កម្ពុជាយល់ព្រមទៅប្រជុំជាមួយថៃនៅឥណ្ឌូនេស៊ី ថ្ងៃ២៤មីនា
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានស្នើរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មការចម្រុះបោះបង្គោលព្រំដែនកម្ពុជា-ថៃ នៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២៤ និង២៥មីនាខាងមុខនេះ។ ប្រមុខការទូតកម្ពុជាបានឆ្លើយតបទៅសមភាគីឥណ្ឌូនេស៊ីរួចហើយនៅថ្ងៃនេះថា កម្ពុជាយល់ស្របតាមសំណើនេះ ហើយថា លោកសង្ឃឹមថា ថ្នាក់ដឹកនាំថៃក៏នឹងយល់ស្របតាមសំណើនេះដែរ។
សេចក្តីរាយការណ៍របស់លាង ដឺលុច ពីភ្នំពេញ
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានឆ្លើយតបភា្លម នៅថ្ងៃអង្គារ ទី៨មីនានេះ ទៅរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ដែលបានស្នើអោយមានកិច្ចប្រជុំចំនួនពីររវាងកម្ពុជា និងថៃ នៅថ្ងៃទី២៤ និង២៥មីនាខាងមុខនេះ។ អ្នកនាំពាក្យក្រសួងការបរទេស លោកកុយ គួង បានអះអាងនៅថ្ងៃនេះថា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឆ្លើយតបថា កម្ពុជាយល់ស្របចំពោះកាលបរិច្ឆេទនៃកិច្ចប្រជុំ ដែលជាសំណើរបស់លោកប្រមុខការទូតឥណ្ឌូនេស៊ីនេះ។
យោងតាមរបាយការណ៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី ប្រមុខការទូតឥណ្ឌូនេស៊ី លោក Marty Natalegawa បានសម្រេចស្នើអោយមានកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មការចម្រុះបោះបង្គោលព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ និងថ្ងៃទី២៥មីនា នៅក្នុងទីក្រុង Bogor ក្បែរទីក្រុងហ្សាការតា។
លោកកុយ គួងបានបន្តថា នៅក្នុងលិខិតឆ្លើយតបទៅរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានស្នើទៅប្រធានអាស៊ានថា ត្រូវមានវត្តមានរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ឬអ្នកតំណាង យ៉ាងហោចណាស់នៅពេលពិធីបើកកិច្ចប្រជុំ នៃជំនួបគណៈកម្មាធិការព្រំដែនទូទៅ ដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ និងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ។ ក្នុងន័យនេះ បើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក្រោយពេលភាគីទាំងពីរបានបិទបញ្ចប់ការពិភាក្សា ភាគីចរចាទាំងពីរ គឺកម្ពុជានិងថៃ ត្រូវចូលទៅរាយការណ៍ប្រាប់ប្រធានអាស៊ាន។
កម្ពុជាបានដើរមុនថៃមួយជំហានទៀតហើយ នៅពេលដែលគេនៅមិនទាន់បានដឹងអំពីការឆ្លើយតបរបស់រដ្ឋាភិបាលថៃនៅឡើយនោះ។ នៅក្នុងសំណុំរឿងវិបត្តិបន្ទាត់ព្រំដែន និងការប្រឈមផ្នែកយោធានៅព្រំដែន ចាប់ពីពេលនេះទៅ កម្ពុជាឈប់ប្រើប្រាស់យន្តការទ្វេភាគី ដោយគ្មានភាគីទី៣ទៀតហើយ។ ការចរចា ឬការពិភាក្សាត្រូវប្រព្រឹត្តទៅមួយទល់មួយរវាងកម្ពុជានិងថៃមែន ប៉ុន្តែការពិភាក្សាត្រូវមានការដឹងឮពីភាគីទី៣ គឺឥណ្ឌូនេស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ