ក្រុមសហជីព និងកម្មករស្វែងរកអន្តរាគមន៍ពីបក្សជាប់ឆ្នោតទាំងពីរនៅថ្ងៃទិវាពលកម្មអន្តរជាតិ
ចុះផ្សាយនៅថ្ងៃ៖
ខុសពីរាល់ឆ្នាំដែលក្រុមសហជីព និងកម្មករតែងតែហែញត្តិស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋសភាជាតិនោះ នៅថ្ងៃទិវាពលកម្មអន្តរជាតិឆ្នាំនេះក្រុមសហជីព និង កម្មករបានបង្វែរស្វែងរកកិច្ចអន្តរាគមន៍ពីគណបក្សជាប់ឆ្នោតទាំងពីរវិញ។សហជីពបានអះអាងថា ដោយសារខ្លួនអស់ជំនឿនឹងសភាកម្ពុជា ទើបហែញត្តិទៅដាក់នៅគណបក្សជាប់ឆ្នោតទាំងពីរដែលជាសមាជិកនៃរដ្ឋសភា។ដោយឡែកតំណាងគណបក្សទាំងពីរបានចេញមកទទួលយកញតិហើយថា នឹងដាក់ជូនថ្នាក់លើដើម្បីសែ្វងរកដំណោះស្រាយតាមការទាមទារទាំងនេះ។
ដូចការគ្រោងទុកនៅថ្ងៃទិវាពលកម្មអន្តរជាតិលើកទី ១២៨ នៅថ្ងៃទី ០១ ឧសភានេះ ក្រុមសហជីព និង កម្មករប្រមាណ២០០០នាក់បានអបអរសាទទិវានេះជាមួយការហែរញតិ្តដាក់ជូនគណបក្សជាប់ឆ្នោតទាំងពីរក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិដោយមិនបានដាក់ជូនរដ្ឋសភាដូចរាល់ឆ្នាំនោះឡើយ។
លោក ឯក សុភក្តី អគ្គលេខាធិការសម្ព័ន្ឋសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាដែលបានដឹកនាំការហែរញតិ្តនេះបានឲ្យដឹងថា មូលហេតុដែលក្រុមសហជីព និង កម្មករមិនបានដាក់ញតិ្តនៅរដ្ឋសភាគឺដោយសារសភាមិនដែលយកញតិ្តនោះទៅដោះស្រាយនោះទេ ដោយគ្រាន់តែទទួលយកទុកចោលប៉ុណ្ណោះ។
តំណាងសហជីពរូបនេះបានបញ្ជាក់ថា ការដាក់ញតិ្តនៅគណបក្សទាំងពីរនេះ ពីព្រោះពួកគេមានអាសនៈនៅក្នុងរដ្ឋសភាដែលអាចនឹងលើកយកបញ្ហារបស់កម្មករទៅពិភាក្សាដោះស្រាយនៅសភាបាន។
ញតិ្តដែលក្រុមសហជីព និង កម្មករដាក់ជូនគណបក្សទាំងពីរនេះ គឺទាមទារឲ្យដោះលែងជនជាប់ឃុំទាំង ២១ នាក់ ដំឡើងប្រាក់បៀវត្សកម្មករឲ្យបាន ១៦០ដុល្លារក្នុងមួយខែ ស្នើឲ្យតុលាការវែកមុខរកជនល្មើសបាញ់ និង ប្រើអំពើហិង្សាលើកម្មករមកកាត់ទោស និងបញ្ហាប្រឈមរបស់កម្មករមួយចំនួនទៀត។
ក្រោយពីជម្នះការហែរញតិ្តឆ្លងកាត់របាំងការពារយ៉ាងតឹងរឹងពីសំណាក់អាជ្ញាធរជាច្រើននាក់នោះ ក្រុមសហជីព និងកម្មករបានដាក់ញតិ្តជូនគណបក្សទាំងពីរបានដោយជោគជ័យ។ តំណាងគណបក្សប្រជាជនកម្ពុជាបានចេញមកទទួលយកញតិ្តហើយថានឹងដាក់ទៅថ្នាក់លើ ដើម្បីធ្វើការសម្រេច។ដោយសម្រាប់គណបក្សសង្គ្រោះវិញ ប្រធាន និង អនុប្រធានបានចេញមកទទួលដោយសន្យាថា នឹងជួយស្វែងរកដំណោះស្រាយតាមការទាមទារទាំងនេះ។ យ៉ាងណាក៏ដោយ កម្មករមួយចំនួនបានសម្តែងការខកចិត្តចំពោះគណបក្សជាប់ឆ្នោតដែលមិនអាចដោះស្រាយបញ្ហាជូនពួកគេបាន។
គួរកត់សម្គាល់ថា ការហែរញតិ្តរបស់ក្រុមសហជីពទាំង ១៨ និង កម្មករនៅថ្ងៃនេះមិនបានកើតមានអំពើហិង្សាធ្ងន់ធ្ងរ ឫរងការបង្ក្រាបពីសំណាក់កងកម្លាំងរដ្ឋាភិបាលឡើយ ពោលគឺមានតែការប៉ះទង្គិះពាក្យសម្តីគ្នាខ្លះៗ តែប៉ុណ្ណោះ ខណៈដែលកម្មករព្យាយាមជួបជុំ តែត្រូវអាជ្ញាធររារាំង។ ប៉ុន្តែ ការប៉ះទង្គិចបានកើតឡើងរវាងអាជ្ញាធរនិងក្រុមសកម្មជនគណបក្សសង្គ្រោះជាតិនៅក្បែរទីលានប្រជាធិបតេយ្យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ