សហរដ្ឋអាមេរិកអំពាវនាវឲ្យមានការស៊ើបអង្កេតលើករណីស្លាប់សកម្មជនអតីតគណបក្សសង្រ្គោះជាតិ
ចុះផ្សាយនៅថ្ងៃ៖
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍សម្តែងក្តីបារម្ភទាក់ទងនឹងមរណភាព របស់លោក ទិត្យ រ៉ន វ័យ ៣៧ឆ្នាំអតីតសកម្មជនគណបក្សសង្គ្រោះជាតិដែលបានស្លាប់ក្រោយពីប៉ូលិសចាប់ឃុំឃាំងមិនទាន់បាន៤៨ម៉ោងផង។ លើសពីនេះទៀត សហរដ្ឋអាមេរិកអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ និងបញ្ឈប់ការរឹតបន្តឹងខាងនយោបាយ និងដោះលែងអ្នកនយោបាយដែលជាប់ឃុំ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលមានចំណងជើងថា «មរណភាពលោកទិត្យ រ៉ននិងចំណាត់ការប្រឆាំងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ» អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យនិងជាបន្ទាន់ទាក់ទងនឹងការចាប់ខ្លួននិងការឃុំឃាំងដោយអាជ្ញាធរ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោក អ៊ាម ទិត្យ ជាឪពុករបស់លោក ទិត្យ រ៉ន បានអះអាងថា កូនរបស់លោកស្លាប់ដោយអាថ៌កំបាំង ដោយបាក់ក ជាំភ្នែកនិងមានស្នាមជាំ ពេញខ្លួន បន្ទាប់ពីសមត្ថកិច្ចប៉ុស្តិ៍ទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមចាប់ខ្លួនកាលពីថ្ងៃទី១៥ខែមេសា ហើយនៅថ្ងៃទី១៨ខែមេសាខាងពន្ធនាគារបានប្រាប់ថា កូនរបស់លោកបានស្លាប់នៅពន្ធនាគារ ស្របពេលកូនរបស់លោកគ្មានជំងឺអ្វីសោះពីមុនមក។
ទោះជាយ៉ាងណាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមបកស្រាយថា លោកទិត្យ រ៉ន ត្រូវចាប់ខ្លួនដោយសារបានប្រព្រឹត្តបទល្មើសពីមុន។មត្ថកិច្ចអះអាងថា លោក ទិត្យ រ៉ន ស្លាប់ដោយសារដួលបោកក្បាលទៅនឹងជ្រុងអាងទឹកក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្ន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថាករណីស្លាប់របស់សកម្មជនបក្សប្រឆាំងរូបនេះជាដែនសមត្ថកិច្ចរបស់តុលាការកម្ពុជា ដោយលោកថា អាមេរិកគ្មានសិទ្ធិជ្រៀតជ្រែកកិច្ចការរបស់កម្ពុជាឡើយ។
ក្រៅពីករណីស្លាប់សកម្មជនបក្សប្រឆាំងនេះ ក្រសួងការបរទេសស.រ.អា. ក៏បង្ហាញកង្វល់និងការសោកស្តាយទាក់ទងនឹងវិធានការរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិជាង៦០ នាក់ ។ លើសពីនេះទៀត ក្រសួងការបរទេសស.រ.អា.អំពាវនាវឲ្យរដ្ឋាភិបាល បញ្ឈប់ការរឹតបន្តឹងខាងនយោបាយ និងដោះលែងអ្នកដែលត្រូវចាប់ខ្លួនតាមអំពើចិត្តដោយខុសច្បាប់រួមមាន លោក កឹម សុខា និងសកម្មជនជាច្រើនទៀត រួមទាំងអ្នកដែលត្រូវចាប់ខ្លួនថ្មីៗនេះ។
បើតាមសហរដ្ឋអាមេរិក រដ្ឋាភិបាលកម្ពុជាត្រូវស្តារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សឡើងវិញព្រមទាំងគោរច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជាតែងតែបកស្រាយថាចំណាត់ការទៅអតីតបក្សប្រឆាំងគឺជាការអនុវត្តច្បាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ