អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​-ថៃ​៖​នយោបាយ​«​ចាប់​ដៃ​​ជាន់​​ជើង​»​

សំឡេង ០៤:៥១
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​និង ​លោក​ប្រាយុទ្ធ ​ច័ន្ទអូចា ​នាយក​រដ្ឋ​មន្ត្រី​ថៃ​
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​និង ​លោក​ប្រាយុទ្ធ ​ច័ន្ទអូចា ​នាយក​រដ្ឋ​មន្ត្រី​ថៃ​ @ Hun Sen Facebook Page
ដោយ៖ ប៉ែន បូណា
២៧ នាទី

នាយក​រដ្ឋ​មន្ត្រី​​ថ្មី​​ថៃ​​ដែល​ជា​​មេ​ដឹក​នាំ​​យោធា​ដ៏​​មាន​​ឥទ្ធិពល ​លោក ​ប្រា​យុទ្ធ ​ច័ន្ទ​អូ​ចា​ មក​​បំពេញ​​ទស្សន​កិច្ច​​រយៈ​ពេល​​ពីរ​ថ្ងៃ​​នៅ​​កម្ពុជា​​គឺ​​នៅ​​ថ្ងៃ​ទី​៣០​និង​៣១តុលា​​នេះ​។ ​ទស្សនកិច្ច​​នេះ​​ធ្វើ​ឡើង​​ក្នុង​​បរិបទ​​ដែល​​បញ្ហា​ធំ​ៗ​រវាង​​ប្រទេស​​ទាំង​ពីរ​​នៅ​​មិន​ទាន់​​ដោះ​ស្រាយ​បាន​​ដូច​ជា​បញ្ហា​​​ព្រំ​ដែន​​ប្រាសាទ​ព្រះវិហារ​ និង​​ការ​បាញ់​សម្លាប់​​ពលករ​​ខ្មែរ​​ជា​ដើម​។ ​នៅ​លើ​​វិថី​​ការ​ទូត ​ទី​ក្រុង​​ភ្នំពេញ​​និង​​បាង​កក​​ហាក់​ដូច​ជា​​រក្សា​បាន​​ទំនាក់​ទំនង​​ដ៏​​ល្អ​​ជាមួយ​គ្នា​​បើ​ទោះ​ជា​​ថៃ​​បាន​​ផ្លាស់​ប្តូរ​​នាយករដ្ឋ​មន្ត្រី​​ជា​​ញឹក​ញាប់​​ក៏​ដោយ​។​ ប៉ុន្តែ ​នៅ​លើ​​ភាពជាក់​ស្តែង​​វិញ ​ទំនាក់​ទំនង​​ប្រទេស​​ទាំងពីរ​​ត្រូវ​គេ​​មើល​ឃើញ​ថា​​ស្ថិត​ក្នុង​​ស្ថាន​ភាព​«​ចាប់​ដៃ​​ជាន់​​ជើង​»។​

ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ច​រប​ស់​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នៅ​កម្ពុជា​ពេលនេះ​គឺជា​ព្រឹត្តិការណ៍​ថ្មី​មួយទៀត​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេសជិតខាង​ទាំងពីរ។ ល្អ​នៅត្រង់ថា បើទោះបីជា​ថៃ​បាន​ផ្លាស់ប្តូរ​នាយករដ្ឋមន្ត្រី​ជា​ញឹកញាប់ និង​បើទោះបីជា​នាយករដ្ឋមន្ត្រី​ខ្មែរ​មាន​ទំនាក់​ទំនងជា​ឯកជន​ជិតស្និទ្ធ​ជាមួយ​គ្រួសារ​លោក​ថាក់ស៊ីន​ក៏ដោយ ក៏​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​នៅតែ​អាច​រក្សា​ចំណងទាក់ទង​ល្អ​ជាមួយ​ទីក្រុង​បាងកក​បានដែរ។

ប៉ុន្តែ បញ្ហា​នៅត្រង់ថា ទោះជា​ក្នុង​អាណត្តិ​របស់​នាយករដ្ឋមន្ត្រី​ថៃ​ណាក៏ដោយ ក៏​បញ្ហាធំៗរវាង​ប្រទេស​ទាំងពីរ​នៅតែ​មិនអាច​ដោះស្រាយបាន​ដដែល។ ជាក់ស្តែង គ្រាន់តែ​បញ្ហា​ព្រំដែន​ប្រាសាទព្រះវិហារ​និង​បញ្ហា​បាញ់សម្លាប់​ពលករ​ខ្មែរ​ឆ្លងដែន​បានអូសបន្លាយ​ក្នុង​តំណែង​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ជាច្រើនរូប​មកហើយ​រាប់ទាំង​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ផង។ រហូតមកទល់​បច្ចុប្បន្ន បញ្ហា​ក៏​នៅតែ​មិនអាច​ដោះស្រាយបាន។

បន្ថែម​ពីលើ​បញ្ហា​ចាស់ រដ្ឋាភិបាល​ថៃ​ក៏បាន​ចាប់បញ្ជូន​ពលករ​ខ្មែរ​យ៉ាងគំហុក​មក​កម្ពុ​ជា​វិញ​កាលពី​អំឡុង​ខែមិថុនា​កន្លង​ទៅដោយ​មិនបាន​ប្រាប់​ជាមុន​និង​ដោយ​មធ្យោបាយ​មិន​សមរម្យ។ ព្រឹត្តិការណ៍​នេះ​មិន​គ្រាន់តែ​ជាការ​បំបាក់មុខ​កម្ពុជា​ដែលជា​ប្រទេសជិតខាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​បង្ហាញថា​ថៃ​បាន​រំលោភសិទ្ធិ​ពលករ​ខ្មែរ​យ៉ាងធ្ងន់ធ្ងរ។ ដើម្បី​ស្តា​មុខមាត់​របស់ខ្លួន ទីក្រុង​បាងកក​ក៏បាន​បញ្ជូន​រដ្ឋមន្ត្រី​ស្តីទី​ក្រសួងការបរទេស​លោក ស៊ី​ហា​សាក់ ភួង​កេ​ត​កែវ (SihasakPhuangketkoew) មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពីដើម​ខែកក្កដា។

គេ​នៅ​ចាំបាន​ថា កាលណោះ មន្ត្រីការទូត​ថៃ​រូបនេះ​បាន​សន្យា​ជាមួយ​កម្ពុជា​ថា​នឹង​ជួយ​សម្រួល​បែបបទ​ស្របច្បាប់​ដល់​ពលករ​ខ្មែរ បញ្ឈប់​ការបាញ់ប្រហារ​ទៅលើ​ពលករ​ឆ្លងដែន​ខុសច្បាប់​ទៅ​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ និង​សន្យា​អនុវត្តន៍​កិច្ចព្រមព្រៀង​ស្តីពី​បញ្ហា​ព្រះវិហារ​ផងដែរ។ ប៉ុន្តែ ជា​រៀងរាល់​លើក ពាក្យសន្យា​របស់​ទីក្រុង​បាងកក​មិនដែល​ត្រូវបាន​អនុវត្ត​ទេ។

ចំណែក​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​តែងតែ​បង្ហាញ​ឥរិយាបថ​ទន់ភ្លន់​ជានិច្ច​ជាមួយ​ភាគី​ថៃ។
ជាការ​ពិតណាស់ រដ្ឋាភិបាល​កម្ពុជា​តែងតែ​ប្រកាន់​ជំហរ​នយោបាយ​ការទូត​ទន់ភ្លន់​ជាមួយ​ប្រទេសជិតខាង។ នេះ​ជា​នយោបាយ«សន្តិភាព​និយម»មួយ​គួរ​ឲ្យ​លើកទឹកចិត្ត​និង​គួរតែមាន​ការឆ្លើយតប​វិញ​សមស្រប។ ប៉ុន្តែ នយោបាយ​ការទូត​ទន់ភ្លន់​របស់​កម្ពុជា​ជា​ញឹកញាប់​ត្រូវបាន​ប្រទេសជិតខាង​ចាត់ទុកជា​ភាព​ទន់ជ្រាយ​ងាយ​លួងលោម​ទៅវិញ។ ជាក់ស្តែង បើទោះបីជា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​បានផ្តល់​យុត្តិធម៌​ជាថ្មី​ដល់​កម្ពុជា​កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០១៣ អំពី​បញ្ហា​ព្រំដែន​ប្រាសាទព្រះវិហារ​ដោយ​បញ្ជា​ឲ្យ​ថៃ​ដកទ័ព​ចេញពី​តំបន់​ជុំវិញ​ប្រាសាទ​ក៏ដោយ ក៏​សាលដីការ​នេះ​នៅ​មិនទាន់​អាចអនុវត្ត​បាន​នៅឡើយ​ទេ។

រីឯ​បញ្ហា​បាញ់សម្លាប់​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ទៅ​កាប់​ឈើ​ឬ​គ្រាន់តែ​គេ​សង្ស័យថា​ជា​ចោរ​ក៏បាន​កើត​ឡើងជា​បន្តបន្ទាប់​ឥត​ដាច់​ដែរ។ ភាគី​កម្ពុជា​បាន​ត្រឹម​ធ្វើ​កំណត់​ទូត​តវ៉ា​ដែល​គ្មាន​ប្រសិទ្ធភាព​អ្វី​ទាំងអស់។ តើ​នេះ​មិនមែនជា​នយោបាយ«ចាប់ដៃ​ជាន់​ជើង»របស់​ថៃ​ទេ​ឬ? ពិតណាស់ថា​កម្ពុជា​ជា​ប្រទេស​ក្រីក្រ​និង​ទន់ខ្សោយ​ទាំង​សេដ្ឋកិច្ច​និង​យោធា។

ភាពទន់ខ្សោយ​នេះហើយ​ដែលជា​អំណោយផល​ដល់​ការបំពាន​ពី​ប្រទេសជិតខាង​ដែលមាន​មហិច្ឆតា​ចង់បាន​ទឹកដី​ខ្មែរ​ស្រាប់​ផង​នោះ។ យ៉ាងណាក៏ដោយ ក្នុងនាម​ជា​សមាជិក​អាស៊ាន កម្ពុជា​ក៏មាន​សិទ្ធិ​ស្មើមុខ​មាត់​ជាមួយ​ប្រទេស​ផ្សេងទៀត​ដែរ​រាប់ទាំង​ថៃ​ផង។

ម្យ៉ាងទៀត កម្ពុជា​ថែមទាំង​មានប្រៀប​លើ​ថៃ​នៅលើ​ទិដ្ឋភាព​ផ្លូវច្បាប់​អន្តរជាតិ​ផងដែរ។ ដូច្នេះ រដ្ឋាភិបាល​ក្រុងភ្នំពេញ​គួរតែ​ប្រើប្រាស់​កត្តា​អំណោយផល​ទាំងនេះ​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ទាមទារ​សិទ្ធិ​ស្មើមុខ​មាត់​ជាមួយ​ប្រទេសជិតខាង។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ប្រា​យុទ្ធ ច័ន្ទ​អូ​ចា​នៅពេលនេះ​គួរតែ​ជា​ឱកាស​ដែល​កម្ពុជា​ផ្តល់​សារ​ដែលមាន​ទម្ងន់​មួយ​ទៅ​ឲ្យ​ភាគី​ថៃ​ក្នុងន័យ​ទាមទារ​ទំនាក់ទំនង​ស្មើភាព​រវាង​ប្រទេស​ទាំងពីរ។

ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយគ្នា​នឹង​គ្មាន​ន័យ​អ្វី​ទេ​ប្រសិនបើ​ថៃ​មិន​ផ្តល់​តម្លៃ​គ្រប់គ្រាន់​ដល់​កម្ពុជា​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ និង​ប្រសិនបើ​ថៃ​នៅតែ​ប្រើ​នយោបាយ«ចាប់ដៃ​ជាន់​ជើង»ជា​បន្តទៀត​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ