កម្ពុជាស្នើអោយចិនបង្ហាញភស្តុតាងស្តីពីការឃាត់ខ្លួនជនជាតិបារាំង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំណុំរឿងចាប់ខ្លួនពលរដ្ឋបារាំង Patrick Devillersនៅភ្នំពេញកំពុងធ្វើអោយកម្ពុជាស្ថិតក្នុងស្ថានភាពលំបាកមួយរវាងចិននិងបារាំងដែលជាមិត្តជិតស្និទ្ធទាំងពីរ។ ដោយសារតែបារាំងទាមទារអោយកម្ពុជាបង្ហាញមូលហេតុច្បាស់លាស់នៃការចាប់ឃុំខ្លួនពលរដ្ឋខ្លួននេះ កម្ពុជាក៏ទាមទារអោយចិនដែលស្នើអោយមានការចាប់ខ្លួននេះ បង្ហាញភស្តុតាងជាក់លាក់ដែរនៅពេលដែលអាជ្ញាធរចិនគឺជាអ្នកស្នើអោយកម្ពុជាចាប់ខ្លួនពលរដ្ឋបារាំង Patrick Devillers។
រដ្ឋាភិបាលបារាំង បានទាមទារអោយកម្ពុជាបង្ហាញមូលហេតុផ្លូវច្បាប់ជាក់លាក់ដែលបញ្ជាក់អំពីការចាប់ឃុំខ្លួនពលរដ្ឋបារាំងលោក Patrick Devillers នៅថ្ងៃទី១៣មិថុនានោះ។ទីភ្នាក់ងារព័ត៌មានបារាំង AFP បានផ្សាយអោយដឹងថា នៅពេលនេះកម្ពុជាក៏កំពុងស្នើអោយរដ្ឋាភិបាលចិនផ្តល់ភស្តុតាងច្បាស់លាស់ដែលបញ្ជាក់អំពីសំណើចាប់ខ្លួនស្ថាបត្យករបារាំងដែរ។ គឺចិនដែលជាអ្នកស្នើអោយកម្ពុជាចាប់ខ្លួនពលរដ្ឋបារាំងPatrick Devillers។
និយាយប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP អំពីករណីពលរដ្ឋបារាំងនោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយឯកខៀវ សុភ័គបានបញ្ជាក់ថា៖«ប្រសិនបើគ្មានភស្តុតាងច្បាស់លាស់ទេ គាត់នឹងត្រូវដោះលែង។ នៅកម្ពុជា គាត់ឥតមានបានប្រព្រឹត្តបទល្មើសអ្វីឡើយ»។
ជនជាតិបារាំងរូបនេះ ត្រូវបានគេដឹងថាមានទំនាក់ទំនងស្និទ្ធជាមួយអតីតអ្នកនយោបាយជាន់ខ្ពស់ចិនដែលបាត់បង់អំណាចឈ្មោះ ប៉ូ ស៊ីឡៃ និងភរិយារបស់លោក។ លោកប៉ូ ស៊ីឡៃ ដែលជាអតីតសមាជិកការិយាល័យនយោបាយនៅទីក្រុងធំក្នុងភាគនិរតីរបស់ប្រទេសចិន ឈ្មោះ Chongqing កំពុងត្រូវបានស៊ើបអង្កេតនៅក្នុងសំណុំរឿងពុករលួយ។ រីឯភរិយារបស់លោកក៏ត្រូវចាប់ខ្លួនក្នុងសំណុំរឿងពាក់ព័ន្ធនឹងការស្លាប់អ្នកជំនួញជនជាតិអង់គ្លេសម្នាក់កាលពីឆ្នាំមុនដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ