កម្ពុជា-វប្បធម៌

ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​

ប្រាសាទសំបូរព្រៃគុក ដែលត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ៨ កក្កដា ឆ្នាំ ២០១៧។
ប្រាសាទសំបូរព្រៃគុក ដែលត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ៨ កក្កដា ឆ្នាំ ២០១៧។ @គេហទំព័រយូណេស្កូ

នា​យប់​ថ្ងៃ​ទី ០៨ កក្កដា រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក នៅ​ទីក្រុង​Krakow ប្រទេស​ប៉ូឡូញ ។ ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ ព្រោះ​ថា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ រួម​ទាំង​ភាគី​ពាក់​ព័ន្ធ បាន​ត្រៀម​ឯកសារ​ជា​ច្រើន ដើម្បី​ដាក់ទៅ​អង្គការ​យូណេស្កូ រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

ផ្សាយពាណិជ្ជកម្ម

ការ​សម្រេច​ដាក់​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃ​គុក​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំកំពូល​លើក​ទី​៤១ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​ ដែល​រៀប​ចំ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ១២ កក្កដា មាន ១៩៣ ប្រទេស​ជា​សមាជិក និង ២១ ប្រទេស​ជា​គណៈកម្មាធិការ​អចិ​ន្ត្រៃយ៍​។

ក្នុង​នាម​ជា​សាស្ត្រាចារ្យ​ខាង​បុរាណវិទ្យា និង​ប្រវត្តិ​សិល្បៈ​អាស៊ី​អាគ្នេយ៍ លោក​បណ្ឌិត ចិន្ត ច័ន្ទរតនា បាន​សម្តែង​ក្តី​រំភើប​រីក​រាយ​ចំពោះ​ការ​ដាក់​បញ្ចូល​នេះ ព្រោះ​លោក​យល់​ថា ​នឹង​ធ្វើ​ឲ្យ​ពិភព​លោក​ស្គាល់ខ្មែរ​កាន់​តែ​ច្បាស់។ លោក បាន​ពន្យល់​ថា តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ស្ទឹង​សែន និង​មាន​ចម្ងាយ​ជាង ២០០​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ គឺ​ជា​អតីត​រាជ​ធានី​ឦសានបុរៈ​របស់​ កម្ពុជា​នៅមុន​សម័យ​អង្គរ នៅ​ចន្លោះ​សតវត្សរ៍​ទី​៦ ដល់​សតវត្សរ៍​ទី៧។

ជា​រាជធានី​នៃ​អាណាចក្រ​ចេនឡា​មាន​លក្ខណៈ​ពិសេស​ជាច្រើន ដែល​ខុស​ប្លែ​ក​ពី​ប្រាសាទ​នា​នា។​ តួ​ប្រាសាទ​របស់​ប្រាសាទ​នេះ ភាគ​ច្រើន​កសាង​អំពី​ឥដ្ឋ និង​មាន​តួ​រហូត​ទៅ​ដល់ ៨ ជ្រុង ដែល​មិន​មាន​ទេ​ក្នុង​សិល្បៈ​ខ្មែរ​សម័យ​ក្រោយ និង​នៅ​តាម​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​សម័យ​កាល​នោះ​។

បើ​និយាយ​ពី​ចម្លាក់​វិញ ត្រូវ​បាន​អ្នក​សិក្សា​ស្រាវ​ជ្រាវ អះអាង​ថា មាន​លក្ខណៈ​ខ្មែរ​ច្រើន​ជាង​ឥណ្ឌា បើទោះ​ជា​កាល​ពី​សម័យ​មុន​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា​ក៏​ដោយ។ ចំណែក​គំរូ​ស្ថាបត្យកម្ម ចម្លាក់​តុប​តែង​លម្អ​លើ​ជញ្ជាំង និង​ផ្តែរ​ទ្វារ​ជា​ប្រភព​ព័ត៌មាន​ដ៏​សំបូរ​បែប​ពី​គំនិត និង​ជំនឿ​នៃ​ការ​ប្រណិប័តន៍​បត្តិសាសនា​នា​សម័យ​ចេន​ឡា​។

​អ្នក​សិក្សា​ស្រាវជ្រាវ បាន​ចុះ​បញ្ជី​ប្រាសាទ និង​រចនា​សម្ព័ន្ធ​សំណង់​ប្រាសាទ​ចំនួន​ជិត​៣០០ ក្នុង​តំបន់រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក។ ដែល​មាន​បួន​ក្រុម​ធំ​គឺ ប្រាសាទ​របង​រមាស ប្រាសាទ​រណប កំពែង​ក្រុង និង​ក្រុម​ប្រាសាទ​សំខាន់​ បី​ទៀត គឺ​ប្រាសាទ​សំបូរ យាយ​ព័ន្ធ និង​ប្រាសាទ​តោ។ ក្រុម​ប្រាសាទ​ទាំងនោះ​ សាង​សង់​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា​។

នៅ​ដើម​សតវត្ស​ទី ២០ រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃគុក​ ត្រូវ​បាន​សិក្សា​ស្រាវ​ជ្រាវ និង​អភិរក្ស​ដោយជំនាញ​ការ​បារាំង។ នៅ​ឆ្នាំ​ ១៩៩៨ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​បាន​ចាប់​ផ្តើម​ការ​ស្តារ​និង​ការ​អភិរក្ស​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក​ឡើង​វិញ បន្ទាប់​ពី​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ទទួល​រង​គ្រោះ​យ៉ាង​ដំណំដោយ​សារ​ការ​ទម្លាក់​គ្រាប់​បែក។ រហូត​មក​ទល់​ពេល​នេះ ក្រសួង​វប្បធម៌ បាន​បង្កើត​សហគមន៍​ដើម្បីចូល​រួម​ក្នុង​ការងារ​ជួស​ជុល ធ្វើ​កំណាយ ការ​ការពារ និង​ការ​ផ្តល់​សេវា​ទេសចរ​ជា​ប្រចាំ​។

សូម​ជម្រា​ជូន​ថា រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក បាន​ក្លាយ​ជា​តំបន់​ប្រវតិ្តសាស្រ្ត​ទី​៣ របស់​កម្ពុជា ដែល​ត្រូវ​បាន​ចុះ​នៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក បន្ទាប់​ពី​ប្រាសាទ​អង្គ​វត្ត ត្រូវ​បាន​ដាក់បញ្ចូល​នៅ​ក្នុង​បញ្ជី​នៅ​ឆ្នាំ​ ១៩៩២ និង​ប្រាសាទ​ព្រះវិហារ​ នៅ​ឆ្នាំ​ ២០០៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI