សមត្ថភាពអាស៊ានត្រូវបានវាស់ស្ទង់តាមរយៈវិញ្ញាសានៃជម្លោះកម្ពុជា-ថៃ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រយៈពេលជាងមួយខែបានកន្លងផុតទៅហើយចាប់តាំងពីកិច្ចប្រជុំ លើកដំបូងកាលពីថ្ងៃទី២២កុម្ភៈនៅទីក្រុងហ្សាការតាដើម្បីសម្រប សម្រួលបញ្ហាព្រំដែនរវាងកម្ពុជានិងថៃដោយប្រើប្រាស់យន្តការអាស៊ាន។ ប៉ុន្តែកិច្ចព្រមព្រៀងដែលគេបានប្រកាសក្នុងកិច្ចប្រជុំនោះនៅបន្ត ជាប់គាំងនិងគ្មានដំណោះស្រាយអ្វីទាំងអស់។ រដ្ឋាភិបាលក្រុងបាងកកមិនខ្ចីឆ្លើយតបនឹងសំណើរបស់ឥណ្ឌូនេស៊ី ហើយបានអូសបន្លាយពេលរហូតដល់សព្វថ្ងៃ។ អាស៊ានដែលគេមើលឃើញតាំងពីដើមទីថា គ្មានសាច់ដុំដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជាថៃទេនោះបាន បង្ហាញពីភាពកម្សោយរបស់ខ្លួនកាន់តែច្បាស់។
សមាគមអាស៊ានកំពុងតែបង្ហាញឱ្យគេឃើញកាន់តែច្បាស់ឡើងនូវសមត្ថភាពដ៏ទន់ខ្សោយរបស់ខ្លួនចំពោះការសម្របសម្រួលបញ្ហាផ្ទៃក្នុងរបស់រដ្ឋជាសមាជិក។ ភាពកម្សោយនេះត្រូវបានវាស់ស្ទង់តាមរយៈវិញ្ញាសានៃជម្លោះព្រំដែនកម្ពុជាថៃដែលប្រធានអាស៊ានបានដើរតួនាទីជាអ្នកសម្របសម្រួលរយៈពេលជាងមួយខែកន្លងទៅនេះ។
ជាបឋម គេគួររំលឹកថា បន្ទាប់ពីទទួលបានអាណត្តិពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Marty Natalegawa ដែលជាប្រធានអាស៊ានបានកោះប្រជុំរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃនៅថ្ងៃទី២២កុម្ភៈនៅទីក្រុងហ្សាការតា។ កិច្ចប្រជុំនេះបានសម្រេចលទ្ធផលសំខាន់ពីរយ៉ាងបើទោះបីជាលទ្ធផលនោះត្រូវគេមើលឃើញថាកើតឡើងដោយសារតែស្ថានភាពបង្ខំច្រើនជាងសុឆន្ទៈរបស់ថៃក៏ដោយចុះ។
លទ្ធផលទាំងពីរគឺ៖ ទី១ កម្ពុជានិងថៃបានយល់ព្រមទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីដើម្បីមកពិនិត្យមើលបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរស្របតាមការចង់បានរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទី២ ភាគីទាំងពីរក៏ឯកភាពថានឹងជួបប្រជុំគ្នានៅក្នុងប្រទេសទី៣ក្រោមការសម្របសម្រួលរបស់អាស៊ានដើម្បីពិភាក្សាដោះស្រាយបញ្ហាព្រំដែនព្រះវិហារ។
ក៏ប៉ុន្តែ លទ្ធផលដែលមិនទាន់ទាំងបានបញ្ជាក់ពីសមត្ថភាពរបស់អាស៊ានផងនោះបានជាប់គាំងរហូតមកទល់នឹងសព្វថ្ងៃ។ ម្តងហើយម្តងទៀត ថៃបានព្យាយាមរកលេសនេះលេសនោះដើម្បីគេចវេះពីការទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីដើម្បីមកត្រួតពិនិត្យបទឈប់បាញ់គ្នានៅតាមជាយដែន។ ជាងមួយខែបានកន្លងផុតទៅ រដ្ឋាភិបាលក្រុងបាងកកនៅតែមិនទាន់ឆ្លើយតបជាផ្លូវការនៅឡើយទៅកាន់ឥណ្ឌូនេស៊ីអំពីលក្ខខណ្ឌ និងសំណុំបែបបទការងារទាក់ទងនឹងអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី ខណៈដែលកម្ពុជាបានប្រើពេលមិនលើសពី២៤ម៉ោងឡើយសម្រាប់ធ្វើការឆ្លើយតប។
មិនត្រឹមតែមិនឆ្លើយតបប៉ុណ្ណោះទេ ក៏ប៉ុន្តែ មេទ័ពថៃថែមទាំងបានព្រលយឱ្យដឹងថា ពួកគេមិនត្រូវការអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីឡើយពីព្រោះតែពួកគេបារម្ភពីការបែកធ្លាយការសម្ងាត់យោធា។ រីឯការកោះប្រជុំគណៈកម្មការចម្រុះព្រំដែន និងគណៈកម្មការព្រំដែនទូទៅនៅទីក្រុងបូហ្គ័រប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី៧និងទី៨មេសាខាងមុខនេះក៏ថៃនៅតែមិនទាន់ឆ្លើយតបដែរបើទោះបីជាកាលបរិច្ឆេទកាន់តែខិតជិតមកដល់ក្តី។ សំណួរដែលសំខាន់នៅទីនេះគឺ ប្រសិនបើក្នុងអំឡុងពេលនេះ ជម្លោះប្រដាប់អាវុធកើតឡើងជាថ្មី តើអ្នកណាទទួលខុសត្រូវ?
និយាយពីឥណ្ឌូនេស៊ីវិញ ក្នុងឋានៈជាប្រធានអាស៊ាន ក៏នៅមិនទាន់បានចាត់វិធានការជាក់ស្តែងណាមួយដើម្បីដាក់គំនាបលើថៃឱ្យគោរពលទ្ធផលកិច្ចប្រជុំកាលពីថ្ងៃទី២២កុម្ភៈនោះឡើយ។ ផ្ទុយទៅវិញ ឥណ្ឌូនេស៊ីហាក់បង្ហាញថាខ្លួនសុខចិត្តដើរតាមពីក្រោយថៃជាជាងដើរតួនាទីជាអ្នកនាំមុខថៃ។ គេក៏មិនដឹងថាទីក្រុងហ្សាការតាត្រូវទន្ទឹងរង់ចាំការឆ្លើយតបរបស់ថៃរហូតដល់ពេលណាដែរ។ ការអូសបន្លាយពេលវេលាតាមថៃបែបនេះបានធ្វើឱ្យថៃបានដៃនិងបន្តក្រឡុកអាស៊ានគ្មានញញើត។
ចុងក្រោយនេះ រដ្ឋមន្ត្រីការពារជាតិថៃបានអះអាងថា កិច្ចប្រជុំនៅបូហ្គ័រនៅដើមខែមេសាខាងមុខមិនត្រូវមានការចូលរួមពីឥណ្ឌូនេស៊ីទេ។ តើនេះមិនមែនជាការបដិសេធតួនាទីរបស់អាស៊ានពីសំណាក់ថៃទេឬ? ហើយតើអាស៊ានអាចធ្វើអ្វីបានខ្លះចំពោះភាពរឹងរូសរបស់ថៃ? ចម្លើយគឺប្រាកដជាមិនអាចធ្វើអ្វីបានឡើយក្រៅពីការទន្ទឹងរង់ចាំក្រែងលោថ្ងៃណាមួយថៃសុខចិត្តចូលនឹមដោយខ្លួនឯង។
ប្រសិនបើគ្មានថ្ងៃនោះទេ អាស៊ាននឹងច្បាស់ជាគ្មានមធ្យោបាយណាក្រៅតែពីការបោះបាល់នៃជម្លោះព្រំដែនកម្ពុជាថៃទៅឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិវិញនោះឡើយ។ នេះជាសេណារីយោដែលក្រុមអ្នកវិភាគបានគូសវាសរួចជាស្រេចទៅហើយ។ ប្រសិនបើដូច្នោះមែន ការផ្តល់អាណត្តិឱ្យអាស៊ានដើម្បីដោះស្រាយជម្លោះកម្ពុជាថៃមិនខុសអ្វីពីការផ្តល់ឱកាសឱ្យថៃអូសបន្លាយមហិច្ឆតាឈ្លានពានរបស់ខ្លួននោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ