កម្ពុជា

សមត្ថកិច្ច​ស្រុក​គីរីវង្ស​រឹត​បណ្តឹង​សន្តិសុខ​អ្នក​រត់កាត់​ស៊ី ​និង​អ្នក​ដំណើរ​មក​ភ្នំពេញ​

ក្រុម​សមត្ថ​កិច្ច​ចម្រុះ​កំពុង​ត្រួត​ពិនិត្យ​អ្នក​រត់ឡាន​តាក់​ស៊ី ​និងអ្នក​ដំណើរ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​មួយ​កន្លែង នៅ​ជាយ​ក្រុង​ភ្នំពេញ។
ក្រុម​សមត្ថ​កិច្ច​ចម្រុះ​កំពុង​ត្រួត​ពិនិត្យ​អ្នក​រត់ឡាន​តាក់​ស៊ី ​និងអ្នក​ដំណើរ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​មួយ​កន្លែង នៅ​ជាយ​ក្រុង​ភ្នំពេញ។ រូបថត@Tola Moeun

អ្នកបើករថយន្ត​តាក់ស៊ី និង​អ្នកដំណើរ​មួយចំនួន​នៅ​ឃុំ​ចំនួន​ពីរ ក្នុងស្រុក​គី​រី​វង្ស​ខេត្តតាកែវ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រារាំង មិន​ឲ្យ​បើក​ធ្វើ​​ដំណើរ​ នៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ២ មកកាន់​ទីក្រុង​ភ្នំពេញ។ សមត្ថកិច្ច​បាន​លើក​មូល​ហេតុថា គេ​បារម្ភ​ខ្លាច​មាន​ប្រជាពលរដ្ឋ​ចូលរួម​សមាជ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ហើយ​សមត្ថកិច្ច​ក៏​ប្រាប់​ផងដែរ​ថា ការរារាំង​នេះ​ ធ្វើឡើង ដើម្បី​ស្រាវជ្រាវ​រក​អាវុធជាតិផ្ទុះ។ នេះ​បើតាម​សាក្ខីកម្ម​​អ្នករត់​តាក់ស៊ី និង​អ្នកដំណើរ។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ធំ បាន​បិទ​បញ្ចប់​ កាលពី​ថ្ងៃ​សុក្រ គឺ​នៅ​ថ្ងៃអាទិត្យ​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​អ្នកធ្វើការងារផ្សេងៗនៅ​ទីក្រុង​ភ្នំពេញ បានចាប់ផ្តើម​វិលត្រឡប់​មកពី​ស្រុកកំណើត នៅតាម​បណ្តា​ខេត្ត​នានា​វិញ​ហើយ។

 
ដោយឡែក​នៅតាម​ផ្លូវជាតិ​លេខ២ ចាប់ពី​ស្រុក​គី​រីរ​ង្ស ខេត្តតាកែវ មកកាន់​រាជធានី​ភ្នំពេញ ក្រុម​អ្នករត់​តាក់ស៊ី ក្នុង​ឃុំ​ចំនួន​ពីរ គឺ​ឃុំ ព្រៃ​អំពក និង​ឃុំ តា​អូ ដែល​ត្រូវ​ដឹក​អ្នកដំណើរ ពិសេស​កម្មក​រោងចក្រ​ មក​ធ្វើការ​នៅ​ភ្នំពេញ​វិញ​នោះ ត្រូវបាន​សមត្ថកិច្ច​ដាក់​រនាំង ដើម្បី​ស្ទាក់​ត្រួតពិនិត្យ​ជាច្រើន​កន្លែង ​រារាំង និង​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ។

លោក ចាន់ ធឿន អាយុ៣៥ឆ្នាំ អ្នករត់​តាក់ស៊ី​ពី​ស្រុក​គី​រី​វង្ស មកកាន់​ទីក្រុង​ភ្នំពេញ​បាន​សម្តែង​ការ​ងឿ​ង​ឆ្ងល់ ពេលដែល​ឃើញ​មាន​សមត្ថកិច្ច​ជាច្រើន​ក្រុម បាន​ស្ទាក់​រាំងផ្លូវ និង តាម​ច្រកចេញចូល​ មួយចំនួនទៀត នៅ​ម្តុំ​ផ្សារ​ទន្លាប់ នៅ​ផ្លូវជាតិ​លេខ​ពីរ។ លោក​បញ្ជាក់ថា សមត្ថកិច្ច​បាន​បញ្ជា​ឲ្យ​គាត់​ដឹក​អ្នកដំណើរ​ត្រឡប់ទៅផ្ទះរៀងៗខ្លួន​វិញ ដែល​អ្នកជិះ​ក្នុង​រថយន្ត​របស់លោក​ភាគច្រើន​ជា​កម្មករ ដោយ​ត្រូវ​ត្រឡប់​ចូលធ្វើការ​វិញ​ នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ។ លោក​បន្តថា សមត្ថកិច្ច​គ្រាន់តែ​ប្រាប់​លោក​ថា គេ​ទទួលបញ្ជារ​ពី​ថ្នាក់លើ ​មិន​ឲ្យ​អ្នករត់​ឡាន​ឈ្នួល​ដឹក​អ្នកដំណើរ​ទៅកាន់​ទីក្រុង​ភ្នំពេញ​វិញ​ទេ​ នៅថ្ងៃអាទិត្យ។ លោក​ថា នេះ​ជា​បទបញ្ជា​ដាច់ខាត។

លោក វ៉ាន់ ថា​ត កម្មករ​រោងចក្រ​ដែល​ជិះ​ក្នុង​រថយន្ត​នោះបាន​ប្រាប់ថា បើ​លោក​មិនបាន​ទៅដល់​ភ្នំពេញ​វិញ​នៅថ្ងៃនេះ លោក​មិនអាច​ចូលធ្វើការ​រោងចក្រ​វិញ​ឡើយ​ នៅ​ថ្ងៃស្អែក ហើយនឹង​ត្រូវ​ខាង​រោងចក្រ​កាត់លុយ​ឈ្នួល​របស់លោក១០ដុល្លារ​ ក្នុង​មួយថ្ងៃ។ ដូច្នេះ​វា ជាការ​ប៉ះពាល់​មួយ​ធ្ងន់ធ្ងរ​ដល់​ការងារ និង​ជីវភាព​របស់លោក។

អ្នករត់​ឡាន​ឈ្នួល​ម្នាក់ទៀត លោក ទៀង ហាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​រារាំង​ដែរនោះ បាន​ថ្លែងថា សមត្ថកិច្ច​បាន​និយាយប្រាប់​លោក​ដោយ​ត្រង់​ថា ពួកគេ​ទទួលបញ្ជា​ពី​ថ្នាក់លើ​ឲ្យ​ឃាត់​អ្នកដំណើរ និង​អ្នករត់​តាក់ស៊ី មិន​ឲ្យ​ចេញពី​ភូមិ​ ទៅកាន់​ទីក្រុង​ភ្នំពេញ​ឡើយ។ សមត្ថកិច្ច​បាន​ប្រាប់​លោក​ថា  ការរារាំង​នេះ​គឺ​បារម្ភ​ខ្លាច​អ្នកដំណើរ​ទាំងអស់​នោះ​ចូលរួម​ប្រជុំ​សមាជ​ប្រជាពលរដ្ឋ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវធ្វើឡើង​ នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ។
បើទោះបីជា​លោក ទៀង ហាក់ និង​អ្នកដំណើរ​ជា​កម្មករ​ចំនួន៥នាក់ បាន​ពន្យល់​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​ត្រូវ​ចូលធ្វើការ​នៅ​រោងចក្រ​វិញ ​នៅ​ថ្ងៃចន្ទ​ស្អែក ហើយ​បញ្ជាក់ថា មិន​ពាក់ព័ន្ធ​នឹង​ការជួបជុំ​របស់​គណបក្ស​ក៏ដោយ ក៏​ក្រុម​សមត្ថកិច្ច​មិន​អនុញ្ញាតដែរ។

យ៉ាងណាក៏ដោយ លោក សាយ ចន្ទី អធិការ​ស្តីទី​ស្រុក​គី​រីរ​ង្ស​បាន​ថ្លែង​ដោយ​ខ្លី​ថា នេះ​ជា​បទបញ្ជា​ដែល​លោក​ទទួល​ពី​ថ្នាក់លើ ឲ្យ​រឹតបណ្តឹង​សន្តិសុខ​ធ្វើដំណើរ​។
 

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ថ្លែង​ទទួលស្គាល់​ការលើកឡើង​ពី​ផលវិបាក​នៃ​ការធ្វើដំណើរ​បស់​ប្រជាពលរដ្ឋ​មែន ប៉ុន្តែ​លោក​បញ្ជាក់ថា សមត្ថកិច្ច​ត្រួតពិនិត្យ​ច្រើន​កន្លែង ​តាម​ដងផ្លូវ​នានា​នោះ​គឺ ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI