អានតួអត្ថបទ
កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​​ពាណិជ្ជកម្ម​៖ ​រៀន​អង់គ្លេស​​ឲ្យ​​ចេះ​គឺ​​ជួយ​​កម្ពុជា​

លោក​​ស៊ុន ​ចាន់ថុល ​រដ្ឋ​​មន្ដ្រី​​ក្រសួង​​ពាណិជ្ជកម្ម​ជម្រុញ​ឲ្យ​សិស្ស ​និស្សិត​ខ្មែរ​ប្រឹង​រៀន​ភាសា​អង់​គ្លេស​
លោក​​ស៊ុន ​ចាន់ថុល ​រដ្ឋ​​មន្ដ្រី​​ក្រសួង​​ពាណិជ្ជកម្ម​ជម្រុញ​ឲ្យ​សិស្ស ​និស្សិត​ខ្មែរ​ប្រឹង​រៀន​ភាសា​អង់​គ្លេស​ RFI/Rachna IM
ដោយ៖ ឯម មាឃ
១៧ នាទី

លោក ​ស៊ុន ​ចាន់ថុល ​បាន​​ជម្រុញសិស្ស ​និស្សិត​​ណា​ ដែល​​ចេះ​​ភាសា​​អង់គ្លេស​​មិន​​ច្បាស់ ​ឬ​​មិន​ទាន់​បាន​​រៀន​​ភាសា​​អង់​គ្លេស ​ឲ្យ​ទៅ​​ចុះ​​ឈ្មោះ​រៀន​​អង់​គ្លេស​ នៅ​ថ្ងៃ​នេះ​​ភ្លាម​។​ រដ្ឋ​មន្ត្រី​ក្រសួង​​​ពាណិជ្ជកម្ម​​កម្ពុជា​ ថ្លែង​ថា ​កាល​ណា​​ប្រជាជន​​កម្ពុជា​​ចេះ​​ភាសា​​អង់​គ្លេស​​បាន​​ច្បាស់​​គឺ​​មាន​ន័យ​ថា ​ជួយ​​ប្រទេស​​កម្ពុជា​​ឲ្យ​​ជោគ​ជ័យ​ក្នុង​​សហគមន៍​​សេដ្ឋកិច្ច​​អាស៊ាន​​ឆ្នាំ​២០១៥​ហើយ​។ ​នៅ​​ចំពោះ​មុខ​​មនុស្ស​​ជិត​២​ពាន់​​នាក់ ​ក្នុង​​សិក្ខា​សាលា​​ព្រឹក​​មិញ ​នៅ​​វិទ្យា​ស្ថាន​​ប​ច្ចេក​​វិទ្យា​​កម្ពុជា​ លោក​​ទេស​រដ្ឋ​មន្ត្រី​​បាន​​ទទូច​​ឲ្យ​​យុវជន​​ពិចារណា​​សម្រង់​​សម្ដី​​ដ៏​​ល្បី​​មួយ​​របស់​លោក ​កេ​ណ្ណ​ឌី​ (John F. Kennedy) ​អតីត​​ប្រធានា​ធិបតី​​អាមេរិក​។​

ផ្សាយពាណិជ្ជកម្ម

 

អនុប្រធាន​ក្រុមហ៊ុន ជេ​ន្នើ​រ៉​ល អេ​ឡិ​ក​ទ្រិ​ក របស់​អាមេរិក គឺជា​វាគ្មិន​ដ៏​កម្រ​ក្នុង​សិក្ខាសាលា ដែល​រៀបចំ​ជា​ស៊េរី ដោយ​ក្រសួងពាណិជ្ជកម្ម ក្រោម​ការឧបត្ថម្ភ​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា និង ក្រុមហ៊ុន ជេ​ន្នើ​រ៉​ល អេ​ឡិ​ក​ទ្រិ​ក (GE Imagination at work)។ ប្រាកដ​ណាស់ ព្រឹក​មិញ នៅឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា លោក ច​ន រ៉ា​យស៍ (John G. Rice) និយាយ​អង់គ្លេស ក្នុង​បទ​អន្តរាគមន៍ ដែល​ផ្តោតលើ«ភាពជា​អ្នកដឹកនាំ​សម្រាប់​និស្សិត​បច្ចុប្បន្ន នៅពេលដែល​កម្ពុជា​ចូលក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ២០១៥។ ដូច្នេះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ជម្រុញ​ឱ្យ​អ្នកចូលរួម​ប្រហែល១៦០០នាក់ ដែល​ភាគច្រើន​ជា​យុវជន ចុះឈ្មោះ​រៀន​ភាសា​អង់គ្លេស​ឱ្យ​ចេះ​ច្បាស់«នៅថ្ងៃនេះ»តែម្តង។

លោក ស៊ុន ចាន់ថុល អះអាងថា ប្រជាជន​កម្ពុជា​ចេះ​អង់គ្លេស​ច្រើន កម្ពុជា​នឹង​ទទួលបាន​ជោគជ័យ ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន។ លោក​ទេសរដ្ឋមន្ត្រី បាន​ពន្យល់ថា អង់គ្លេស​គឺជា​ភាសា​អន្តរជាតិ​ដ៏​សំខាន់ ក្នុង​អាស៊ាន។ ទន្ទឹមនឹង​នេះដែរ លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ដែលជា​អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន ជេ​ន្នើ​រ៉​ល អេ​ឡិ​ក​ទ្រិ​ក រយៈពេល១៦ឆ្នាំ​ដែរនោះ បាន​ថ្លែងថា «កុំ​សួរថា​តើ​ប្រទេស​របស់​អ្នក​អាចធ្វើ​អ្វី​សម្រាប់​អ្នក ចូរ​សួរថា​អ្វីដែល​អ្នក​អាច​ធ្វើបាន​សម្រាប់​ប្រទេស​របស់​អ្នក» ដោយ​ត្រាប់​តាម​សម្រង់​សម្ដី​ដ៏​ល្បីល្បាញ​មួយ​របស់​អតីត​ប្រធានាធិបតី​អាមេរិក ដែល​បាន​ថ្លែង​ក្នុង​ឆ្នាំ១៩៦១ ពេលដែល​លោក ច​ន កេ​ណ្ណ​ឌី (John F. Kennedy) ចូលកាន់​តំណែង។

លោក ស៊ុន ចាន់ថុល ដែល​ទើប​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ដំបូង​នៅ​ឆ្នាំ២០១៣ ក្នុង​ក្របខ័ណ្ឌ​នៃ​កំណែទម្រង់​គណៈរដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​អាណ​ត្តិ​ទី៥ បាន​ចោទ​សួរថា «តើ​ប្រកួតប្រជែង​ជាមួយ [ក្នុង] អាស៊ាន​ម៉េច​បាន បើ​យើង​អត់​ចេះ​ភាសា​ហ្នឹង [ភាសា​អង់គ្លេស] ?»។

អ្វីដែល​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួងពាណិជ្ជកម្ម​បារម្ភ​គឺ​ធនធានមនុស្សពូកែៗរបស់​កម្ពុជា ចាកចេញ​ទៅធ្វើ​ការ​នៅ​បរទេស ដែល​បង្កឱ្យមាន​បាតុភូត«រំហូរ​ចេញ​នៃ​ខួរក្បាល»។ ហេតុ​ដូច្នេះហើយ បានជា​រដ្ឋាភិបាល និង​ក្រសួងពាណិជ្ជកម្ម ខិតខំ​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យមក​រកស៊ី​នៅ​កម្ពុជា តាមរយៈ​ការចរចា​ជាមួយ​ប្រទេស​នានា​លើ​ពិភពលោក ដែល​អាចជា​ទីផ្សារ​សម្រាប់​ទំនិញ​កម្ពុជា ឱ្យ​លើកលែង​ពន្ធ​នាំចូល​ទាំងស្រុង ឬ​បញ្ចុះ​អត្រាពន្ធ​នាំចូល ចំពោះ​ទំនិញ​ផលិត​នៅក្នុង​ប្រទេស​ក្រីក្រ​នេះ៕  
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ