អានតួអត្ថបទ
កម្ពុជា

រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ ​និង​ថាមពល​៖​ទំនប់​សេ​សាន​២​ មាន​ផល​ប៉ះ​ពាល់​តិច​ជាង​ផល​ប្រយោជន៍​

លោក ស៊ុយ សែមឡើងបំភ្លឺក្នុងសភានៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ មិថុនា។
លោក ស៊ុយ សែមឡើងបំភ្លឺក្នុងសភានៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ មិថុនា។ RFI/ Siv Channa
ដោយ៖ ស៊ុន មេសា
1 នាទី

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ​លោក ស៊ុយ សែម​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី១៩ មិថុនា​នេះ បាន​ចូលទៅ​ឆ្លើយ​សំណួរ​នៅក្នុង​សភាជាតិ​តាម​ការកោះហៅ​ស្តីពី​ការសាងសង់​ទំនប់​វា​រី​អគ្គីសនី​នៅ​តំបន់​ទន្លេសេសាន​ក្រោម២ ។ លោក​ ស៊ុយ ​សែម បាន​ការពារ​គម្រោង​សាង​សង់​​របស់​​រដ្ឋា​ភិបាល​​ព្រោះ​​ផល​ប៉ះ​ពាល់​​ពី​​គម្រោង​​មាន​​តិច​ជាង​​ផល​ប្រយោជន៍​។​  

ផ្សាយពាណិជ្ជកម្ម

ការផ្លាស់ប្តូរ​ទី​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ពី​តំបន់​សាងសង់​ទំនប់​វា​រី​អគ្គីសនី​សេសា​ន​ក្រោម២គឺជា​បញ្ហា​ប្រឈម​ធំចម្បង​សម្រាប់​គម្រោង​សាងសង់​ទំ​នប់​វា​រី​អគ្គីសនី​នេះ។

តាម​ការឆ្លើយតប​ទៅនឹង​សំណួរ​ទៅ​សមាជិកសភា លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ប្រមាណ​ជិត៨រយ​គ្រួសារ​លើដី​ធ្លី​លំនៅដ្ឋាន និង​ដីចំការ​ជាង១ពាន់​ហិកតា នឹង​ទទួលបាន​សំណង​ដី​លំនៅដ្ឋាន​ចំនួន១ពាន់​ម៉ែត្រការ៉េ គឺ ២០x៥០ម៉ែត្រ និង​ដីចំការ ៥ហិកតា​សម្រាប់​មួយ​គ្រួសារ​ខ្នង​ផ្ទះ។

ក្រៅពី​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ទំ​នប់​សេ​សាន​ក្រោម២ដែល​អាច​ផ្តល់​កម្លាំង៤០០មេ​ហ្គា​វ៉ា​ត់ បាន​ប៉ះពាល់​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ចំនួន៦ និង​ដីព្រៃ​របស់​រដ្ឋ​ដែលមាន​ទីតាំង​ក្នុង​ឃុំ​ចំនួន៣ របស់​ខេត្តក្រចេះ។ បើតាម​ចម្លើយ​របស់លោក រដ្ឋមន្ត្រី ទំ​នប់​វា​រី​អគ្គីសនី​ដែល​ត្រូវបាន​សិក្សា​តាំងពី​ឆ្នាំ២០០៤នោះ គឺ​កំពុង​ស្ថិតក្នុង​ដំណាក់​កាល​ទី១ក្នុងចំណោម​ដំណាក់​ទាំង៣ពោលគឺ​ដំណាក់កាល​ដោះស្រាយ​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។ រហូតមកដល់​ពេលនេះ ក្រុមហ៊ុន​ចិន​ដែល​ទទួល​សាងសង់​ទំ​នប់វា​រី​អគ្គិស​នី​សេ​សាន​នេះ គឺ​ទើបតែ​បញ្ចប់​ការដោះស្រាយ​សំណង​ជា​សាច់ប្រាក់​ដល់១២ គ្រួសារ​ដែលមាន​ទីតាំង​នៅ​ខាងក្រោម​ទំ​បន់​តែប៉ុណ្ណោះ។ ផ្ទុយ​ពី​ផលប៉ះពាល់​ខាងលើ លោក ស៊ុយ សែម បានបញ្ជាក់​ជូន​សភា​ថា ផលប្រយោជន៍​មិនតិចជាង១០ចំណុច​នោះទេ។ ពោលគឺ​កម្លាំង​អគ្គីសនី៤០០មេ​ហ្គា​វ៉ា​ត់ តម្លៃ​ភ្លើង​ថោក​ថេរ​រយៈពេល៤០ឆ្នាំ បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ រួមទាំង​ចំណូល​ចូល​ថវិកា​ប្រមាណ៣០លាន​ដុល្លារ​ចូល​រដ្ឋ​ក្នុងមួយឆ្នាំៗជាដើម។

គួរ​កត់សំគាល់ថា ការសួរដេញដោល​រប​ស់​សមាជិកសភា​អាណ​តិ្ត​ទី៥ដ៏​កម្រ​នេះ គឺ​មិនសូវមាន​សកម្មភាព​សួរ​ដេញ​ដោយ​គ្នា​ផុលផុស​នោះទេ ពី​តំណាង​រាស្ត្រគណបក្សប្រជា​ជនកម្ពុជា​ដែលមាន​វត្តមាន៥៧រូប ហើយ​មិនមាន​ឡើយ​ប្រមុខ​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​មន្ត្រី​នយោបាយកំពូលៗដ​ទៃ​ទៀត។ លោក ស៊ុយ ​សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​អាណត្តិ​ទី៥នេះ បាន​ប្រើប្រាស់​ពេល​របស់ខ្លួន​ប្រមាណ​ជាង២ម៉ោង​ដើម្បី​ឆ្លើយតប​នឹង​សំណួរ​ចំនួន៥ពី​តំណាងរាស្ត្រ​អាណត្តិ​ទី៥នេះ។

សូមបញ្ជាក់​ជូន​ថា​ក្រោយ​ការប្រកាស​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​នេះ អង្គការ-សមាគមន៍ និង​ប្រជាពលរដ្ឋនៅក្នុង​តំបន់ បាន​តវ៉ា​ជាច្រើនលើក​ច្រើនសារ ស្តីពី​ផលប៉ះពាល់​នៃ​ការអភិវឌ្ឍន៍​នៅ​តំបន់​ទន្លេ​ក្នុង​ខេត្តក្រចេះ​ព្រោះតែ​ជា​តំបន់​សេដ្ឋកិច្ច​របស់​ប្រជាជន។ 

បើទោះបីជា​បែបណាក៏ដោយ ទំនប់​សេសា​ន​ក្រោម​២​នឹង​ក្លាយ​ជា​ធុងអាគុយ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ២០១៧ខាងមុខ។ នេះ​បើតាម​លោក ស៊ុយ សែម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ