ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វប្បធម៌​​ជជែក​​ទល់​មុខ​​គ្នា​​កំពុង​​ដុះ​​ពន្លក​​ក្នុង​​ឆាក​នយោបាយ​​កម្ពុជា​

សំឡេង ០៤:៤៩
រដ្ឋ​សភា​ កន្លែង​ដែល​អ្នក​នយោបាយ​ខ្មែរ​ផ្តើម​​វប្បធម៌​ជជែក​ទល់​មុខ​គ្នា​
រដ្ឋ​សភា​ កន្លែង​ដែល​អ្នក​នយោបាយ​ខ្មែរ​ផ្តើម​​វប្បធម៌​ជជែក​ទល់​មុខ​គ្នា​ RFI/Siv Channa

ជា​ថ្មី​​ម្តង​ទៀត ​លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​និង​​លោក ​សម ​រង្ស៊ី ​បាន​​ឆ្លៀត​ពេល​​ប្រជុំ​​សភា​​ដើម្បី​​ជួប​ពិភាក្សា​​ទល់​មុខ​​គ្នា​​អំពី​បញ្ហា​សំខាន់​ៗ​ជា​ច្រើន​។ ​ខុស​ពី​​មុន​​ដែល​​មេ​ដឹក​នាំ​​នយោបាយ​​បដិបក្ខ​​តែង​​ដើរ​គេច​​មុខ​​គ្នា​ តែ​​ឥឡូវនេះ​ ពួក​គេ​​ហាក់​​ផ្តើម​​ស៊ាំ​​នឹង​​ការ​ជួប​គ្នា​បណ្តើរ​ៗ​ហើយ​។ ​ប្រសិន​បើ​​ជំនួប​​បែប​នេះ​​បន្ត​ធ្វើ​​ឲ្យ​​បាន​​ញឹក​ញាប់ ​វប្បធម៌​​ជជែក​​ពិភាក្សា​​នឹង​​កាន់​តែ​​រីក​ដុះ​ដា​ល​​នៅ​ក្នុង​​ឆាក​នយោបាយ​​កម្ពុជា​​ជាក់​​ជា​មិន​ខាន​។ ​យ៉ាង​ណា​ក៏​ដោយ ​បរិយាកាស​​មិន​​ទុក​ចិត្ត​​គ្នា​​នៅ​តែ​​ជា​​ឧបសគ្គ​​ធ្វើ​​ឲ្យ​​វប្បធម៌​​ជជែក​​ពិភាក្សា​គ្នា​​របស់​​អ្នក​នយោបាយ​​ខ្មែ​រ​​នៅមា​ន​​សភាព​​ផុយ​ស្រួយ​​យ៉ាង​ខ្លាំង​​នៅ​ឡើយ​។​

ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោត​លើក​នេះ​គឺជា​របត់​នយោបាយ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា។ សំខាន់​មិនមែន​ត្រឹមតែ​តុល្យភាព​នៅក្នុង​រដ្ឋសភា​ប៉ុណ្ណោះ​ទេ​តែ​វា​ក៏​ជា​ពេលវេលា​ដែល​អ្នកនយោបាយ​ខ្មែរ​ត្រូវ​រៀនធ្វើការ​ជាមួយគ្នា​ផងដែរ។ ដើម្បី​មើល​ឲ្យ​ឃើញ​ពី​ភាព​សំខាន់​នេះ គេ​គួរ​ក្រឡេក​ថយក្រោយ​បន្តិច​ទៅ​មើល​អតីតកាល​របស់​ក​ម្ពុ​ជា។

រហូតមក​ទល់នឹង​ឆ្នាំ ១៩៩៣ កម្ពុជា​ស្ថិតក្នុង​បរិបទ​មួយ​ដែល​អ្នកឈ្នះ​ជា«វីរជន» រីឯ​អ្នកចាញ់​ជា​ជន«ក្បត់ជាតិ»។ ទស្សនៈ​នេះ​ត្រូវបាន​គេ​អនុវត្តន៍​នៅ​រៀងរាល់​ពេលដែល​មានកា​រ​ផ្តួលរំលំ​របប​ដឹកនាំ​នយោបាយ។ ប៉ុន្តែ ស្ថានការណ៍​បាន​ប្រែប្រួល​ចាប់តាំងពី​ការបោះឆ្នោត​លើកដំបូង​កាលពី​ឆ្នាំ ១៩៩៣ ពោលគឺ​គូបដិបក្ខ​នយោបាយ​អាច​អង្គុយ​ធ្វើការ​ជាមួយគ្នា​បាន​ក្រោយ​ការបោះឆ្នោត។

យ៉ាងណាក៏ដោយ កាលណោះ អ្នកនយោបាយ​ខ្មែរ​នៅ​មិនទាន់​ស៊ាំ​នឹង​ទម្លាប់​បែប​ថ្មី​នេះ​នៅឡើយ​ទេ អ៊ីចឹង​ហើយ​បានជា​មិនយូរប៉ុន្មាន​ជម្លោះ​ក៏បាន​ឆាបឆេះ​ឡើងជា​ថ្មី​រហូត​ឈានដល់​ការផ្ទុះអាវុធ​ដាក់គ្នា​កណ្តាល​ទីក្រុង​កាលពី​ថ្ងៃទី ៥និង៦ កក្កដា ​ឆ្នាំ ១៩៩៧។ ជម្លោះ​នេះហើយ​ដែល​ធ្វើ​ឲ្យ​កម្លាំង​ទ័ព​របស់ ហ្វ៊ុនស៊ិនប៉ិច បាក់​រាប​ដល់​ដី​គ្មាន​សេសសល់​អ្វី​ទៀតឡើយ។ មិន​ត្រឹមតែ​កម្លាំង​ទ័ព​ទេ គណបក្ស​រាជានិយម​មួយ​នេះ​ក៏បាន​ស្រុតចុះ​ប្រជាប្រិយ​ភាពជា​បន្តបន្ទាប់​រហូត​បាត់បង់​ទីតាំង​ឈរជើង​ទាំងស្រុង​នៅក្នុង​រដ្ឋសភា​នៅ​ក្នុ​ង​អាណត្តិ​ថ្មី​នេះ។

បទពិសោធន៍​នេះហើយ​ដែល​ធ្វើ​ឲ្យ​គណបក្សប្រឆាំង​ខ្លាចរអា​រហូតដល់​លែង​ចង់​ធ្វើការ​ជាមួយ​បក្ស​កាន់អំណាច​ពីព្រោះ​បារម្ភ​ខ្លាចក្រែង​មាន​វាសនា​ដូច​ហ្វ៊ុនស៊ិនប៉ិច។ នេះ​គឺជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​អំពី​ភាព​រសើប​យ៉ាងខ្លាំង​របស់​អ្នកនយោបាយ​ខ្មែរ​ក្នុងការ​ចុះសម្រុង​គ្នា។ ភាព​រសើប​នេះហើយ​ដែល​នាំ​ឲ្យ​អ្នកនយោបាយ និង​អ្នកគាំទ្រ​បក្សនយោបាយ​នៅតែ​ចង់​រក្សា​ភាព​ដាច់​ណាត់​មិនអាច​ចូលគ្នា​ចុះ​ដូច«ទឹក​និង​ប្រេង»។ នេះ​ក៏​ជា​ឧបសគ្គ​ដ៏​ធំ​នៃ​នយោបាយ​ផ្សះផ្សារ​ជាតិ។

ជាការ​ពិត ការបាត់បង់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ពី​រដ្ឋសភា​កម្ពុជា​គឺជា​បទពិសោធន៍​ដ៏​ល្អ​មួយ​សម្រាប់​អ្នកនយោបាយ។ ជាទូទៅ គេ​បាន​ស្តីបន្ទោស​គណបក្ស​នេះ​ថា​មកពី​ធ្វើ​រដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទើប​នាំ​ឲ្យ​បាត់បង់​អស់​ប្រជាប្រិយភាព។ ហេតុដូច្នេះ​ហើយ​បានជា កុំថាឡើយ​ដល់​ទៅធ្វើ​រដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា សូម្បីតែ​បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​មេដឹកនាំ​គណបក្ស​នេះ​ក៏​អ្នកនយោបាយ​ប្រឆាំង​ខ្លាច​បាត់បង់​ប្រជាប្រិយភាព​ដែរ។ ប៉ុន្តែ បទពិសោធន៍​នេះ​មិនគួរ​នឹង​ក្លាយជា​រនាំង​ដែក​ចែក​ខណ្ឌ​អ្នកនយោបាយ​ឲ្យ​នៅ​ទី​ម្ខាង​ម្នាក់​ចូលគ្នា​មិន​ចុះ​ដូច្នេះ​ឡើយ។

អ្វីដែល​គេ​អាច​រៀនសូត្រ​បាន​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​នោះ​គឺ​ទស្សនៈ​ចូលគ្នា​មិន​ចុះ​បាន​បង្កើត​ឲ្យ​មាន​វប្បធម៌​សងសឹក​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​មិនចេះចប់។ គំនុំសងសឹក​គ្នា​នេះហើយ​ដែល​បណ្តាល​ឲ្យ​ពួក​ខ្មែរក្រហម​សម្លាប់​ផ្តាច់​ពូជ​អ្នកណា​ដែល​គេ​ចោទថា​ក្បត់ ឬ​ជា​ខ្មាំង ដែល​ទីបំផុត ជីវិត​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​រាប់លាន​នាក់​ត្រូវបាន​សម្លាប់​ក្រោម​ពាក្យ​ចោទប្រកាន់ និង​ការសង្ស័យថា​ជា«ជន​ក្បត់»។

ប៉ុន្តែ អ្វីដែល​គួរ​រៀនសូត្រ​ពី​បណ្តា​ប្រទេស​ជឿនលឿន​ក្នុង​លោក​វិញ​នោះ​គឺ​អ្នកនយោបាយ​ទោះជា​មកពី​គណបក្ស​ដែលមាន​នយោបាយ​ផ្ទុយគ្នា​ក៏ដោយ​ក៏​គេ​អាច​ធ្វើការ​ជាមួយគ្នា​បានដែរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការផ្ទេរអំណាច​រវាង​អ្នកចាញ់​និង​អ្នកឈ្នះឆ្នោត​ក៏មាន​ភាពរលូន​និង​ដោយ​ចាប់ដៃគ្នា​រលាក់​ដែរ។ រវាង​អ្នកឈ្នះ​និង​អ្នក​ចាញ់ឆ្នោត ពួកគេ​រស់នៅ​ជាមួយគ្នា​ដោយ​សុខដុមរមនា​និង​ក្នុង​សេចក្តីថ្លៃថ្នូរ។

ដូច្នេះ នេះ​ជា​ពេលវេលា​ដែល​អ្នកនយោបាយ​ខ្មែរ​ត្រូវ​រៀនសូត្រ​បទពិសោធន៍​ទាំងឡាយ​នោះ​ដើម្បី​ស្ល​ឲ្យ​ចេញ​ជា​របៀប​ថ្មី​មួយ​ដែល​អាច​ធ្វើការ​ជាមួយគ្នា​ដោយ​ចុះសម្រុង​ផង​និង​ដោយ​មិន​ឲ្យ​ខាត​ប្រយោជន៍​គណបក្ស​ណាមួយ​ផង។ សូម​កុំភ្លេចថា ភាពចុះ​សម្រុង​នេះ​ក៏​ជា​កត្តា​សំខាន់​មួយ​ដែរ​ក្នុងការ​ឈានទៅ​ការផ្ទេរអំណាច​ដោយ​សន្តិ​វិធី​រវាង​គណបក្ស​ចាញ់ឆ្នោត​និង​គណបក្ស​ឈ្នះឆ្នោត។

ឥឡូវនេះ មេដឹកនាំ​បក្ស​កាន់អំណាច​និង​បក្សប្រឆាំង​ហាក់ដូចជា​ផ្តើម​ស៊ាំ​នឹង​ជំនួប​ទល់មុខ​គ្នា​ជាបណ្តើរៗហើយ។ នេះ​ជាស​ញ្ញា​ល្អ​មួយ​ដ៏​គួរ​ឲ្យ​លើកទឹកចិត្ត។ យ៉ាងណាក៏ដោយ ទម្លាប់​នេះ​នៅមាន​ភាពផុយស្រួយ​យ៉ាងខ្លាំង​នៅឡើយ ហើយ​វា​អាច​នឹង​លាយ​ទៅវិញ​យ៉ាង​ឆាប់រហ័ស​ប្រសិនបើ​បរិយាកាស​មិន​ទុកចិត្ត​គ្នា​នៅតែ​បន្ត​មាន​ឥទ្ធិពល​ខ្លាំង​នៅក្នុង​ឆាកនយោបាយ​តទៅទៀត​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI