កម្ពុជានិងថៃណាត់ជួបគ្នានៅទីស្នាក់ការអង្គការយូណេស្កូទីក្រុងប៉ារីសនៅខែឧសភា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កម្ពុជានិងថៃព្រមព្រៀងជួបគ្នានៅទីស្នាក់ការអង្គការយូណេស្កូ ទីក្រុងប៉ារីស នៅខែឧសភាខាងមុខនេះ។ នេះជាលើកទីមួយហើយដែលប្រទេសទាំងពីរជួបទល់មុខគ្នា និយាយគ្នា អំពីប្រាសាទព្រះវិហារ បន្ទាប់ពីមានការបាញ់គ្នាទ្រង់ទ្រាយធំ កាលពីដើមខែកុម្ភៈកន្លងមក។
សេចក្តីរាយការណ៍របស់ គី សុខលីម ពីភ្នំពេញ
សេចក្តីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូ ដែលមានមូលដ្ឋាននៅក្នុងប្រទេសបារាំង បានអោយដឹងថា ប្រទេសកម្ពុជានិងប្រទេសថៃគ្រោងនឹងជួបគ្នា នៅទីក្រុងប៉ារីស នៅថ្ងៃទី២៥ខែឧសភាខាងមុខនេះ ដើម្បីជជែកគ្នាអំពីការជួយសង្គ្រោះប្រាសាទព្រះវិហារ។
នេះជាលើកទីមួយហើយដែលប្រទេសទាំងពីរគ្រោងអង្គុយទល់មុខគ្នា ជជែកគ្នា អំពីប្រាសាទព្រះវិហារ ក្រោយពីប្រាសាទទទួលរងការខូចខាតយ៉ាងដំណំ ដោយសារការផ្ទុះអាវុធទ្រង់ទ្រាយធំ រវាងកងទ័ពខ្មែរនិងកងទ័ពថៃ កាលពីដើមខែកុម្ភៈកន្លងមក។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមទៀតថា ជំនួបរវាងគណៈប្រតិភូកម្ពុជានិងថៃ នៅទីក្រុងប៉ារីស នៅចុងខែឧសភាខាងមុខនេះ នឹងមានគោលដៅរកមធ្យោបាយល្អ ដើម្បីការពារនិងថែរក្សាប្រាសាទព្រះវិហារ។ កិច្ចប្រជុំនេះគ្រោងនឹងរៀបចំឡើងបន្ទាប់ពីបេសកជនពិសេសរបស់អង្គការយូណេស្កូ គូអ៊ីឆីរ៉ូ ម៉ាត់ស៊ូអ៊ូរ៉ា (Koichiro Matsuura) បានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងប្រទេសថៃ កាលពីសប្តាហ៍កន្លងមក។ នៅក្នុងដំណើរទស្សនកិច្ចនោះ លោក គូអ៊ីឆីរ៉ូ ម៉ាត់ស៊ូអ៊ូរ៉ា បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត និងលោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន ជុំវិញប្រធានបទប្រាសាទព្រះវិហារ។
លោកស្រី អ៊ីរីណា បូកូវ៉ា (Irina Bokova) អគ្គនាយកនៃអង្គការយូណេស្កូបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា លោកស្រីមានការសប្បាយចិត្តយ៉ាងខ្លាំងចំពោះជោគជ័យនៃបេសកកម្មរបស់លោក គូអ៊ីឆីរ៉ូ ម៉ាត់ស៊ូអ៊ូរ៉ា។ កិច្ចពិភាក្សារបស់បេសកជនពិសេសរូបនេះ ជាមួយប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជានិងថៃ បានបើកផ្លូវអោយមានកិច្ចសន្ទនា ស្តីពីការអភិរក្សប្រាសាទព្រះវិហារ។ ការអភិរក្សប្រាសាទព្រះវិហារ គឺជាប្រធានបទចម្បងមួយ នៅក្នុងកិច្ចប្រជុំ នៅទីក្រុងប៉ារីស នៅថ្ងៃទី២៥ខែឧសភាខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមទៀតថា លោកស្រី អ៊ីរីណា បូកូវ៉ា បានធ្វើការទាក់ទងជាអចិន្ត្រៃយ៍ ជាមួយលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន និងអគ្គលេខាធិការដ្ឋាននៃសមាគមអាស៊ាន ស្តីពីការប្រែប្រួលថ្មីៗក្នុងសំណុំរឿងប្រាសាទព្រះវិហារនេះ។
ប្រាសាទព្រះវិហារខ្មែរត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៨កន្លងមក។ មួយសប្តាហ៍ក្រោយការចុះបញ្ជី ទាហានថៃបានចូលឈ្លានពានទឹកដីកម្ពុជា។ ការឈ្លានពានរបស់ថៃបានបង្កអោយប្រទេសទាំងពីរវាយប្រយុទ្ធគ្នាជាច្រើនលើកច្រើនសា ដែលបង្កអោយមានមនុស្សស្លាប់ច្រើននាក់ និងខូចខាតដល់ប្រាសាទព្រះវិហារយ៉ាងដំណំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ