កម្ពុជាតវ៉ាចំពោះការរាយលួសបន្លានៅមុខប្រាសាទព្រះវិហារដោយទាហានថៃ
មន្ត្រីយោធាខ្មែរនៃការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃ បានបញ្ជូនលិខិតមួយច្បាប់ទៅអង្គភាពទំនាក់ទំនងព្រំដែនប្រចាំតំបន់ទី១ខាងភាគីថៃ ដើម្បីតវ៉ាចំពោះការពង្រាយលួសបន្លា មុខប្រាសាទព្រះវិហារ ដោយទាហានថៃ។ ក្នុងលិខិតចុះថ្ងៃទី២៩ ខែឧសភា ឧត្តមសេនីយ៍ទោ ផាត សុផេង បានចាត់ទុកទង្វើរបស់ទាហានថៃថា គ្មានឆន្ទៈរក្សាភាពស្ងប់ស្ងៀម និងដោះស្រាយបញ្ហានៅក្នុងតំបន់ឡើយ ហើយទាមទារឱ្យពួកគេរើលួសបន្លានោះចេញវិញ។
ចុះផ្សាយនៅថ្ងៃ៖
ការពង្រាយលួសបន្លា ប្រវែងពី១៣០ម៉ែត្រ ទៅ១៥០ម៉ែត្រ ត្រង់ចំណុចស្រះត្រាវ នៅមុខប្រាសាទព្រះវិហារ ដោយទាហានថៃ បានកើតឡើង តាំងពីយប់ថ្ងៃព្រហស្បត្តិ៍។ នេះបើយោងតាមសេចក្តីរាយការណ៍ពីទាហានខ្មែរប្រចាំនៅតំបន់ប្រាសាទព្រះវិហារ ដែលឱ្យដឹងបន្ថែមថា លុះដល់ព្រឹកថ្ងៃសុក្រទើបទាហានការពារព្រំដែនកម្ពុជាបានឃើញលួសបន្លា និងសរសេរលិខិតតវ៉ាបញ្ជូនទៅភាគីថៃ។
នៅក្នុងលិខិតចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤នោះ ឧត្តមសេនីយ៍ទោ ផាត សុផេង អនុប្រធានប្រចាំសមរភូមិទិសទី១ នៃការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃ បានគូសបញ្ជាក់ថា ភាគីថៃមិនគោរពតាមការឯកភាពគ្នា រវាងថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ ដែលបានសម្រេចមិន រុលចូល ឬមិនពង្រីកទីតាំងឈរជើង។
ឧត្តមសេនីយ៍ទោ ផាត សុផេង បានទាមទារឱ្យភាគីថៃ រុះរើ លួសបន្លានោះចេញ ដើម្បីរក្សាស្ថានភាពដើម មុនការអនុវត្ដសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ទាក់ទងនឹងបណ្ដឹងរបស់កម្ពុជា ដែលស្នើឱ្យតុលាការបកស្រាយសាលដីកាឆ្នាំ១៩។
សកម្មភាពរបស់ទាហានថៃខាងលើនេះបានកើតឡើង ក្រោយពេលដែលយោធាថៃបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់ខ្លួន ហើយឡើងគ្រប់គ្រងអំណាចដោយខ្លួនឯង។ ការណ៍នេះបង្កឱ្យមានក្តីបារម្ភថា នឹងមានភាពតាងតឹងជាថ្មីរវាងកម្ពុជា នឹងថៃ ក្នុងជម្លោះព្រំដែន ត្បិតមេដឹកនាំរដ្ឋប្រហារនោះគឺជាអ្នកប្រឆាំងនឹងកម្ពុជា ដែលចុះឈ្មោះប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ការប្រឆាំងនោះបានបង្កឱ្យមានការផ្ទុះអាវុធរវាងកងទ័ពនៃប្រទេសទាំងពី កាលពីឆ្នាំ២០។
រហូតមកដល់ព្រឹកថ្ងៃអាទិត្យនេះ ទាហានថៃមិនទាន់បានរើលួសបន្លារបស់ខ្លួន តាមការទាមទាររបស់កម្ពុជានៅឡើយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ