កម្ពុជា

ឆេះ​តូប​លក់​ដូរ​របស់​អាជីវករ​ខ្មែរ​នៅ​លើ​ដី​ថៃ​

រូបថតៈទាញចេញពីគេហទំព័រដើមអម្ពិល ដែលនេះគឺជាការឆេះតូបអាជីវករខ្មែរកាលពីយប់មិញនេះ
រូបថតៈទាញចេញពីគេហទំព័រដើមអម្ពិល ដែលនេះគឺជាការឆេះតូបអាជីវករខ្មែរកាលពីយប់មិញនេះ @DAP

តូប​លក់​ស្បែក​ជើង​ជជុះ​ចំនួន​២០​តូប​របស់​អាជីវករ​ខ្មែរ នៅ​ផ្សារ​រ៉ុង​ក្លឿ​ប្រទេស​ថៃ បានរង​ការ​ឆេះ​ខ្ទេច នៅ​ម៉ោង​៣​យប់​មិញ​នេះ ដែល​ត្រូវ​ជា​ថ្ងៃ​ទី​២​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។ ស្រប​ពេល​ដែល​អាជ្ញាធរ​រក​មិន​ទាន់​ឃើញ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ឆេះ អាជីវករ​បានចេញ​មុខ​អះអាង​ថា បណ្ដាល​មក​ពី​ការ​ផ្ទុះ​សេ​ខ្សែ​ភ្លើង​។

ផ្សាយពាណិជ្ជកម្ម

បន្ថែម​ពី​លើ​នេះ​ទៀត មាន​ការ​សន្និដ្ឋាន​ផ្សេង​គ្នា​ពី​មូល​ហេតុ​ដែល បណ្ដាល​ឲ្យ​ឆេះ​តូប អាជីវ​ករ​ខ្មែរ​ចំនួន​២០​តូប​នេះ។ តាម​អាជ្ញាធរ​សុំ​ធ្វើ​ការ​ស៊ើប​អង្កេត​សិន​មុន​បង្ហាញ​ពីមូល​ហេតុ ខណៈ​​អាជីវករ​បាន​អះ​អាង​ថា មក​ការ​ពី​ផ្ទុះ​សេខ្សែ​ភ្លើង​ទើប​បង្ក​ទៅ​ជា​ការឆេះ​រាល​ដាល ដែល​ចំណុច​នេះ​អាជីវករ​ខ្លួន​ឯង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ចាត់​ទុក​ជា​ការធ្វេស​ប្រហែស។

ប៉ុន្តែ​ដោយ​ឡែក​សម្រាប់ លោក ស៊ុម ចាន់គា មន្ត្រី​អាដហុក​ប្រចាំ​ការ​ខេត្ត​បន្ទាយ​មានជ័យ​សន្និដ្ឋាន​ថា ទំនង​ជា​បណ្ដាល​មក​ពី​ការ​លួច​ដុត​ច្រើន​ជាង។ បើតាម​លោក ស៊ុម ចាន់​គា អាច​ថា នេះ​ជា​ការ​ព្រមាន​ដែល​អាជីវករ​ខ្មែរ​ភាគ​ច្រើន នៅ​តែ​បន្ត​លក់​ទំនិញ​គ្មានគុណ​ភាព។ ព្រោះ​កន្លង​មក​អាជ្ញាធរ​ថៃ​បាន​ដាក់​ការ​កំណត់​ថា ប្រសិន​បើ​អាជីវករ​ខ្មែរបន្ត​លក់​ទំនិញ​ដែល​គ្មាន​គុណ​ភាព​ទៀត ពួក​គេ​ត្រូវ​ប្រឈម​ការ​ផ្ដន្ទា​ទោស​ដាក់​ពន្ធ​នាគារ ហើយ​ទំនិញ​ទាំង​ប៉ុន្មាន​ត្រូវ​ប្រឈម​ការ​ដុត​ចោល។

សូមបញ្ជាក់ថា ៩៩​ភាគ​រយ គឺជា​តូប​អាជីករ​ខ្មែរ​កំពុង​លក់​ទំនិញ​នៅ​ផ្សារ​រ៉ុង​ក្លឿ។ ហើយ​ស្ថានភាព​ជា​ទូទៅ​នៃ​ការ​លក់​ដូរ​របស់​អាជីវករ​ខ្មែរ​ត្រូវ​បាន​លោក ស៊ុម ចាន់គា ពន្យល់​ថា លក់​ដូរ​ទាំង​ភាព​ភ័យ​ខ្លាច ដោយ​ខ្លាច​តម្រួត​ថៃ​ចុះ​មក​ចាប់​ឥវ៉ាន់​របស់​ពួកគាត់​ដែល​ភាគ​ច្រើន​ជា​ទំនិញ​រំលោភកម្ម​សិទ្ធិ​បញ្ញា។ លោក ស៊ុម ចាន់គា បន្ថែម​ថា មូល​ហេតុ​ដែល​ពួក​គាត់​ត្រូវ​បន្ត​លក់​ទំនិញ​រំលោភ​កម្ម​សិទ្ធិ​បញ្ញា ដោយ​សារ​តែ​ជំពាក់បំណុល​ធនាគារ ដែល​ចង់​មិន​ចង់​ត្រូវ​លក់​ទំនិញ​ទាំង​នេះ​ឲ្យ​អស់​ដែរ។

លោក ស៊ុម ចាន់គា បាន​គូស​បញ្ជាក់​ថា ប្រឈម​នឹង​ភាព​ភ័យ​ខ្លាច​មិន​ហ៊ាន​បើក​តូបនេះ​បណ្ដាល​ឲ្យ​អាជីករ​ខ្មែរ​ខាត​បង់​ថវិកា​ច្រើន​លាន​រៀល​ក្នុង​ម្នាក់ៗ។ កន្លង​មក​ក៏​មានដែរ​ការ​ចចារ​រវាង​អាជ្ញាធរ​ថៃ និងខ្មែរ ដើម្បី​សម្រួល​ស្ថាន​ការណ៍ ប៉ុន្តែ​ការ​ចចារ​នេះ​ត្រូវបាន​លោក ស៊ុម ចាន់គា មើល​ឃើញ​ថា ជា​ការ​ចរចា​គ្មាន​ប្រសិទ្ធិ​ភាព​ព្រោះ វា​ជា​រឿងមិន​អាច​ទៅ​រួច​ដែរ ការ​ចរចា​នោះ​ដើម្បី​សម្រួល​ឲ្យ​អាជីករ​ខ្មែរ​លក់​ទំនិញ​គ្មាន​គុណភាពលើ​ទឹក​ដី​គេ។

សូមបញ្ជាក់ថា កន្លង​មក​កើត​មាន​ភាព​ចម្រូង​ចម្រាស​ជា​ច្រើន​ទាក់​ទង​ការ​លក់​ទំនិញរំលោភ​កម្មសិទ្ធិបញ្ញា​នៅ​លើ​ទឹក​ដី​ថៃ​នេះ។ ពី​មុន​ឈាន​ដល់​ការ​ប្រើ​ហិង្សា​រវាង​អាជីករនិង​តម្រួត​ថៃ​ទៀត​ផង ដែល​ឈាន​ទៅ​ដល់​ការ​ចាប់​ចង់ និង​បាន​បញ្ជូន​ខ្លួន​អាជីវករ​ទៅឃុំ នៅ​ក្នុង​ប្រទេស​ថៃ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI