កម្ពុជា

សាលា​ក្រុងភ្នំពេញ និង​ធនាគារអភិវឌ្ឍន៍​ជនបទ​បញ្ចេញ​អង្ករលក់

សាលា​ក្រុងភ្នំពេញ និង​ធនាគារ​អភិវឌ្ឍន៍​ជនបទ​បញ្ចេញ​អង្ករលក់
សាលា​ក្រុងភ្នំពេញ និង​ធនាគារ​អភិវឌ្ឍន៍​ជនបទ​បញ្ចេញ​អង្ករលក់ ©ចាន់ណា

សាលា​ក្រុងភ្នំពេញ និង​ធនាគារ​អភិវឌ្ឍន៍​ជនបទ​គ្រោង​នឹង​បញ្ចេញ​អង្ករ​លក់​នៅ​ថ្ងៃ​អាទិត្យ ទី១៦ តុលា​ស្អែក​ក្នុង​ទីតាំង​៦​កន្លែង​ខុសគ្នា​នៅ​ទីក្រុង​ភ្នំពេញ។ វិធានការ​របស់​សាលា​ក្រុងភ្នំពេញ​នៅ​ពេល​នេះ​​​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​​​ឈ្មួញ​​បាន​ក្រឡុក​ហាងឆេង​អង្ករ​ ក្នុង​ខណៈពេល​មាន​ទឹក​ជំនន់។ ក្នុង​អំឡុង​ពេល​តែ​២​សប្តាហ៍​ប៉ុណ្ណោះ អង្ករនាងម៉ិញ​បាន​ឡើង​ថ្លៃ​ចំនួន ៥០០​រៀល​ក្នុង​១​គីឡូក្រាម។

ផ្សាយពាណិជ្ជកម្ម

ទីតាំង​លក់​អង្ករ​ចំនួន​៦​កន្លែង​ខុសគ្នា​នៅ​ទីក្រុង​ភ្នំពេញ​នឹង​បើក​អោយ​ដំណើរការ​ចាប់​ពី​ថ្ងៃ​ស្អែក នៅ​វេលា​ម៉ោង​៧​កន្លះ​ព្រឹក។ ទីតាំង​ទី១​ស្ថិត​នៅ​​មុខ​វត្តបទុមវតី​​ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ។ ទីតាំង​ទី​២​ស្ថិត​នៅ​ក្នុង​បរិវេណ​ផ្សាររាត្រី​ក្នុង​សង្កាត់​ផ្សារចាស់​ ខណ្ឌ​ដូនពេញ។ ទីតាំងទី៣​ស្ថិត​នៅ​មុខ​ស្ថានីយ៍​រថភ្លើង​​ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ។ ទីតាំង​ទី​៤​ស្ថិត​នៅ​ក្នុង​ផ្សារ​ច្បារអំពៅ សង្កាត់​ផ្សារច្បារអំពៅ២​ ​ខណ្ឌ​មានជ័យ។ ទីតាំង​ទី​៥​ស្ថិត​នៅ​ក្នុង​សាលា​សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ និង​ទីតាំង​ទី៦​ស្ថិត​នៅ​ក្នុង​ផ្សារ​ជម្ពូវ័ន សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ។

ការ​បញ្ចេញ​អង្ករ​លក់​នៅ​ពេល​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ឈ្មួញ​ឱកាស​និយម​មួយ​ចំនួន​បាន​ដំឡើង​ថ្លៃ​អង្ករ ​នៅ​គ្រា​មាន​ទឹក​ជំនន់​។ នៅ​ក្នុង​សេចក្តីប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សៅរ៍​នេះ លោក​អភិបាល​ក្រុងភ្នំពេញ កែប ជុតិមា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​អង្ករ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ អោយ​ទៅ​ទិញ​នៅ​ក្នុង​ទីតាំង​ដែល​បាន​កំណត់​ខាង​លើ។ ប៉ុន្តែ​សាលាក្រុង​ភ្នំពេញ​មិន​បាន​បញ្ជាក់​ប្រាប់​ពី​តម្លៃ​អង្ករ​នៅ​ឡើយ​ទេ។

សូម​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​២​សប្តាហ៍​ចុង​ក្រោយ​នេះ​ តម្លៃ​អង្ករ​ត្រូវ​បាន​ឈ្មួញ​ដំឡើង​ថ្លៃ​ចំនួន ៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម។​ ជាក់ស្តែង កាល​ពី​២សប្តាហ៍​មុន ពោល​គឺ​មុន​ពេល​ដែល​ស្ថានការណ៍​ទឹកជំនន់​មិន​ទាន់​ធ្ងន់ធ្ងរ អង្ករ​នាងម៉ិញ​មាន​តម្លៃ ២ ១០០​រៀល​ក្នុង១​គីឡូក្រាម​​សម្រាប់​ការ​លក់​ចេញ។ ប៉ុន្តែ​នៅ​ថ្ងៃ​សៅរ៍​នេះ តម្លៃ​អង្ករ​នាងម៉ិញ​ត្រូវ​បាន​គេ​លក់​ចេញ​ក្នុងតម្លៃ ២ ៦០០​រៀល​​នៅ​​ទីក្រុង ភ្នំពេញ។

អ្នក​លក់​អង្ករ​នៅ​ទីក្រុង​ភ្នំពេញ​បាន​និយាយ​ថា ក្នុង​រយៈពេល​តែ​១​ម៉ោង​ប៉ុណ្ណោះ តម្លៃ​អង្ករ​កើន​ឡើង​ពី ២ ឬ​៣​ដង​ក៏​មាន​ដែរ។ អង្ករ​ឡើង​ថ្លៃ​នៅ​ពេល​នេះ មាន​ហេតុផល​៣​យ៉ាង​សំខាន់ៗ។
ទី១៖គឺ​ដោយសារ​​ការ​សម្រុក​ទិញ​ពី​ឈ្មួញ​ថៃ​ និង​ឈ្មួញ​វៀតណាម​។ ប្រទេស​ទាំង​ពីរ​នេះ​កំពុង​ប្រឈម​មុខ​នឹង​ទឹក​ជំនន់​ដូច​កម្ពុជា​ដែរ។ ទី២៖​គឺ​ដោយសារ​កំណើន​នៃ​ការ​ទិញ​អង្ករ​សម្រាប់​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ និង​ទី៣​គឺ​ដោយសារ​ការ​ក្រឡុក​ហាងឆេង​ពី​សំណាក់​ឈ្មួញ​ឱកាស​និយម​​មួយ​ចំនួន​ដែល​កេង​ចំណេញ​ពី​សភាពការណ៍​ទឹក​ជំនន់។

តួលេខ​ចុងក្រោយ​បាន​បញ្ជាក់​ថា ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១១​នេះ​បាន​សម្លាប់​មនុស្ស​​​ជិត​២៥០​នាក់​ និង​ប៉ះពាល់ស្រូវ​សន្ទូង​ជិត​៤​សែន​ហិកតា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI