កម្ពុជា

១៧៧ ​ដុល្លា​៖ ​សហជីព​​បន្ត​​ដាក់​​ញត្តិ​​នៅ​​គ្រប់​​ការិយាល័យ​​ក្រុមហ៊ុន​​បញ្ជា​​ទិញ​​អន្តរជាតិ​

លោក ​អាត់ ​ធន់ ​និង ​សហជីព​ដទៃ​ទៀត​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​កម្មករ​១៧៧ ​ដុល្លា​ កាលពីថ្ងៃពុធ ទី ១៧ ខែកញ្ញា
លោក ​អាត់ ​ធន់ ​និង ​សហជីព​ដទៃ​ទៀត​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​កម្មករ​១៧៧ ​ដុល្លា​ កាលពីថ្ងៃពុធ ទី ១៧ ខែកញ្ញា RFI/Siv Channa

បន្ទាប់​ពី​​ធ្វើ​​កូដ​កម្ម​ និង​​លើក​​បដា​​ទាមទារ​​ប្រាក់​​ឈ្នួល​​អប្បបរមា ​១៧៧​ដុល្លា ​នៅ​តាម​​បណ្តា​​រោង​ចក្រ​​នា​នា​​នៅ​​ទូទាំ​ង​ប្រទេស​​រួច​មក​ នៅ​​ថ្ងៃ​​សុក្រ ​ទី ​១៩ ​កញ្ញា​​នេះ ​សហជីព​​ទាំង ​៨ ​បាន​ចាប់​ផ្តើម​​យុទ្ធនាការ​​ជា​​បន្ត​ទៀត ​ដោយ​​ការ​ដាក់​​ញត្តិ​​នៅ​តាម​​បណ្តា​​ស្ថាន​ទូត​សំខាន់​ៗ​ និង​​ការិយាល័យ​​តំណាង​​របស់​​ក្រុមហ៊ុន​​បញ្ជា​​ទិញ​​អន្តរជាតិ​​នៅ​​កម្ពុជា​។ ​នេះ​​ជា​​យុទ្ធនាការ​​ជំហាន​​បន្ទាប់​​ក្នុង​ចំណោម​​យុទ្ធនាការ​​ទាំង​៤​ដំណាក់​កាល​​របស់​​សហ​ជីព​។​

ផ្សាយពាណិជ្ជកម្ម

តំណាង​សហជីព​ទាំង ៨ ដែល​រួមមាន​សហជីព​របស់លោក អាត់ ធន់ លោក​រ៉ុង ឈុន លោក​ប៉ាវ ស៊ីណា និង​អ្នកស្រី​យ៉ាង សុភ័ណ​ជាដើម​នោះ បា​នស​ម្រ​ច​ថា នឹង​បន្តធ្វើ​យុទ្ធនាការ​ចំនួន ៤ ជា​បន្តទៀត ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​បញ្ជា​ទិញ​អន្តរជាតិ​សម្រេច​ផ្តល់ប្រាក់​ឈ្នួល​អប្បបរមា​ដល់ កម្មករ​រោងចក្រ​កាត់ដេរ​កម្ពុជា​ឲ្យ​បាន​ចំនួន ១៧៧ដុល្លា ក្នុង​មួយខែ។

លោក​អាត់ ធន់ ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ស៊ីខាវ​ឌូ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​ព្រឹក​ថ្ងៃនេះ​ថា បន្ទាប់ពី​ប្រជុំពិភាក្សា​កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​មក សហជីព​ទាំង ៨ បានសម្រេច​ថា ទី១ ចាប់ផ្តើម​យក​ញត្តិ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​នេះ ទៅ​ដាក់​នៅតាម​បណ្តា​ទូតសំខាន់ៗ និង​ការិយាល័យ​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​អន្តរជាតិ ដែលមាន​ដូចជា H&M , C&A, GAP, ADIDAS, LEVIS, ZARA, PUMA, និង WALMARTជាដើម  ។

ទី២ បន្ត​ចែកចាយ​ខិត​ប័​ណ្ឌ និង​ផ្សព្វផ្សាយ​ពី​គោល​ការ​នៃ​ការទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដល់ក​ម្មករ នៅតាម​រោងចក្រ​ក្នុង​តំបន់​ដាច់​ស្រ​យ៉ា​ល​នានា ដែលមាន​ដូចជា​ខេត្តស្វាយរៀង កំពង់ឆ្នាំង កំពត និង​ព្រះសីហនុ​ជាដើម។ ទី៣ នៅ​ថ្ងៃទី ២៦ កញ្ញា​ខាងមុខនេះ សហជីព​នឹងចូលរួម​ប្រជុំ​កិច្ចពិភាក្សា​ត្រីភាគី​ជា​បន្តទៀត ដើម្បី​ជជែក​ពី​បញ្ហា​ប្រាក់​ឈ្នួល​នេះ ។ និង​ទី៤ សហជីព​នឹង​បន្ត​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ជា​បន្តទៀត នៅ​ដើម​សប្តាហ៍​ទី១ នៃ​ខែតុលា​ខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI