​នៅមាន​ការ​រីក​ដុះ​ដាល​ខ្លាំង​ដដែល​។

របាយ​​ការ​​ស្ទង់​​មតិ​​ដដែល​​នេះ​​ឲ្យ​​ដឹង​ទៀត​​ថា​​ នៅ​​ប៉ុន្មាន​​ឆ្នាំ​​ចុង​ក្រោយ​​នេះ​​ ចំនួន​​ភោជ​នីយ​ដ្ឋាន​​​បាន​​​កើន​​​ឡើង​​យ៉ាង​​ខ្លាំង​​នៅ​​ទីក្រុង​​ភ្នំពេញ​​។​ កំណើន​​នៃ​ភោជ​នីយដ្ឋាន​​គឺ​ដោយ​សារ​​តែ​​ចំនួន​​ប្រជាជន​​កើន​​ឡើងនិង​​ដោយសារ​​រំ​ហូរ​​នៃ​ភ្ញៀវ​ទេសចរ​​បរទេស​និង​ទេសចរ​​ក្នុង​​ស្រុក​​។ ក្រៅ​​ពី​នោះ​​ ការ​​កើន​​ឡើង​​នៃ​​ប្រាក់​​ចំណូល​​របស់​​ប្រជាជន​​នៅ​ទីក្រុង​​ និង​ការ​​ប្តូរ​​ឥរិយាបថ​​របស់​​មនុស្ស​​ដែល​​ចូល​ចិត្ត​​ទទួល​ទាន​​អាហារ​​តាម​​ភោជនីយ​ដ្ឋាន​​ដែល​​មាន​​បរិស្ថាន​​ល្អ​​ក៏​​ជា​​ចំ​ណែក​​ធ្វើ​​ឲ្យ​​ចំនួន​​ភោជនីយដ្ឋាន​​បន្ត​​កើន​​ឡើង​​ដែរ​​។

អ្នក​​គ្រប់​​គ្រង​​ទូទៅ​​នៃ​ភោជនីយ​ដ្ឋាន​​ Park​ Café​ លោក ចាន់ ស៊ី​ បាន​មាន​ប្រសាសន៍ថា​ ការ​កើនឡើង​នៃ​វិស័យ​អាហារ​និងភេសជ្ជៈ​ដែលផ្គត់ផ្គង់​ក្នុងភោជ​នីយដ្ឋាន​គឺសំដៅភាគ​ច្រើនទៅលើ​ តែ​អ្នក​ដែល​មាន​ចំណូល​មធ្យម​និង​យុវវ័យ​។ លោក​ក៏បាន​ប្រាប់​ទៀត​ថា​ ការ​បើក​ច្រក​ទ្វារ​ក្នុង​តំបន់​អាស៊ាន​សម្រាប់​សមាហរណកម្ម​សេដ្ឋកិច្ច​ដែល​នឹង​ធ្វើ​ឲ្យ​មាន​កំណើត​នៃតម្រូវ​ការ​និង​ការ​ប្រកួត​ប្រជែងកា​ន់តែ​ខ្លាំង​នោះ​ក៏បញ្ជាក់​ពីភាព​វិជ្ជមាន​នៃទីផ្សា​ភោជនីយ​ដ្ឋាន​​នៅ​កម្ពុជា​ដែរ។​

ទាំង​នេះ​គឺជា​សញ្ញា​ដ៏​វិជ្ជមាន​បំផុត​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ភោជ​នីយដ្ឋាន​បើទោះបីជា​មានការប្រកួត​ប្រជែង​យ៉ាងខ្លាំង​ពីយីហោភោជនីយដ្ឋាន​ល្បីៗ​មកពី​បរទេសក៏ដោយ។​ នេះបើ​យោងតាមការ​សន្និដ្ឋាន​របស់​អ្នក​សរសេរ​របាយការណ៍​ស្ទង់​មតិខាង​លើ៕​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ