កម្ពុជា-នយោបាយ

លោក សម រង្ស៊ី អំពាវនាវ​កុំ​ឲ្យ​សមាជិក​បក្ស​ប្រឆាំង​ចុះ​ចូល​ជា​មួយ​បក្ស​កាន់​អំណាច

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​។
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​។ REUTERS/Romeo Ranoco/

ពី​ទី​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ នៅ​ព្រឹក​នេះ បានអំពាវនាវ​ឲ្យ​សកម្មជន​ និង​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ បន្ត​រួម​រស់ និង​ស្មោះ​ស្ម័គ្រ​ជាមួយ​គណ​បក្ស​ បើ​ទោះ​បី​ជា​បក្ស​សង្រ្គោះ​ជាតិ កំពុង​រង​បណ្តឹង​រំលាយ​បក្ស​នៅ​តុលា​កំពូល​ក៏​ដោយ។ ការ​អំពាវនាវ​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​ចំ​ពេល លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រកាស​តែង​តាំង​លោក ឡុង ប៊ុន្នី ដែលចុះ​ចូល​បក្ស​កាន់​អំណាច​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​វីដេអូ​ខ្លីប​រយៈ​ពេល​ជិត​៧ នាទី ដោយ​មាន​វត្តមាន​អ្នក​គាំទ្រ និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះជាតិ​ផង​នោះ លោក សម រង្ស៊ី ចាត់​ទុក​ថា ការ​ឃោសនា​អូស​ទាញ​សមាជិក សមាជិកា និង​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង របស់​គណបក្ស​កាន់​អំណាច ក្រោម​ហេតុផល​ថា គណបក្ស​នេះ​នឹង​ត្រូវ​រំលាយនា​ពេល​ខាង​មុខ​នេះ គឺ​ជា​ទង្វើ​ដែល​មិន​អាច​ទទួល​យក​បាន​។ តាម​រយៈ​វីដេអូ​ខ្លី​ដដែល លោក សម រង្ស៊ី ជឿ​ជាក់​ថា គណបក្ស​សង្រ្គោះ​ជាតិ នឹង​នៅ​តែ​ឈរ​រឹង​មាំ និង​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ សមាជិក សមាជិកា បន្ត​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​ តទៅទៀត។ ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី យ៉ាង​ដូច្នេះ ធ្វើ​ឡើងក្រោយ​ពេល​ដែល​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា តាម​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ ចុះ​ចូលជាមួយ​បក្ស​កាន់​អំណាច ជា​ថ្នូរ​នឹង​ការ​ធានា​រក្សា​តួនាទី​របស់​សមាជិកបក្ស​ប្រឆាំង​នៅ​ដដែល នៅ​ពេលគណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​។ យ៉ាង​ណា​ក៏ដោយ សម្រាប់ អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ អះ​អាង​ថា សម្ពាធ​ពី​សហគមន៍​អន្តរជាតិ នឹង​រារាំង​មិន​ឲ្យ​រដ្ឋាភិបាល​រំលាយ​គណ​បក្ស​ប្រឆាំង​ដ៏​ធំជាង​គេ​នៅ​កម្ពុជា​នេះ​បាន​ឡើយ​។

លោក​ សម រង្ស៊ី ថ្លែង​ទៀត​ថា បើ​សិន​ជា​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​មែន​នោះ សហគមន៍​អន្តរជាតិ​នឹង​ដាក់​សម្ពាធ​លើ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល តាមរយៈ​ការ​បិទ​ផ្តល់​ទិដ្ឋិការ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន រួម​ទាំង​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ជា​ដើម​ ។ យ៉ាង​ណា​ក៏​ដោយ អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ រូប​នេះ អះអាង​ថា សម្ពាធ​ពី​សហមន៍​អន្តរជាតិ​នោះ មិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ឡើយ​។

ភ្លាមៗ​ក្រោយ​ការ​លើក​ឡើង​នេះ លោក ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្រ្តី នា​ព្រឹក​ថ្ងៃ​ទី ២៧ តុលា នេះ បាន​ថ្លែង​ថា អធិបតេយ្យ​ភាព​កម្ពុជា គឺ​ជា​អាទិភាព​ ដែល​ត្រូវ​តែ​ការពារ​ឲ្យ​បាន​ទោះ​តម្លៃ​ណាក៏​ដោយ បើ​ទោះ​បីជា​មាន​ការ​គំរាម​ដាក់​ទណ្ឌកម្ម​ពី​បរទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI