កម្ពុជា-ទេសចរណ៍

ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​២០១៦ ​ទាក់​ទាញ​ទេសចរជាង ៦០ ម៉ឺន នាក់

@FB/PMHunSen

ពិធី​បុណ្យ​សមុទ្រ​រយៈ​ពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ២៣ ដល់​ថ្ងៃ​ទី ២៥ ខែ​ធ្នូ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​និង កម្សាន្ត ជាង ៦០ ម៉ឺន នាក់ ដោយ​នៅ​ក្នុង​នោះ ភ្ញៀវ​ទេសចរ ៣០ ភាគ​រយ គឺជា​ជន​ជាតិ​បរទេស។ ​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍ កត់​សម្គាល់​ថា ទិដ្ឋភាព​ទូទៅ​នៃបុណ្យ​សមុទ្រ​ឆ្នាំ​នេះ មាន​ភាព​ល្អ​ប្រសើរ​ច្រើន ទាំង​ការ​ថែរក្សា សន្តិសុខ និង សណ្តាប់ធ្នាប់ និង បរិស្ថាន។

ផ្សាយពាណិជ្ជកម្ម

 

ក្រសួង​ទេសចរណ៍ កាល​ពី​ល្ងាច​ម្សិល​មិញ បាន​ប្រកាស​ពី​ភាព​ជោគ​ជ័យ​នៃ​ការ​រៀប​ចំ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៥ ឆ្នាំ ២០១៦ នៅ​ខេត្ត​ព្រះសីហនុ។ លោក វ៉ាត់ ចំរើន ​អនុ​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជាអគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ ចូល​រួម​ទស្សនា និង កម្សាន្ត​ឆ្នាំ​នេះ​ច្រើន​លើស​ពី​ការ​រំពឹង​ទុក ដោយ​កាល​ពី​ឆ្នាំ ២០១៥ ពិធី​បុណ្យ​សមុទ្រ​ដែល​រៀប​ចំ​នៅ​ក្នុង​ខេត្ត​កំពត មាន​ភ្ញៀវ​ទេសចរ​ចំនួន​ត្រឹម​តែ​ នាក់  ម៉ឺន​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ ជុំវិញ​ប្រាក់​ចំណូល​ដែល​ទទួល​បាន​តាមរយៈ​ការ​ប្រារព្ធ​ពិធី​បុណ្យ​សមុទ្រ លោក វ៉ាត់ ចំរើន ឱ្យ​ដឹង​ថា គណៈកម្មាធិការ​រៀប​ចំ​ពិធី​បុណ្យ កំពុង​តែសិ​ក្សា និង បូក​សរុប​។ ចំណែក​ឯ​ទិដ្ឋភាព​ទូទៅ​នៃ​ការ​រៀប​ចំ​ពិធី​បុណ្យ​សមុទ្រ នៅ​ឆ្នាំ​ ២០១៦ នេះ ត្រូវ​បាន​ អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍ វាយ​តម្លៃ​ខ្ពស់​ថា មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ​។

លោក បន្ត​ថា ក្នុង​រយៈ​ពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២៥ ខែធ្នូ កង​កម្លាំង​សន្តិសុខ ចំនួន ៦ ពាន់ នាក់ ត្រូវ​បាន​ដាក់​ពង្រាយ ដើម្បី​យាម​កាម និង ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ​។ ចំណែក​ឯ ការ​ថែរក្សា​បរិស្ថាន វិញ អាជ្ញាធរ បាន​សហការ​ជាមួយ​យុវជន​ស្ម័គ្រ​ចិត្ត ដើម្បី​ជួយសម្អាត​នៅ​ទីតាំង​រៀប​ចំ​ពិធី​។

ទោះ​ជា​គ្រប់​យ៉ាង​ដំណើរ​ការ​ទៅ​ល្អ​ក៏​ពិត​មែន លោកវ៉ាត់ ចំរើន បាន​ទទួល​ស្គាល់​ថា ការ​ដំឡើង​ថ្លៃ​កន្លែង​ស្នាក់​នៅ​នេះ​ពិត​ជា​កើត​មាន​ឡើង​ប្រាកដ​មែន​ដោយសារ​តែ​តម្រូវការ​ច្រើន​តែការ​ផ្គត់​ផ្គង់​នៅ​មាន​កម្រិត​ទើប​ជា​ឱកាស​មួយ​ធ្វើ​ម្ចាស់​អាជីវកម្ម​ឆ្លៀត​ដំឡើង​ថ្លៃ។

ដោយ​ឡែក ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅ​ថ្ងៃ​ទី ទី២៦ ខែធ្នូ បាន​បញ្ជាក់​ថា រយៈពេល​៣​ថ្ងៃ នៃ​ពិធី​បុណ្យ​សមុទ្រ មាន​បទ​ល្មើស​ចំនួន​៥ បាន​កើត​ឡើង ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច ដែល​យាម​នៅ​តាម​គោលដៅ បាន​បង្ក្រាប​ទាំង​អស់ ដោយ​ធ្វើការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​១១​នាក់។ បទ​ល្មើស​ទាំង​៥​ករណី​នេះ មាន​លួច​៣​ករណី និងហិង្សា​ដោយ​ចេតនា​២​ករណី បណ្តាល​ឱ្យ​រង​របួស​ម្នាក់ ក្នុង​នោះ​បទ​ល្មើស​លួច​កម្លាំង​សមត្ថកិច្ចបង្ក្រាប​បាន​ជន​សង្ស័យ​៣​នាក់ និង​ហិង្សា​ដោយ​ចេតនា​បង្ក្រាប​បាន​ជន​សង្ស័យ​៨​នាក់ ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ ហើយ​ជន​សង្ស័យ​ទាំង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​។

សូម​បញ្ជាក់​ថា ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៥ នេះ បាន​ប្រារព្ធ​ធ្វើ​ឡើង ក្រោម​ប្រធាន​បទ «ទីក្រុងបៃតង-ឆ្នេរស្អាត-សមុទ្រ​ខៀវ​ស្រងាត់»  ដោយ​មាន​ការ​អញ្ជើញ​ជា​អធិបតីភាព​ប្រកាស​បើក ជាផ្លូវ​ការ​នៅ​យប់​ថ្ងៃ​ទី​២៤​ ខែធ្នូ ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI