កម្ពុជា-អភិវឌ្ឍ

លោកស៊ុន ចាន់ថុល៖ មន្ត្រី​មិន​ត្រូវ​ប្រកាន់​បក្ស​ពួក​ទេ ខណៈ​ដែល​បុគ្គល​៥០​នាក់​ត្រូវ​បាន​ដោះដូរ

@RFI

ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​នៅ​ថ្ងៃ​ទី​២៨ ធ្នូវនេះ បាន​បើក​សន្និបាត​បូក​សរុប​ការងារឆ្នាំ​២០១៦ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៧។ ថ្លែង​ទៅ​កាន់​មន្ត្រី​របស់​ខ្លួន​លោក​ស៊ុន ចាន់ថុល បាន​អំពាវ​នាវ​ឱ្យ​មន្ត្រី​របស់​ខ្លួន​បញ្ឈប់​ការ​ប្រកាន់​បក្ស​ពួក​អ្នក​នេះ បក្ស​ពួក​នាក់​នោះ​ហើយ​ត្រូវធ្វើ​ការ​ជាមួយ​គ្នា។ អ្នក​តាម​ដាន​សង្គម​បាន​លើក​ឡើង​ថា បញ្ហា​បក្ស​ពួក​និយម​នេះ គឺ​កើត​មានសឹង​គ្រប់​ក្រសួង​ទាំងអស់ ដែល​ជា​ឧបសគ្គ​ទំនើបកម្ម​រដ្ឋាភិបាល។

ផ្សាយពាណិជ្ជកម្ម

មុន​ថ្លែង​បិទ​អង្គ​សន្និបាត​ប្រចាំ​ឆ្នាំក្រសួង លោកស៊ុន ចាន់ថុល បាន​អំពាវនា​វឱ្យ​មន្ត្រី​ក្នុងក្រសួង​សាធារណៈការ​ទាំង​អស់​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា​ដោយ​សហការ​គ្នា ក្នុង​នាម​ជា​ក្រសួង​តែមួយ ហើយ​គ្មាន​ឡើយ​បក្ស​ពួក​ក្រុម​អ្នក​នេះ បក្ស​ពួក​ក្រុម​អ្នក​នោះ។ ទន្ទឹម​នឹង​ការ​អំពាវនាវ​នេះ លោក​រដ្ឋ​មន្ត្រី​ដែល​ទើប​ចូល​កាន់​ដំណែង​ក្នុង​រយៈ​ជាង​កន្លះ​ឆ្នាំ​មក​នេះ បាន​ផ្លាស់​ប្តូរ​តួនាទី ដំណែង​មន្ត្រី​មិន​តិច​ជាង​៥០​នាក់​នោះ​ទេ។ 

 
ការ​ផ្លាស់​ប្តូរ​តួនាទី ឬ​ក៏​ការ​ដំឡើង​ឋានៈ​សក្តិ​មួយចំនួន​នៅ​កម្ពុជា​គឺ​តាម​ពិត​ទៅ​មាន​ន័យ​ស្មើ​នឹង​ការ​ដក​ដំណែង​យ៉ាង​ដូច​នេះ​ដែរ​។ យ៉ាង​ណាក៏​ដោយ លោក ស៊ុន ចាន់ថុល ដែល​ជា​រដ្ឋ​មន្ត្រី​ទំនើប​កម្ម​បាន ជំរុញ​ឱ្យ​មន្ត្រី​របស់​ខ្លួន​ត្រូវ​កាត់បន្ថយ​ការ​ធ្វើ​ការ​បែប​ការិយា​ធិបតេយ្យ​ដែល​ត្រូវ​ឆ្លង​កាត់​មនុស្ស​ច្រើន​និង​ប្រើប្រាស់​ពេល​វេលាអត់​ប្រយោជន៍។ ក្រុម​អ្នក​តាម​ដាន​សង្គម​កម្ពុជា​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​គឺ​ជា​រដ្ឋាភិបាល​ដែល​មាន​ក្បាល​ធំ​សំពីង​សំពោង​មនុស្ស​ច្រើន និង​មិន​សូវ​មាន​ប្រសិទ្ធភាព​ការងារ​នោះទេ។​

យ៉ាង​ណា​ក៏​ដោយ​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សំណល់​មន្ត្រី​ចាស់ៗ​ពី​ការ​បង្រួប​បង្រួម​រដ្ឋាភិបាល​ចម្រុះ​តាំង​ពី​សម័យ​៩០ និង​២០០០​មក បាន​ប្រឹង​ប្រែង​ជ្រើស​រើស​មន្ត្រី​ថ្មីៗ ក្មេង​មាន​សមត្ថភាព​ដើម្បី​បំពេញ​តម្រូវ​ការ​ការងារ​ជាក់​ស្តែង​នា​ពេល​បច្ចុប្បន្ន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុម​អ្នក​តាម​ដាន​ការវិវឌ្ឍ​សង្គម​បាន​អះ​អា​ងថា ការ​មើល​ឃើញ​ចំណុច​សាមគ្គីភាព​នៃ​ក្រសួង​មួយ​នេះ គឺ​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​ដឹក​នាំ​ក្រសួង​មួយ​ដើម្បី​បម្រើ​ការងារ​ដោយ​មាន​ប្រសិទ្ធភាព​បំផុត​។

ទន្ទឹម​នឹង​នេះ​ដែរ លោក​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​ថា ការងារ​ក្នុង​ក្រសួង​មាន​ច្រើនណាស់​ហើយ ហើយ​ក៏​ហត់​ណាស់​ដែរ​ ប៉ុន្តែ​បើ​មន្ត្រី​មិន​ត្រូវ​គ្នា​ប្រកាន់​បក្ស​ពួក​ទៀត​គឺ​ជា​ការហត់​លើស​មួយ​កម្រិត​ទៀត។ យ៉ាង​ណា​ក៏​ដោយ លោក​រដ្ឋមន្ត្រី​បាន​អះអាង​ថា បញ្ហា​បក្ស​ពួកនិយម​ក្នុង​ក្រសួង​របស់​លោក​គឺ​មាន​តិច​តួច មិន​ធ្ងន់​ធ្ងរ​នោះ​ទេ។

គួរ​បញ្ជាក់​ថា ក្នុង​ពិធី​អង្គ​សន្និបាត​ក្រសួង​នេះ លោកស៊ុន ចាន់ថុល បាន​ប្រកាស​ពី​ភាពជោគជ័យ​នៃ​យុទ្ធនាការ​១០០​ថ្ងៃ​ក្រោយ​ការ​កាន់​អំណាច​នៅ​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន។ បន្ថែម​ពី​នេះ លោក​រដ្ឋ​មន្ត្រី​បាន​ប្រកាស​ជា​សាធារណៈ​នៅ​កិច្ចការ​សំខាន់​មួយ​ចំនួន​សម្រាប់​ឆ្នាំ​២០១៧​ខាង​មុខ។ ក្នុង​នោះ​រួម​មាន ការ​ជំរុញ​ឱ្យ​បង្កើត​ការ​ដឹក​ជញ្ជូន​តាម​ដងទន្លេ ការ​បង្កើត​ក្រុម​កំចាត់​សំបុក​មាន់​តាម​ដង​ផ្លូវ ការ​បន្ត​យុទ្ធនាការ​ទប់​ស្កាត់​រថយន្ត​ដឹក​លើស​ទំងន់ និង​ការ​កាត់​ទ្រង់​យាន​យន្ត​ខុស​លក្ខណៈ​បច្ចេក​ទេស គម្រោង​កសាង​ផែ​ទឹក​ជ្រៅ​សម្រាប់​នាវាចរណ៍​កម្រិត​អន្តរជាតិ​ជា​ដើម​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI