កម្ពុជា

លោក ចន ឃែរី សង្កត់​ធ្ងន់​ពី​ដំណើរ​ការ​លទ្ធិ​ប្រជាធិប​តេយ្យ​និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ក្រោយ​ធ្វើ​ទស្សន​កិច្ច​ពីរ​ថ្ងៃ​នៅ​ភ្នំពេញ​

លោករដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃឺរ៉ី។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃឺរ៉ី។ @RFI/Siv Channa

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ភ្នំពេញ ​លោក ​ចន ​ឃែរី​ ប្រមុខ​ការ​ទូត​អាមេរិក​ បាន​លើក​យក​បញ្ហា​ជា​ច្រើន​ ទៅជ​ជែក​ជាមួយ​ប្រមុខ​ដឹកនាំ ​តំណាង​បក្ស​ប្រឆាំង​ និង​តំណាង​សង្គម​ស៊ីវិល​នៅ​កម្ពុជា​។ ក្នុង​ចំណោម​នោះ ​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ គឺ​ជា​ប្រធាន​បទ​សំ​ខាន់​ ដែល​ត្រូវ​បាន​ភាគី​អាមេរិក​ លើក​យក​ទៅ​ដាក់​លើ​តុ​ពិភាក្សា​។

ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សន​កិច្ច​របស់​លោក ​John Kerry ​រដ្ឋ​មន្ត្រី​ក្រសួង​កា​របរទេស​អាមេរិក​ បាន​បិទ​បញ្ចប់​ហើយ​នៅ​កម្ពុជា ​នៅថ្ងៃអ​ង្គារ​ទី​២៦​មករា​។ នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​ក្រោយ​បិទ​បញ្ចប់​ទស្សនកិច្ច​ លោក ​ចន ឃែរី ​បាន​ប្ដេជ្ញា​ចិត្ត​បន្ត​ទំនាក់​ទំ​នងល្អ​រវាង​ប្រទេស​ទាំងពីរ​។ បើ​តាម​លោក ​ចន​ ឃែរី ​អាមេរិក​ នឹង​ជំរុញ​បន្ថែម​ឲ្យកម្ពុជា ​បន្ត​អនុវត្ត​លទ្ធិ​ប្រជា​ធិប​តេយ្យ​ លើក​កម្ពស់​សិទ្ធិ​មនុស្ស​ ព្រម​ទាំង​ធានា​ដំណើរ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​។

ទាក់ទង​នឹង​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​។ ប្រមុខ​ការ​ទូតអា​​មេរិក​ បាន​សង្កត់​ធ្ងន់​ចំពោះ​រដ្ឋា​ភិបាល ​ដែល​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​អស់ ​អាច​ធ្វើ​ស​កម្មភាព​ បំពេញ​តួនាទី​របស់​ខ្លួន​បម្រើ​ប្រជា​ពលរដ្ឋ​ ដោយ​គ្មាន​ការ​ភ័យខ្លាច​ ការ​វាយ​ធ្វើ​បាប​ និង​ការ​ចាប់​ខ្លួន​ជាដើម​។ បើតាម​លោក ចន ឃែរី ​នេះ​គឺ​ជា​គោល​ការណ៍​គ្រឹះ​របស់​រដ្ឋាភិបាល​ ក្នុង​សង្គម​ប្រជា​ធិប​តេយ្យ​។

ខណៈ​ដែល​កម្ពុជា​ត្រូវ​រៀប​ចំការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៨​ខាង​មុខ​ ប្រមុខការ​ទូត​អាមេរិក​គូស​បញ្ជាក់​ថា ការ​ជជែក​ដេញ​ដោល​គ្នា​ផ្នែក​នយោ​បាយ​ដោយ​សន្តិភាព​ មាន​ភាព​ចាំ​បាច់​ណាស់​។ និង​ថា អាមេរិក នឹង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កម្ពុជា​ សម្រាប់​ការ​បោះ​ឆ្នោត​ក្រោយ​ៗ​ទៀត​។

សូម​ជម្រា​ប​ជូនថា ​ការ​លើក​ឡើង​របស់​ប្រមុខ​កាទូត​អាមេរិក​ដូច្នេះ ​ធ្វើ​ឡើង​ខណៈ​ពេល​ដែល​កម្ពុជា​កំពុង​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ ដោយ​មាន​ជំនួយ​ពី​ប្រទេស​ជប៉ុន​ និង​សហភាព​អឺរ៉ុប​។ និងប​ន្ទាប់​ពី​មាន​ការ​ដក​អភ័យ​ឯក​សិទ្ធិ​និង​បុព្វសិទ្ធិ​ជា​តំណាងរាស្ត្រ​របស់​លោក ​សម ​រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ការ​វាយ​ដំ​ដោយ​ហិង្សា​ទៅ​លើ​តំណាង​រាស្ត្រ​ពីរ​រូប​របស់​គណបក្ស​ជំទាស់​នៅ​ក្បែរ​របង​រដ្ឋសភា ​និង​ការ​ដក​តំណែង​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា​ របស់​លោក​ កឹម សុខា ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ចុង​ឆ្នាំ​២០១៥​កន្លង​ទៅ​។

ទន្ទឹម​នឹង​ប្រធាន​បទ​ដ៏​រសើប​ទាំង​នេះ ​ប្រមុខ​ការ​ទូត​អាមេរិក​បាន​ឆ្លៀត​ឱកាស​គូស​បញ្ជាក់​ពី​ភាព​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ដោយ​ក្នុង​នោះ ​អាមេរិក​ គឺ​ជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​មួយ​របស់​កម្ពុជា​ ដែល​មាន​តម្លៃ​ជិត​ពីរ​ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​២០១៤​។ ប៉ុន្តែ​ការ​ពង្រីក​ទំនាក់​ទំនង​ពាណិជ្ជ​កម្មណា​មួយ​ជាមួយ​កម្ពុជា​នា​ពេល​ខាង​មុខ ​វា​ត្រូវ​អាស្រ័យ​លើ​ដំណោះ​ស្រាយ​របស់​កម្ពុជា ​ចំពោះ​បញ្ហា​រសើប​ដែល​បាន​លើក​ឡើង​ខាង​ដើម​ផង​៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI