អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ពេល​វេលា​នៃ​កំណែ​ទម្រង់​វិស័យ​សារព័ត៌មាន​បាន​មក​ដល់​!​

សំឡេង ០៥:០៨
អ្នក​សារព័ត៌មានកំពុងបំពេញភារកិច្ចរបស់ខ្លួន។
អ្នក​សារព័ត៌មានកំពុងបំពេញភារកិច្ចរបស់ខ្លួន។ ©វណ្ណារ៉ា/RFI
ដោយ៖ ប៉ែន បូណា
២៧ នាទី

ទិវា​សេរីភាព​សារព័ត៌មាន៣ឧសភា​ដែល​នឹង​ឈាន​មកដល់​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​គឺជា​ឱកាស​ដែល​គេ​ត្រូវ​ពិនិត្យឡើងវិញ​អំពី​ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា។ តែ​វា​ក៏​ជា​ពេលវេលា​ដែល​ម្ចាស់​ស្ថាប័ន​ព័ត៌មាន​ឬ​អ្នកកាសែត​ត្រូវ​ពិនិត្យមើល​ឡើង​វិញ​អំពី​អាជីព​របស់ខ្លួន​ដែរ។ និយាយ​ដោយ​​ខ្លី នេះ​ក៏​ជា​ពេលវេលា​ដ៏​សំខាន់​ដែល​ត្រូវ​និយាយ​អំពី​កំណែទម្រង់​សារព័ត៌មាន។ ម្ភៃ​ឆ្នាំ​ក្នុង​បរិបទ​ប្រជា​ធិ​ប​តេ​យ្យ ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើនឡើង​ផ្តើម​យល់ថា តើ​អ្វី​ទៅជា​ព័ត៌មាន​អាជីព​ដែលមាន​សារសំខាន់ និង​អ្វី​ទៅជា​ព័ត៌មាន​បែប​ឃោសនា។ នេះ​ជា​ចរន្ត​ដែល​ម្ចាស់​ស្ថាប័ន​ព័ត៌មាន​នានា​មិនអាច​មើលរំលង​បានឡើយ។  

ផ្សាយពាណិជ្ជកម្ម

ជារឿយៗគេ​ច្រើនតែ​នាំគ្នា​និយាយ​អំពី​កំណែទម្រង់​វិស័យ​នានា​ក្នុង​ស្ថាប័ន​របស់​រដ្ឋ ប៉ុន្តែ ពេលនេះ​គឺជា​ឱកាស​សំខាន់​ណាស់​ដែល​ត្រូវ​និយាយ​អំពី​កំណែទម្រង់​ចាំបាច់​មួយចំនួន​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ក្នុង​បរិបទ​ដែល«អំណាច​ទី៤»កំពុងមាន​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង​នៅ​កម្ពុជា។

តម្លៃ​របស់​សារព័ត៌​មានបាន​ស្តែងឡើង​តាមរយៈ​កត្តា​សំខាន់​មួយចំនួន៖ ទី១ គឺ​មកពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ម្ចាស់​ស្ថាប័ន​និង​អ្នក​អាជីព​ដែល​ធ្វើការ​នៅក្នុង​វិស័យនេះ​ដោយផ្ទាល់​និង​ទី២ គឺ​មកពី​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ផ្តើម​ចេះ​បែងចែក​ថា​តើ​ព័ត៌មាន​បែបណា​ដែលមាន​សារប្រយោជន៍​សម្រាប់​ពួកគេ។ ទាំងនេះ​វា​គឺជា​ផ្លែផ្កា​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​រយៈពេល ២០ ឆ្នាំ​នៅ​កម្ពុជា​ដោយ​មិនអាច​ប្រកែក​បាន។

ជាការ​ពិតណាស់ថា វា​ជា​កំហុសឆ្គង​ដ៏​ធំ​មួយ​របស់​គណបក្សនយោបាយ រដ្ឋាភិបាល ក៏ដូចជា​មហាជន​ទូទៅ​ដែរ​ក្នុងការ​ផ្តល់​តម្លៃ​ដល់​សារព័ត៌មាន​មិនបាន​ត្រឹមត្រូវ។ កន្លងទៅនេះ គេ​ហាក់ដូចជា​នាំគ្នា​ផ្តល់​តម្លៃ​សារព័ត៌មាន​ត្រឹមតែ​ជា​ប្រព​ន្ធ័​ឃោសនា​តែប៉ុណ្ណោះ។ អ៊ីចឹង​ហើយ​បានជា​មន្ត្រី​រដ្ឋាភិបាល​ក៏ដូចជា​អ្នកនយោបាយ​ជាច្រើន​ចូលចិត្ត​តែ​ព័ត៌មាន​ដែល​លើកតម្កើង​ពី​ខ្លួនឯង។  ពួកគេ​សប្បាយ​នឹង​ឃើញ​រូបភាព​របស់ខ្លួន​លើ​ទំព័រ​កាសែត​ឬ​លើ​កញ្ចក់​ទូរទស្សន៍​ដោយ​មិន​ខ្វល់ខ្វាយ​ពី​សារសំខាន់​នៃ​ព័ត៌មាន​ដែល​មហាជន​ត្រូវ​ទទួល​នោះឡើយ។

ម្យ៉ាងទៀត មន្ត្រី​រដ្ឋាភិបាល​ឬ​អ្នកនយោបាយ​មួយចំនួន​នៅតែ​ប្រកាន់​ចរិត​ក្រអឺតក្រទម​ដាក់​អ្នកកាសែត​ដដែល។ ពួកគេ​មួយចំនួន​នៅតែ​គិតថា​ខ្លួន​អាចធ្វើ​ការ​បាន​ក្នុង​ទី​ងងឹត​ដោយ​ព្យាយាម​ចៀសវាង​ពី​ការ​ប្រ​ម៉ាញ់​ព័ត៌មាន​របស់​អ្នកកាសែត​ឬក៏​ព្យាយាម​បំភ្លៃ​ព័ត៌មាន​ខុសពី​ការពិត​ដើម្បី​គេចវេស​ពី​ការទទួលខុសត្រូវ។

ប៉ុន្តែ អ្វីដែល​ពួកគេ​ភ្លេច​គិត​នោះ​គឺ ខណៈដែល​សារព័ត៌មាន​ឯករាជ្យ​និង​វិជ្ជាជីវៈ​កំពុង​ទទួលបាន​ការគាំទ្រ​ពី​មហាជន​កាន់តែខ្លាំង ការបិទបាំង​ព័ត៌មាន​មិន​ខុស​អ្វី​ពី«ដំរី​ស្លាប់​យក​ចង្អេរ​ទៅ​បាំង»នោះឡើយ។ ការរីកដុះដាល​នៃ​បណ្តាញ​សង្គម​ក៏​ជា​ចំណែក​សំខាន់​មួយទៀត​ដែល​ជំរុញ​ការផ្តល់​និង​ការទទួល​ព័ត៌មាន​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត។ ជា​លទ្ធផល មនុស្ស​សម័យនេះ​មានការ​យល់ដឹង​ខុសពី​មុន។ ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើនឡើង​ផ្តើម​ចេះ​បែងចែក​អ្វី​ជា​ព័ត៌មាន​ដែលមាន​ប្រយោជន៍​និង​អ្វី​ជាការ​ឃោសនា​ប្រជាភិថុតិ។

ក្នុង​បរិបទ​បែបនេះ ទាំង​ស្ថាប័ន​សារព័ត៌មាន ទាំង​មន្ត្រី​រដ្ឋាភិបាល​និង​អ្នកនយោបាយ​ត្រូវតែ​ធ្វើកំណែទម្រង់​និង​កែប្រែ​ឥរិយាបថ​មួយចំនួន​ជា​ចាំបាច់។ សម្រាប់​ស្ថាប័ន​សារព័ត៌មាន កំណែទម្រង់​ទៅរក​វិជ្ជាជីវៈ​ជា​កត្តា​ស្លាប់​រស់​នៃ​អាជីព​របស់ខ្លួន។ ព័ត៌មាន​បែប​ពិធីការ​ឬ​បែប​ឃោសនា​ប្រជាភិថុតិ​ផ្កាប់មុខ​នឹង​គ្មាន​តម្លៃ​ក្នុង​ក្រសែភ្នែក​មហាជន​ទៀតឡើយ។ និន្នាការ​នេះ​កំពុង​ដាក់​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​នានា​ឆ្លងកាត់«វិញ្ញាសារ» សាកល្បង​ដ៏​សំខាន់​មួយ​ពោលគឺ​ស្ថាប័ន​ណា​ដែល​រត់​មិនទាន់​សភាពការណ៍​នឹង​ច្បាស់​ជា​បាត់បង់​ទីតាំង​ឈរជើង​ក្នុង​អាជីព​សារព័ត៌មាន​ជាមិនខាន។

ចំណែក​មន្ត្រី​រដ្ឋាភិបាល​និង​អ្នកនយោបាយ​ក៏ត្រូវ​កែប្រែ​ឥរិយាបថ​ចំពោះ​សារព័ត៌មាន​ជា​ចាំបាច់​ដែរ។ ការតាមដាន​ព័ត៌មាន រត់​ឲ្យ​ទាន់សភាពការណ៍ ហើយ​ឆ្លើយតប​វិញ​ដោយ​រួសរាន់​ប្រកបដោយ​ភាព​ឆ្លាត​វៃ​និង​ទន់ភ្លន់​គឺជា​ឥរិយាបថ​ដែល​មន្ត្រី​នយោបាយ​និង​អាជ្ញាធរ​គ្រប់រូប​គួរតែ​ប្រកាន់យក។

ផ្ទុយទៅវិញ ប្រសិនបើ​ពួកគេ​បន្ត​ព្រងើយកន្តើយ​ចំពោះ​ព័ត៌មាន​ដែលមាន​សារប្រយោជន៍​ចំពោះ​មហាជន ហើយ​នៅ​តែង​ប់ង​ល់​នឹង​ព័ត៌មាន​បែប​បញ្ចើចបញ្ចើ​តទៅទៀត​នោះ ពួកគេ​ច្បាស់​ជា​នឹងមិន​ស្ថិតនៅក្នុង​ក្រសែភ្នែក​របស់​មហាជន​ខ្មែរ​ទៀតឡើយ។ ការ​ធ្វើទុក្ខបុកម្នេញ​អ្នកកាសែត​ដើម្បី​បន្សាប​ឥទ្ធិពល​សារព័ត៌មាន​ក៏​លែងមាន​ប្រសិទ្ធភាព​ទៀត​ដែរ។

សរុប​មកវិញ អំណឹះតទៅ គឺជា​ពេលវេលា​ដែល​អ្នកនយោបាយ​និង​មន្ត្រី​រដ្ឋាភិបាល​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបថ​ចំពោះ​សារព័ត៌មាន​ពោលគឺ​ផ្លា​ល់​ប្តូរ​ពី​ការប្រើប្រាស់​សារព័ត៌មាន​ត្រឹម​ជា​ឧបករណ៍​ឃោសនា​មកជា​ការប្រើ​សារព័ត៌មាន​ជាទី​លាន​បង្ហាញ​សមត្ថភាព​និង​តម្លាភាព​ក្នុងការ​ដឹកនាំ​ឲ្យ​ប្រជាជន​បានឃើញ។

ចំណែកឯ​វិស័យ​សារព័ត៌មាន​ខ្លួនឯង​ក៏ត្រូវ​ប្តូរ​ពី​ឧបករណ៍​បម្រើ​នយោបាយ​ផ្កាប់មុខ​និង​ពី​ការប្រើ«អំណាច​ទី៤»ដើម្បី​ស្វែងរក​លាភសក្ការៈ​ផ្ទាល់ខ្លួន​មកជា​ការគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​និង​គុណភាព​ព័ត៌មាន​វិញ​ជា​ចាំបាច់​ដែរ។ នេះ​ជា​ចរន្ត​សត្យានុម័ត​ដែល​គ្មាន​អ្នកណា​អាច​ដើរ​បញ្ច្រាស​បានឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ