កម្ពុជា

កំពង់​​​​​​ផែ​​ស្វយ័ត​ខេត្ត​ព្រះ​សីហនុ​មាន​ទំនិញ​ចេញ​ចូល​ជិត​៣លាន​តោន​ក្នុង​ឆ្នាំ​ ២០១៣​

កំពង់​ផែ​ស្វយ័ត​ ក្រុង​ព្រះ​សីហ​នុ​
កំពង់​ផែ​ស្វយ័ត​ ក្រុង​ព្រះ​សីហ​នុ​ pas

ជា​រៀងរាល់ឆ្នាំ​ទំនិញ​ចេញចូល​នៅ​កំពង់ផែ​ស្វ​យ័​ខេត្ត​ព្រះសីហនុ មាន​ជា​មធ្យម​ប្រមាណ ៣លាន​តោន​ក្នុង​មួយឆ្នាំ។ ក្នុង​ឆ្នាំ ២០១៣ នេះ គេ​រំពឹងថា ការនាំចេញ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ នឹងមាន​ចំនូន​ប្រមាណ ២ លាន ៨​សែន​តោន។ នេះ​បើតាម លោក លូ គឹមឈុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ។ ស្របពេល​ជាមួយគ្នានេះ គោលនយោបាយ​ជាតិ​ស្តីពី​កំពង់ផែ​ក៏​ត្រូវបាន​ផ្សព្វផ្សាយ​ផងដែរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ផ្សាយពាណិជ្ជកម្ម

នៅ កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ការ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ។ នៅក្នុង​ឆ្នាំ ២០១៣ នេះ​ការនាំ​ទំនិញ​ចេញចូល​មានការ​កើនឡើង ១០% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ២០១២ កន្លងទៅ។ ហើយ​គេ​រពឹង​ថា​ទំនិញ​ទាំងនោះ​អាច​កើនឡើង​ដល់ ២លាន ៨សែន​តោន ក្នុង​ឆ្នាំ២០១៣ នេះ​បើតាម លោក លូ គឹមឈុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ។

ស្រប​ពេល​ដែល​ទំនិញ​នាំចេញ​នាំចូល​មានការ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ក្រសួង​សាធារណការ និង ដឹកជញ្ជូន​បានរៀបចំ សិក្ខា​សាលា​មួយ​នៅ​ភ្នំពេញ​ដើម្បី​ផ្សព្វផ្សាយ​គោល​នយោបាយ​ជាតិ​ស្ដីពី កំពង់ផែ និង ការ​គ្រប់គ្រង​កំពង់ផែ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៧ តុលា​នេះ។ គោលនយោបាយ​ជាតិ ស្ដីពី​កំពង់ផែ និង ប្រព័ន្ធ​គ្រប់គ្រង​កំពង់ផែ ត្រូវ​បាន​អនុម័ត​ក្នុង​កិច្ច​កិច្ច​ប្រជុំ​ពេញអង្គ​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០១៣ កន្លងទៅ។
គោលនយោបាយ​ដែល​ទើបតែ​បង្កើត​ថ្មី​នេះ​ជា​កិច្ច​ខំប្រឹងប្រែង​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​អភិវឌ្ឍ និង ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សេវាកម្ម ដែល​មាន​ទំនុកចិត្ត​ពី​អ្នកប្រើប្រាស់ និង​រួម​ចំណែក​ការពារ​បរិស្ថាន ឲ្យ​សម​ស្រប​នឹង​ការ​ប្រកួត​ប្រជែង​ក្នុង​តំបន់។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ថា មកដល់​ពេលបច្ចុប្បន្ន​វិស័យ​កំពង់មាន​ការអភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់ពី​វិស័យ​មួយ​នេះ​ត្រូវបាន​បំផ្លាញ​យ៉ាងខ្លាំង​ខ្លា​ក្នុងសម័យ​ខ្មែរក្រហម។ ហើយ​ថា ការអភិវឌ្ឍ​នៃ​វិស័យ​អាច​ដំណើរការ​ទៅបាន ក្រោម​ជំនួយ​ឧបត្តម្ភ​នានា ដែលមាន​ដូចជា​ជំនួយ​ពី​សំណាក់​រាជ​រដ្ឋាភិបាល​ជប៉ុន​ជាដើម។

យ៉ាងណាក៏ដោយ លោក លូ គឹមឈុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បាន​និយាយថា បញ្ហា​ព័ត៌មានវិទ្យា និង អេឡិចត្រូនិក​មិនទាន់​ល្អឥតខ្ចោះ​នោះទេ ប៉ុន្តែ​ស្ថិតក្នុង​កម្រិត​មួយ​ដែល​អាច​ទទួលយកបាន។ លោក លូ គឹមឈុន ក៏បាន​បញ្ជាក់ដែរថា បញ្ហា​ដែល​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ កំពុង​ប្រឈម​គឺ​ការកកស្ទះ​ក្នុងការ​ទម្លាក់​ទំនិញ​នៅក្នុង​ថ្ងៃ​សុក្រ និង ថ្ងៃ​សៅរ៍។ ចំណែក​ថ្ងៃផ្សេងៗទៀត មិនមាន​ការកកស្ទះ​ទេ។

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​វិស័យ​កំពង់ផែ​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៩០។ ហើយ​គោល​នយោបាយ​ជាតិ ស្ដីពី​កំពង់ផែ និង ប្រព័ន្ធគ្រប់គ្រង​កំពង់ផែ​នេះ​គឺជា​សមិទ្ធិផល​ថ្មី​បំផុត ក្នុង​គម្រោង​ការសិក្សា​សម្រាប់​បង្កើត​គោល​នយោបាយ​ជាតិ​ស្ដីពី​កំពង់ផែ និង​ប្រព័ន្ធ​គ្រប់គ្រង​កំពង់ផែ​ដែល​បាន​អនុវត្តន៍​ចាប់ពី​ខែមីនា ឆ្នាំ២០០៩ ដល់​ខែវិច្ឆិកា២០១១។ សព្វ​ថ្ងៃនេះ ប្រទេស​ជប៉ុន កំពុង​តែ​ផ្ដល់​ជំនួយ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស និង បច្ចេកវិទ្យា មកដល់​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ដែល​ជំនួយ​នោះ​រួមមាន​ដូចជា សំភារបចេ្ចកទេស និង​អ្នក​បច្ចេកទេស​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI