ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ដល់​ពេល​ដែល​សង្គម​ខ្មែរ​ត្រូវ​គិត​គូរ​ពី​គុណ​ភាព​និង​ប្រសិទ្ធភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​សង្គម​បច្ចុប្បន្ន ​មនុស្ស​ហាក់​នាំគ្នា​ឲ្យ​តម្លៃ​ទៅ​លើ​រូបភាព​ច្រើន​ជាង​ខ្លឹមសារ។ និន្នាការ​នេះ​កើត​មាន​គ្រប់​ទីកន្លែង ​និង​គ្រប់​វិស័យ ​មិនថា​ក្នុង​វិស័យ​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច ​ឬ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ឡើយ​។​ក្រុម​អ្នកវិភាគ​សង្គម​ខ្មែរ​បាន​មើល​ឃើញ​ថា​នៅ​ពេល​ដែល​មនុស្ស​ទូទៅ​នាំ​គ្នា​ផ្តល់​តម្លៃ​ទៅលើ​តែ​រូបភាព​តែ​ភ្លេច​គិត​ពី​ខ្លឹមសារ​ សង្គម​អាច​នឹង​បាត់​បង់​និរន្តរភាព ​និង​ភាព​រឹងមាំ​ទៅ​ថ្ងៃ​អនាគត។ ដូច្នេះ ដល់ពេលហើយដែលគួរ​នាំគ្នាគិតគូរពីគុណភាព និងប្រសិទ្ធភាព ជាងទៅលើសម្បកខាងក្រៅ។

ទឹកប្រាក់ដែលបានមកមិនសុចរិតមិនគួរនឹងផ្តល់តម្លៃទេ
ទឹកប្រាក់ដែលបានមកមិនសុចរិតមិនគួរនឹងផ្តល់តម្លៃទេ
ផ្សាយពាណិជ្ជកម្ម

សង្គម​ខ្មែរ​បច្ចុប្បន្ន​កំពុង​ស្គាល់​ការ​ផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់​បន្ទាប់​ពី​បាន​ឆ្លង​ផុត​ពី​សម័យ កាល​​​​សង្គ្រាម​មកកាន់​សម័យ​សន្តិភាព​វិញ។ ​ការ​លូតលាស់​ និង​ប្រែ​ប្រួស​របស់​សង្គម​កម្ពុជា​បាន​នាំ​មក​ទាំង​ចំណុច​វិជ្ជមាន ​និង​អវិជ្ជមាន។ ​

ពី​សង្គម​មួយ​ដែល​រស់​ក្នុង​របាំង​ប្រពៃណី​តឹង​រ៉ឹង​មក​ជា​សង្គម​ដែល​បើក​ទូលាយ​។​ ពី​សង្គម​មួយ​ដែល​អ្នក​នយោបាយ​ផ្តួល​រំលំ​គ្នា​ដោយ​ប្រើ​អាវុធ​ មក​ជា​សង្គម​ដែល​ប្រើ​ការ​បោះឆ្នោត ​និង​ពី​សង្គម​មួយ​ហែកហួរ​ដោយ​សង្គ្រាម​ស៊ីវិល ​មក​ជា​សង្គមដែលមាន​សន្តិភាព។ ​ទាំង​នេះ​គឺ​ជា​ការ​វិវឌ្ឍន៍ដ៏​ជ្រាលជ្រៅ ​និង​​គួរ​ឲ្យ​មោទនៈ។ ​ក៏ប៉ុន្តែ ​ការ​វិវឌ្ឍមួយ​ចំនួន​បាន​ឈាន​ទៅ​រក​ទិសដៅ​អវិជ្ជមាន​​ដ៏គ្រោះ​ថ្នាក់។ ​ចំណុច​លេច​ធ្លោ​មួយ​ក្នុង​ចំណោម​នោះ​គឺ​ និន្នាការ​នៃ​ការ​ផ្តល់​តម្លៃ​លើ​រូបភាព​ខាង​ក្រៅ​ច្រើន​ជាង​ខ្លឹមសារ។

ជាការពិត ​នៅ​កម្ពុជា ​និន្នាការ​នៃ​ការ​ផ្តល់​តម្លៃ​មនុស្ស​ដោយ​ផ្អែក​លើ​សម្បក​ក្រៅ​ហាក់​កំពុង​តែ​ពេញនិយម មានន័យថា សង្គមហាក់​​ដូច​ជា​គោរព​កោត​ខ្លាច​មនុស្ស​ដែល​មាន​ទ្រព្យសម្បត្តិ ​បុណ្យ​ស័ក្តិ​ដែល​គេ​មើល​ឃើញ​ភ្លាមៗ​ជាង​សម្លឹងរកគុណធម៌​​ដែល​កប់​នៅ​ក្នុង​ខ្លួន​មិន​អាច​មើល​ឃើញ​ដោយងាយ។ ជាក់ស្តែង​ អ្នក​រៀន​សូត្រ​មួយ​ចំនួន​ចង់​បាន​សញ្ញាបត្រ​មក​បង្អួត​គេ​ជាជាង​ការ​ចង់​បាន​ចំណេះ​ដឹង​ពិត​ប្រាក។​ អ្នកមាន​លុយប្រឹងសម្ញែងទ្រព្យសម្បត្តិដើម្បី​ទទួល​បាន​ការ​គោរពស្ញប់ស្ញែង​ទោះបី​ជា​លុយ​​នោះ​បាន​មក​ពី​ប្រភព​ណា​ក៏ដោយ។ មន្ត្រី​រាជការ​ធំៗមួយចំនួន​មាន​រថយន្ត​ទំនើប​និង​ផ្ទះ​សម្បែង​តម្លៃ​ខ្ពស់​ហួស​ពី​ប្រាក់​ខែ​របស់​ខ្លួន។

នៅ​ក្នុង​ទិដ្ឋភាព​នយោបាយ​វិញ​ក៏​ដូច​គ្នា​ដែរ។ ទ្រឹស្តី​ប្រជាធិបតេយ្យ​បាន​រីក​ដុះដាល​ដល់​គ្រប់​មជ្ឈដ្ឋាន​ពោល​គឺ​មនុស្ស​គ្រប់​គ្នា​ហាក់​បាន​ស្គាល់​ពាក្យ​ថា​ប្រជាធិបតេយ្យ ​ប៉ុន្តែ ​ថា​តើ​គេ​ត្រូវ​អនុវត្ត​បែបណា​ដើម្បី​ឲ្យ​ប្រជាធិបតេយ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ​តាម​ន័យ​ពិតប្រាកដ​របស់វា?​ សំណួរ​នេះ​ហាក់ដូចជាគ្មានអ្នកណាសូវចាប់អារម្មណ៍ពិចារណាទេ។​ អ្នក​នយោបាយ​​ច្រើន​តែ​បំភ្លេច​ខ្លឹមសារ​ប្រជាធិបតេយ្យ​ដោយ​ផ្តោត​តែ​លើទ្រឹស្តី​សំបក​ក្រៅ។ ​ទីបំផុត​ប្រជាពលរដ្ឋ​ជា​អ្នក​វង្វេង ​ហើយ​ជា​ញឹកញយ​ពួកគេ​បាន​ក្លាយ​ជា​អ្នក​ទទួល​រងគ្រោះ​ព្រោះ​ភាព​មិន​ច្បាស់​លាស់​របស់​អ្នក​នយោបាយ។

នៅ​ក្នុង​បរិបទ​សង្គម​ទូទៅ​វិញ​ ការ​ផ្តល់​តម្លៃ​ទៅ​លើ​រូបភាព​សំបក​ក្រៅ​បាន​ធ្វើ​ឲ្យ​សង្គម​កាន់​តែ​ភ្លេច​សីលធម៌និង​គុណធម៌​របស់​មនុស្ស​ដែល​ជា​ទូទៅ​គេមិន​អាច​មើល​ឃើញ​ភ្លាមៗ​នោះ​ឡើយ​​។ ​មនុស្ស​ខ្លះ​មាន​គុណធម៌​និង​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់ ​ប៉ុន្តែ ​គ្មាន​ទ្រព្យសម្បត្តិ​ហ៊ឺហា​ដូច​គេ​ ​ច្រើន​តែចូលគេមិនចុះ។ ​អ្នក​អង្គុយ​ស្រាវជ្រាវ ​សរសេរ​សៀវភៅ ​ច្រើន​ជា​អ្នក​ដែល​គ្មាន​ទ្រព្យ​ពី​ព្រោះ​តែ​សង្គម​មិន​ឲ្យ​តម្លៃ​ដល់​ការងារ​របស់​ពួកគេ។

នេះ​ជា​ការ​ស្រុត​ចុះ​នៃ​តម្លៃ​សង្គម​គួរ​ឲ្យ​ព្រួយបារម្ភ ​ហើយ​ផ្នត់​គំនិត​នេះ ​ប្រសិន​បើ​នៅ​តែ​បន្ត​វា​នឹង​ធ្វើ​ឲ្យ​សង្គម​ជួប​គ្រោះ​ថ្នាក់​ទៅ​ថ្ងៃ​អនាគត។​ សូមកុំភ្លេចថា ​សំបក​ក្រៅ​មិន​បញ្ជាក់​អំពី​តម្លៃ​ពិត​ប្រាកដ​របស់​មនុស្ស​ឬ​វត្ថុ​អ្វី​មួយ​នោះ​ឡើយ។ ដូច្នេះ ​ការ​ផ្តល់​តម្លៃ​ទៅ​លើ​ទិដ្ឋភាព​ខាង​ក្រៅ ​ងាយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​យល់​ច្រឡំ​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត។ ​ម្យ៉ាងទៀត​ ការ​ឲ្យ​តម្លៃ​តែ​ទៅ​លើ​សម្ភារៈ​និយម​ដែល​ជា​គ្រឿង​បន្លំ​ភ្នែក​បាន​ធ្វើ​ឲ្យ​រេច​រឹល​ដល់​ការងារ​ជា​ច្រើន​ដែល​មាន​ប្រយោជន៍​សម្រាប់​សង្គម​ ហើយ​វា​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាក់​ទឹក​ចិត្តពីព្រោះអ្នកដែល​ទទួលលាភសក្ការៈច្រើនតែជាអ្នកដែលពូកែអែបអប។

ចំណែក​អ្នក​ ស្មោះត្រង់ និងពូកែ តែមិនចេះសម្តែង មិនសូវទទួលបានការផ្តល់តម្លៃទេ។ ទីបំផុត ការផ្តល់​តម្លៃតែទៅលើសម្បកក្រៅ និងទៅលើ​ការចេះសម្តែងអាកប្បកិរិយា​បន្លំភ្នែក ​ ដោយ​មិន​​បាន​គិតគូរពីគុណភាពពិត​ប្រាកដ​ បានជំរុញឲ្យសង្គមដើរផ្លូវខុសកាន់តែខ្លាំង។ កង្វះគុណភាពនិងប្រសិទ្ធភាពនៃសេវាសាធារណៈ នៃវិស័យអប់រំ សុខាភិបាល សំណង់ រួមទាំងប្រពន្ធ័យុត្តិធម៌ ការអនុវត្តច្បាប់ និងវិស័យនយោបាយផង សុទ្ធសឹងជាផលវិបាក​ជាក់ស្តែងបំផុតនៃការផ្តល់តម្លៃតែលើសម្បកក្រៅ។

ក្រុមអ្នកវិភាគនិងតាមដានសង្គមកម្ពុជាបានមើលឃើញថា ​ដល់ពេលហើយដែលសង្គមខ្មែរ​ត្រូវផ្លាស់​ប្តូរ​ផ្នត់​គំនិត​ថ្មី​ជា​ចាំបាច់។​ នៅពេល​ដែលគ្រប់គ្នាឈប់ឲ្យតម្លៃទៅ​លើប្រាក់​ដែល​បាន​​មក​មិនសុចរិត ទៅលើបុណ្យស័ក្តិ​ដែលមិនបញ្ជាក់ពីសមត្ថភាពទៅលើ សញ្ញាបត្រដែល​គ្មាន​គុណភាព និងឈប់ឲ្យតម្លៃទៅលើពាក្យវោហាសាសន៍ ឥតខ្លឹមសារ ពេល​នោះ​អ្វីៗ​នឹង​វិល​​ទៅ​​រក​គុណភាព និង​ប្រសិទ្ធភាព​យ៉ាងពិត​ប្រាកដ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត