អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វិបត្តិ​នយោបាយ៖ បក្ស​កាន់អំណាច​ខាត​ប្រជា​ប្រិយភាព​ច្រើន​ជាង​បក្ស​ប្រឆាំង

សំឡេង ០៥:១៦
ស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ (ស្តាំ) និងគណបក្សប្រជាជនកម្ពុជា (ឆ្វេង)។
ស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ (ស្តាំ) និងគណបក្សប្រជាជនកម្ពុជា (ឆ្វេង)។
ដោយ៖ ប៉ែន បូណា
២៨ នាទី

គិត​ចាប់តាំងពី​ថ្ងៃទី២៨កក្កដា​ឆ្នាំ ២០១៣ រហូតមកដល់​ពេលនេះ រយៈពេល​ជាង៩ខែ​បាន​កន្លង​ផុត​ទៅហើយ។ រយៈពេល​ជិត​មួយឆ្នាំ​កន្លង​ទៅនេះ​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ដំណាក់​កាល​ដ៏​ស្មុគស្មាញ​ក្នុង​វិបត្តិ​នយោបាយ​ដោះស្រាយ​មិន​ចេញ។ ពិតណាស់ថា​ជម្លោះ​នេះ​គ្មាន​អ្នកណា​ទទួលបាន​ផលចំណេញ​ទេ ប៉ុន្តែ នៅ​លើ​ទិដ្ឋភាព​នយោ​បាយ គណ​បក្ស​កាន់​អំណាច​ត្រូវ​គេ​មើល​ឃើញ​ថា ខាត​បង់​ប្រជា​ប្រិយភាព​ច្រើនជាង​បក្សប្រឆាំង។

ផ្សាយពាណិជ្ជកម្ម

ក្រោយពី​របូត​អស់២២កៅអី​ពី​ក្នុង​រដ្ឋសភា​ទៅ​ឲ្យ​គណបក្សប្រឆាំង រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​ស្គាល់​ចំណុច​ខ្សោយ​របស់​ខ្លួន​និង​បាន​ប្រញាប់​ដាក់ចេញ​នយោបាយ​កំណែទម្រង់​ជាច្រើន។ ក្នុង​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​ដំបូង​នៃ​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី៥កាលពី​ថ្ងៃទី ២៥ កញ្ញា​ឆ្នាំ ២០១៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​មន្ត្រី​របស់ខ្លួន​ឲ្យ​ផ្លាស់ប្តូរ​ឥរិយាបថ ហើយ​ត្រូវ​ដុះ​ជម្រះ​កម្អែល​ចាស់​ឲ្យ​ស្អាត​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​ថ្មី។

 

ប្រមុខ​រដ្ឋាភិបាល​ដែល​កាន់អំណាច​ជិត ៣០ ឆ្នាំ​ហើយ​ដែល​ហាក់​បាន​ស្គាល់​យ៉ាងច្បាស់​នូវ​ចំណុចខ្សោយ​របស់​មន្ត្រីក្រោមឱវាទ​នោះ​ក៏បាន​ព្រមាន​ទៀតថា ប្រសិនបើ​មន្ត្រី​ណា​មិន​ព្រម​ដុះក្អែល​ដោយ​ខ្លួនឯង​ទេ រដ្ឋាភិបាល​របស់លោក​នឹង​ចាប់​ដុះក្អែល​ឲ្យ​ឬក៏​ជម្រើស​ចុងក្រោយ​គឺ​ត្រូវ​ទទួល​ការព្យាបាល​ដែលមាន​ន័យ​ស្មើនឹង​ការដាក់ទណ្ឌកម្ម។បន្ថែម​ពីលើ​កំណែទម្រង់​វែង​អន្លាយ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ចំណាយពេល​ជាង៦ម៉ោង​ដើម្បី​អាន​ឲ្យ​មន្ត្រី​របស់ខ្លួន​ស្តាប់​នោះ ប្រមុខ​រដ្ឋាភិបាល​ក៏បាន​ព្រមាន​ឲ្យ​ពួកគេ​ដាក់ខ្លួន​ឲ្យ​កៀក​នឹង​ប្រជាពលរដ្ឋ​ផងដែរ។

ប៉ុន្តែ រហូតមកទល់​ពេលនេះ រដ្ឋាភិបាល​ថ្មី​មន្ត្រី​ចាស់​ហាក់​នៅ​មិនទាន់​បានធ្វើ​អ្វី​ជា​ដុំកំភួន​ដើម្បី​សម្រេច​គោលដៅ​កំណែទម្រង់​របស់ខ្លួន​នៅឡើយ។ បញ្ហា​ចាស់​ជាច្រើន​ដូចជា​ជម្លោះ​ដីធ្លី ការកាប់បំផ្លាញ​ព្រៃឈើ​និង​បញ្ហា​ចាក់ស្រេះ​នៅឯ​មូលដ្ឋាន​ជាច្រើន​ទៀត​នៅតែ​ជា​បច្ចុប្បន្ន​ភាព​​ក្តៅគគុក​នៅឡើយ។ ចាប់ពី​ចុងខែ​កក្កដា​ឆ្នាំ ២០១៣ មកដល់​ដើមខែ​មករា​ឆ្នាំ ២០១៤ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចំណាយធនធាន និង​កម្លាំង បញ្ញា ស្មារតី ស្ទើរ​ទាំងស្រុង​ដើម្បី​ទប់ទល់​នឹង​ចលនា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ចាប់ពី​ក្រោយ​អំពើហិង្សា​ថ្ងៃទី២និង​ទី៣មករា​មកដល់​បច្ចុប្បន្ន បាតុកម្ម​ត្រូវបាន​ហាមឃាត់​ទាំងស្រុង។ ក៏ប៉ុន្តែ ការប្រយ័ត្នប្រយែង​ខ្លាំងពេក​របស់​គណបក្ស​កាន់អំណាច​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គណបក្ស​នេះ​ប្រើ​វិធានការ​ហួសហេតុ​មួយចំនួន​ដូចជា ការបិទ​ខ្ទប់​ទីលាន​ប្រជាធិប​តេយ្យ​រួមទាំង​ការជួបជុំ​សម្តែង​មតិ​តាម​ទីសាធារណៈ​ផ្សេងទៀត។ អ្វីដែល​គណបក្ស​កាន់អំណាច​ព្រួយបារម្ភ​ខ្លាំង​គឺ​ការវិល​មកវិញ​នូវ​ចលនា​បាតុកម្ម​ដែល​គណបក្ស​នេះ​មើល​ឃើញ​ថា​​មាន​ចរិត​ផ្តួលរំលំ។

ក្តី​ព្រួយបារម្ភ​នេះ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ហួសហេតុ៖ កុំថាឡើយ​ដល់​ទៅ​ការ​ជួបជុំ​ធ្វើបាតុកម្ម សូម្បីតែ​មន្ត្រី​បក្សប្រឆាំង​ម្នាក់​ក៏​មិនអាច​ដើរចូល​ទីលាន​ប្រជាធិបតេយ្យ​បាន​ដែរ។ លើសពីនេះ កងសន្តិសុខ​របស់​អា​ជ្ញា​ធ​រតែង​វាយ​បង្ក្រាប​ទៅលើ​ក្រុមអ្នកតវ៉ា​នានា​ដែល​ប៉ុនប៉ង​ចូលទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ។ ជា​ញឹក​ញា​យ​អ្នកកាសែត​និង​អ្នក​សង្កេត​ការណ៍​​សង្គម​ស៊ីវិល​មួយចំនួន​ក៏​រង​ការវាយដំ​ផងដែរ។

ស្ថានភាព​នេះ​បានធ្វើ​ឲ្យ​បក្ស​កាន់អំណាច​ទទួលរង​ការរិះគន់​ពី​សាធារណៈមតិ​ជាតិ​និង​អន្តរជាតិ​និង​បានធ្វើ​ឲ្យ​មាន​កំហឹង​កាន់តែខ្លាំង​ក្នុងចំណោម​ក្រុមអ្នកតវ៉ា។ ដូច្នេះ គេ​អាច​និយាយបានថា រហូតមកដល់​ពេលនេះ គណបក្ស​ប្រជាជន​កម្ពុជា​ហាក់ដូចជា​រវល់​ខំប្រឹង​ទប់ខ្លួន​ច្រើនជាង​ខំប្រឹង​សម្រេច​នយោបាយ​កំណែទម្រង់​ដែល​បាន​ដាក់ចេញ។

ងាក​ទៅ​មើល​គណបក្ស​សង្គ្រោះ​ជាតិ​វិញ គណបក្ស​នេះ​ក៏មាន​ចំណុច​ប្រឈម​ខ្លាំង​ដែរ​ក្នុងអំឡុងពេល​នៃ​វិបត្តិ​នយោបាយ។ ការទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ​ដែលជា​ការសន្យា​ដ៏​ឧឡា​រឹក​បំផុត​ចំពោះមុខ​ម្ចាស់ឆ្នោត​នៅ​មិនទាន់​សម្រេចបាន​ផល​អ្វី​ទេ។ រីឯ​ការធ្វើ​បាតុកម្ម​ដែលជា​មធ្យោបាយ​ដ៏​សំខាន់​ក្នុង​ការដាក់​សម្ពាធ​ទៅលើ​បក្ស​កាន់អំណាច​ក៏​លែង​អាចធ្វើ​បាន​ទៀត​ដែរ។

ក្រៅពីនោះ ការសន្យា​ជាច្រើន​ទៀត​ដែល​គណបក្ស​នេះ​បានធ្វើ​ជាមួយ​កម្មករ​និង​សហគមន៍​ដែលមាន​ទំនាស់​ដីធ្លី​ជាដើម​ក៏​មិន​អាចជួយ​អ្វី​ពួកគេ​បានដែរ។ នេះ​នៅ​មិនទាន់​រាប់​ការ​ខាត​បង់​​ផ្នែក​ហិរញ្ញវត្ថុ​ជាច្រើន​របស់​តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំង ៥៥ នាក់​ដែល​ខកខាន​មិនបាន​បើក​ប្រាក់ខែ​ដោយសារតែ​ពហិការ​មិន​ចូល​សភា​នោះ​ផង​ទេ។ ស្ថានភាព​នេះ​ពិតជា​បង្ក​ឲ្យ​មាន​អ្នកខកចិត្ត​ជាក់​ជាមិនខាន។

សរុប​មកវិញ ស្ទើរតែ​ពេញ​មួយឆ្នាំ​ដំបូង​ក្រោយ​ការបោះឆ្នោត គណបក្ស​ទាំង​ពីរបាន​ចំណាយ​ថាមពល ធនធាន និង​កម្លាំង​បញ្ញា​ស្មារតី​ស្ទើរ​ទាំងស្រុង​ដើម្បី​ប្រយុទ្ធ​គ្នា​ខាង​នយោបាយ​ដោយ​គ្មាន​ពេលវេលា​បាន​គិតគូរ​ដោះស្រាយ​បញ្ហា​ជាតិធំៗឡើយ។ នេះ​ជាការ​ខាតបង់​គួរ​ឲ្យ​សោកស្តាយ​សម្រាប់​ប្រទេសជាតិ​និង​ប្រជាជន​ខ្មែរ​ទូទៅ។

ប៉ុន្តែ បើ​និយាយ​ពី​ប្រជាប្រិយភាព​នយោបាយ​វិញ ស្ថានភាព​បែបនេះ​ហាក់​បានផ្តល់​ផល​ចំណេញ​​ដល់​បក្សប្រឆាំង​ច្រើនជាង​បក្ស​កាន់អំណាច។ វា​គ្មានអ្វី​ពិបាក​យល់​ទេ ប្រសិនបើ​បក្ស​កាន់អំណាច​មិនបាន​សម្រេច​កំណែទម្រង់​អ្វី​ថ្មី​ទេនោះ ប្រជាប្រិយភាព​នឹង​ធ្លាក់​ទៅលើ​បក្សប្រឆាំង​ជា​ស្វ័យប្រវត្តិ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ