សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យ១០នាក់ពីបទគ្រោងផ្តួលរំលំរដ្ឋាភិបាល
ចុះផ្សាយនៅថ្ងៃ៖
ជនសង្ស័យ១០នាក់ដែលជាសមាជិករណសិរ្សរំដោះជាតិខ្មែរដែលត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីយប់ថ្ងៃទី២២ តុលា និង ព្រឹកថ្ងៃទី២៣ តុលា ម្សិលមិញ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ រណសិរ្យរំដោះជាតិខ្មែរ បានអំពាវនាវឲ្យមានការដោះលែងសមាជិករបស់ខ្លួនជាបន្ទាន់ រីឯសង្គមស៊ីវិលដែលធ្វើការការពារសិទ្ធមនុស្សនៅកម្ពុជា បានត្រៀមមេធាវីសម្រាប់ជួយការពារក្តីឲ្យជនសង្ស័យទាំង១០នាក់នោះ។
នៅពេលនេះសមត្ថកិច្ចនគរបាលជាតិកំពុងធ្វើការស៊ើបអង្កេត និងសាកសួរជនសង្ស័យទាំង១០ នាក់នោះបន្ថែមទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ ជនសង្ស័យទាំងនេះ ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី២២ តុលា និង នៅព្រឹកថ្ងៃទី២៣តុលា នៅក្នុងខណ្ឌមានជ័យ និង ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចបានដកហូតភស្តុតាងមួយចំនួនពីជនសង្ស័យដូចជា ខិតប័ណ្ណ សៀវភៅ និង មួក ជាដើម ដែលសុទ្ធសឹងតែមានអត្ថន័យញុះញង់បង្កឲ្យមានអំពើហិង្សានៅក្នុងទីក្រុងភ្នំពេញ។ ជនសង្ស័យទាំង១០ នាក់នោះដែលភាគច្រើនមានមុខរបរជាកសិករ ត្រូវបានសមត្ថកិច្ចចោទប្រកាន់ពីបទគ្រោងធ្វើសកម្មភាពផ្តួលរំលំរដ្ឋាភិបាល។ ក៏ប៉ុន្តែតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ រណសិរ្យរំដោះជាតិខ្មែរ បានឲ្យដឹងថា សមាជិករបស់ខ្លួនទាំងនោះ មានគម្រោងរៀបចំធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាមក្នុងរាជធានីភ្នំពេញនៅថ្ងៃទី ២៣ តុលាឆ្នាំ២០១៤ ដើម្បីឲ្យប្រទេសវៀតណាមគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស២៣តុលា។
លោក គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា ជនសង្ស័យទាំងនោះនឹងត្រូវបញ្ជូនទៅកាន់តុលាការបន្ទាប់ពីសមត្ថកិច្ចបញ្ចប់ការសាកសួរ។ ប៉ុន្តែលោកមិនបានបង្ហាញទេថា នឹងត្រូវបញ្ចូនទៅនៅពេលណានោះឡើយ។
យ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការការពារសិទ្ធមនុស្សនៅកម្ពុជា បានត្រៀមមេធាវី ដើម្បីជួយការពារក្តីដល់ជនសង្ស័យ ប្រសិនបើមានការស្នើសុំ។ លោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ប្រសិនបើសាច់ញាតិរបស់ជនសង្ស័យត្រូវការមេធាវីនោះ អាដហុកបានត្រៀមរួចរាល់ហើយសម្រាប់ផ្តល់ឲ្យដើម្បីការពារក្តីឲ្យជនសង្ស័យ។
សម្រាប់លោកចាន់ សុវ៉េត ករណីចាប់ខ្លួននេះ អាចជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ហើយមើលតាមស្ថានភាពជនសង្ស័យទាំងនោះ ហាក់មិនស័ក្តិសមជាអ្នកមានគម្រោងផ្តួលរំលំរដ្ឋាភិបាលនោះទេ។
រណសិរ្យរំដោះជាតិខ្មែរ បានអំពាវនាវដល់ស្ថាប័នសិទ្ធិមនុស្សជាតិ និង អន្តរជាតិ រួមទាំងអង្គសហប្រជាជាតិផងដែរ ឲ្យជួយអន្តរាគមន៍ ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសមាជិកទាំង១០នាក់របស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ