កម្ពុជា

បុគ្គលិក​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​បន្ត​បាតុកម្ម​នៅអាកាសយានដ្ឋាន

បុគ្គលិក អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​យ៉ាងហោចណាស់៧០នាក់​បន្តធ្វើ​បាតុកម្ម​រហូត​ដល់​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ទាមទារ​អោយមាន​ការ​គោរព​លក្ខ​ខណ្ឌ​ការងារ​៣​ចំនុច។ គ្មាន​ដំណោះស្រាយ​ណាមួយ​ត្រូវបាន​​រក​ឃើញ​​ឡើយ បើទោះជា​ក្រុមបាតុករ​​បាន​ព្យាយាម​បិទផ្លូវ​ចេញចូល ​បរិវេណ​អាកាសយានដ្ឋាន ហើយ​បង្ក​សំឡេង​គោះ​ធុង គោះ​ប៊ីដុង ស្រែក​ទាមទារ​ទ្រហឹងអឺងកង​ពេញ​អាកាសយានដ្ឋាន​យ៉ាងណាក៏ដោយ។

ទិដ្ឋភាពបាតុកម្មនៅក្នុងអាកាសយានដ្ឋានសៀមរាប
ទិដ្ឋភាពបាតុកម្មនៅក្នុងអាកាសយានដ្ឋានសៀមរាប រិទ្ធី
ផ្សាយពាណិជ្ជកម្ម

រហូតមកដល់​ល្ងាច​ថ្ងៃ​ចន្ទ ទី១៤ តុលា បុគ្គលិក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ៧០នាក់ បាន​បន្តធ្វើ​បាតុកម្ម ដោយ​គោះ​ធុង គោះ​ប៊ីដុង ស្រែក​ទាមទារ លក្ខខណ្ឌ​ការងារ ៣ ចំនុច ពាសពេញ​អាកាសយានដ្ឋាន។ នេះ​បើតាម​លោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​វិស័យ​ទេសចរណ៍​ប្រចាំខេត្ត​សៀមរាប។

លោក ម៉ម រិទ្ធី បន្តថា​លក្ខខណ្ឌ​ការងារ​បី​ចំនុច ដែល​ក្រុមកម្មករ និង សហជីព​ការងារ​អាកាសយានដ្ឋាន​កំពុងតែ​ទាមទារ​រួមមាន៖ទី១ អោយ​ក្រុមហ៊ុន​អនុវត្ត​កាំ​ប្រាក់ ដូចដែល​បានចែង​ក្នុង​អនុសញ្ញា​ឆ្នាំ ២០០៤។ ទី២ បញ្ឈប់​ការប្រើ​បុគ្គលិក​ខុសពី​ជំនាញ​​ ដែល​ផ្ទុយ​ពី​កិច្ចសន្យា និង ទី៣ អនុញ្ញាត​​ឲ្យ​បុគ្គលិក២នាក់​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ឲ្យ​ចូលធ្វើការ​ដូច​ធម្មតា​វិញ។

សូមបញ្ជាក់ថា មកដល់ពេលនេះ មិនទាន់មាន​ដំណោះស្រាយ​ណាមួយ​ពី​សំណាក់​ប្រធាន​ក្រុមហ៊ុន​ឡើយ។ ប៉ុន្តែ លោក​ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​វិស័យ​ទេសចរណ៍​ប្រចាំខេត្ត​សៀមរាប​បាន​ឲ្យ​ដឹងថា នៅ​ម៉ោង ៤ ល្ងាច​នេះ សមត្ថកិច្ច​បាន​ចរចារ​ជាមួយ​ក្រុមបាតុករ​ឲ្យ​បាតុករ​រំសាយ​​ដោយ​លើក​ហេតុផល​ថា ប្រធាន​ក្រុមហ៊ុន និង ចរចារ​ជាមួយ​បាតុករ​នៅ​ថ្ងៃទី ១៨ តុលា​ខាងមុខ។ យ៉ាងណាក៏ដោយ​បាតុករ​មិនបាន​រំសាយ​ភ្លាម​ឡើយ រហូតដល់​មានការ​ចុះ​កិច្ចសន្យា​យល់ព្រម​ទៅនឹង​ចំនុច​មួយចំនួន​ដែល​ក្រុមបាតុករ​ទាមទារ​ជាមុនសិន ទើប​ក្រុមបាតុករ​ព្រម​រំសាយ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI