ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សាម​គ្គី​ភាព​ក្នុង​សង្គម​ខ្មែរ​មិន​ទាន់​បាត់​បង់​ទៅ​ណា​ទេ!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បច្ចុប្បន្ននេះ និន្នាការ​នៃ​ការធ្វើសកម្មភាព​ដើម្បី​ជួយ​សង្គម​ហាក់ដូចជា​កំពុង​កម្រើក​ឡើងវិញ​ហើយ។ ជាក់ស្តែង ពេល​ប្រទេសជាតិ​ជួបប្រទះ​គ្រោះអាសន្នផ្សេងៗ ដូចជា​ទឹកជំនន់​ពេលនេះ​ជាដើម សកម្មភាព​រៃអង្គាសប្រាក់​ដើម្បី​ជួយ​ជនរងគ្រោះ​បានកើត​ឡើង​គួរ​ឲ្យ​កត់សម្គាល់។ ដោយឡែក ក្រុមហ៊ុន​ឯកជន ឬ​សមាគម​មួយចំនួន​បាន​ផ្តើម​ដាក់បញ្ចូល​សកម្មភាព​សង្គម​ទៅក្នុង​កម្មវិធី​ការងារ​ជាប្រចាំ​តែម្តង។ នេះ​ជាស​ញ្ញា​ល្អ​មួយ​ដែល​បង្ហាញថា​សាមគ្គីភាព​ក្នុងសង្គម​ខ្មែរ​ក្នុង​ការជួយ​គ្នា មិនទាន់​បាត់បង់​ទៅណា​ទេ តែ​អ្វីដែល​ខ្វះ​នោះ​គឺ​គំនិត​ផ្តួចផ្តើម​តែប៉ុណ្ណោះ។

សកម្មភាពចែកអំណោយ​ដល់​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់​របស់​សប្បុរសជន​
សកម្មភាពចែកអំណោយ​ដល់​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់​របស់​សប្បុរសជន​
ផ្សាយពាណិជ្ជកម្ម

ទឹកជំនន់​ដែល​កំពុង​វាយលុក​ប្រទេស​កម្ពុជា​ពេលនេះ​គឺជា​សោកនាដកម្ម​មួយទៀត​សម្រាប់​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ។ ប៉ុន្តែ វា​ក៏​ជា​ឱកាស​សម្រាប់​វាស់​ស្ទង់​ស្មារតី​ជួយ​គ្នា​នៅក្នុង​សង្គម​ខ្មែរ​ផងដែរ។ ទាំង​រដ្ឋាភិបាល បក្សនយោបាយ ក្រុមហ៊ុន​ឯកជន រហូតដល់​បុគ្គលម្នាក់ៗ បានធ្វើ​សកម្មភាព​ដើម្បី​ស្វែងរក​ជំនួយ​ជួយ​ជនរងគ្រោះ។ លើសពីនេះ​ក្រុមហ៊ុន ឬ​សមាគម​ខ្លះ​បានធ្វើ​សកម្មភាព​សង្គម​ជាប្រចាំ​តែម្តង។ នេះ​ជា​សញ្ញា​បង្ហាញថា សាមគ្គីភាព​ក្នុងសង្គម​ខ្មែរ​មិនបាន​បាត់បង់​ទៅណា​ទេ តែ​អ្វីដែល​នៅ​ខ្វះ​នោះ​គឺ​គំនិត​ផ្តួចផ្តើម​តែប៉ុណ្ណោះ។

ជាការ​ពិតណាស់ ក្រោយ​ចេញពី​របប​ខ្មែរក្រហម ពលរដ្ឋ​ខ្មែរ​គ្រប់គ្នា​មានតែ​បាតដៃ​ទទេ និង​ស្ថិតក្នុង​ស្ថានភាពដូចៗគ្នា។ កាលណោះ គ្រប់គ្នា​គ្មាន​មហិច្ឆតា​អ្វី​ធំដុំ​ទេ​ក្រៅតែពី​ចង់បាន​ចំណីអាហារ​សម្រាប់​ចម្អែត​ក្រពះ។ ប៉ុន្តែ ជាង ៣០ ឆ្នាំ​ក្រោយមក គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​បានបង្ហាញ​ឡើងកាន់​តែ​ច្បាស់ និង​កាន់តែរីកធំឡើងៗជា​លំដាប់។ មនុស្ស​មួយក្រុម​បាន​ក្លាយជា​អ្នកមាន​យ៉ាង​ក្រាស់ក្រែល​និង​យ៉ាង​ងាយស្រួល ខណៈដែល​មនុស្ស​មួយក្រុម​ទៀត​បានទទួល​ភាគ​ផល​ដ៏​ស្តួចស្តើង​ពី​ការអភិវឌ្ឍន៍​ប្រទេស។

អ្នកមាន​លទ្ធភាព​គិតតែ​ពី​កើប​លុយ​ទៅតាម​ជំនាញរៀងៗខ្លួន ដោយ​ទុក​ឲ្យ​អ្នក​គ្មាន​លទ្ធភាព​ខំ​រស់​តាម​យថាកម្ម។ គឺ​នៅក្នុង​សម័យកាល​អភិវឌ្ឍ​ន៍​នេះហើយ​ដែល​មនុស្ស​ខ្មែរ​ហាក់​នាំគ្នា​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​កាន់តែខ្លាំង​ឡើង ហក់លោត​តាម​សម័យ​សម្ភារៈ​និយម ហើយ​បាន​ទុក​ប្រយោជន៍​សាធារណៈ​មួយអន្លើ​សិន។ ជំនួស​ឲ្យ​ការជួយ​ដល់​សង្គម​ដែល​ទើបតែ​ងើប​ចេញពី​ភាព​ខ្ទេចខ្ទាំ អ្នកធ្វើ​ការបម្រើ​រដ្ឋ​បែរជា​នាំគ្នា​កេងចំណេញ​ពី​ការងារ​និង​មុខនាទី​របស់ខ្លួន​តា​មល​ទ្ធ​ភាព​ដែល​អាចធ្វើ​ទៅបាន​តាមរ​បៀ​ប«តូច​ស៊ី​តាម​តូច ធំ​ស៊ី​តាម​ធំ»។

ទស្សនៈ «មាន់​ពង​លើ​ស្រូវ​តែងតែ​លួច​ស៊ី​ស្រូវ» ក៏​ប្រហែលជា​បានរួម​ចំណែក​ធ្វើ​ឲ្យម្នាក់ៗចេះតែ​នាំគ្នា​បិ​ច​បោច​ប្រយោជន៍​សង្គម​សម្រាប់​បំប៉ន​ប្រយោជន៍​ផ្ទាល់ខ្លួន។
ស្ថានភាព​នេះ​បានធ្វើ​ឲ្យ​ក្រុម​អ្នកមាន​លទ្ធភាព (មិន​ថា​ជា​ពាណិជ្ជករ ឬ​មន្ត្រីរាជការ​ឡើយ) នាំគ្នា​កើប​លុយ​ធ្វើ​មាន​ធ្វើបាន​តាម​គ្រប់​មធ្យោបាយ​ដើម្បី​ក្លាយជា​មហាសេដ្ឋី ទោះជា​ពេលខ្លះ​មុខ​ជំនួញ​ឬ​ទង្វើ​របស់ខ្លួន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកក្រីក្រ​ក៏ដោយ។ ការតម្កល់​ប្រយោជន៍​ផ្ទាល់ខ្លួន​ជាធំ ដោយ​បំភ្លេច​ប្រយោជន៍​រួម បាន​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ។ ធនធាន​រ៉ែ​វិនាស​ស្ទើរតែ​អស់ពី​ដី ឈើ​ស្ទើរតែ​អស់​ព្រៃ និង​ត្រី​ស្ទើរតែ​អស់ពី​ទឹក...។ ស្ថានភាព​នេះ​បានធ្វើ​ឲ្យ​អ្នកមាន​កាន់តែ​មាន​ឡើង ចំណែក​អ្នកក្រ​ប្រមាណ​ជា ២០ ភាគរយ​ទៀត​បន្ត​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​នៅឡើយ​ដោយ​រក​ចំណូល​មិនបាន​មួយ​ដុល្លារ​ផង​ក្នុង​មួយថ្ងៃ។

នៅក្នុង​បរិបទ​បែបនេះ ការ​បំផុស​ចលនា​នាំគ្នា​ចូលរួម​ក្នុង​សកម្មភាព​សង្គម ឬ​ការពង្រីក​វប្បធម៌​ចែករម្លែក​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​គឺជា​សកម្មភាព​ដ៏​មាន​សារសំខាន់​មិនអាច​មើលរំលង​បាន។ តាមពិត មនុស្ស គ្រប់គ្នា​សុទ្ធតែ​អាច​ចូលរួម​ជួយ​សង្គម​បាន​ទាំងអស់​មិន​ថា​អ្នកមាន​ឬ​អ្នកក្រ​ឡើយ។ ជួយ​សង្គម​មិនចាំបាច់​ដល់​ទៅ​ចំណាយធនធាន​អ្វី​ឡើយ តែ​ការចំណាយ​ត្រឹម​កម្លាំងកាយ​ចិត្ត​ខ្លះ​ដើម្បី​ប្រយោជន៍​រួម ឬ​ការធ្វើ​ខ្លួន​ឲ្យ​ក្លាយជា​ធនធាន​ដ៏​ល្អ​របស់​ប្រទេស​ឬក៏​យ៉ាងហោចណាស់​ត្រឹមតែ​កុំ​បង្កបញ្ហា​ដល់​សង្គម​ឬក៏​ចាត់ទុកថា​ជួយ​សង្គម​រួចទៅហើយ។

សម្រាប់​ប្រទេសមួយ​ដែល​ទើបតែ​ងើប​ពី​ភាព​ខ្ទេចខ្ទាំ​ដូច​កម្ពុជា ការស្តា​ស្ថានភាព​ឡើងវិញ មាន​កត្តា​ពីរ​ជា​ស្នូល៖ ទី១គឺ​ការដឹកនាំ​ត្រូវ និង​ទី២គឺ​ការចូលរួម​យ៉ាង​សស្រាក់សស្រាំ​ពី​សំណាក់​ប្រជាពលរដ្ឋ។ ការបញ្ចប់​សង្គ្រាមស៊ីវិល និង​ឱកាស​នៃ​ការអភិវឌ្ឍ​ដែលមាន​សព្វថ្ងៃ​គឺជា​សមិទ្ធផល​ដ៏​ធំធេង​មួយ​សម្រាប់​ប្រទេស​និង​ប្រជាជន​កម្ពុជា។ ប៉ុន្តែ នៅមាន​បញ្ហា​ច្រើនយ៉ាង​ណាស់​នៅក្នុង​ការដឹកនាំ​ដែល​ត្រូវ​កែលម្អ។ រីឯ​ការចូលរួម​រប​ស់​ពលរដ្ឋ​ក៏​ជា​អ្វីដែល​ត្រូវ​បំផុស​និង​លើកទឹកចិត្ត​ឲ្យ​បាន​ខ្លាំងក្លា​ដែរ។

សរុប​មកវិញ ការធានា​ឲ្យ​មាន​យុត្តិធម៌​សង្គម និង​ការបែងចែក​ភាគ​ផល​នៃ​ការអភិវឌ្ឍន៍​ឲ្យ​បាន​សមស្រប​ដល់​ពលរ​ដ្ឋ​គឺជា​កាតព្វកិច្ច​របស់​អ្នកដឹកនាំ​ប្រទេស។ រីឯ​ការចូលរួម​ដើម្បី​ជួយ​សង្គម​គឺជា​កាតព្វកិច្ច​របស់​ព​ល​រដ្ឋគ្រប់ៗគ្នា។ នេះ​ជា​បេសកកម្ម​ពីរ​ចាំបាច់​ដែល​ត្រូវ​ចាប់​ផ្តើមធ្វើ​ព្រម​គ្នា​ដើម្បី​ធានា​ឲ្យ​សង្គម​កម្ពុជា​ស្គាល់​ការអភិវឌ្ឍ​លឿន​រហ័ស និង​ប្រកបដោយ​និរន្តរភាព៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត