អាជ្ញាធរដោះលែងក្រុមយុវជនដែលចាក់បញ្ចាំងវីដេអូឃាតកម្ម លោកបណ្ឌិត កែម ឡី ក្រោយសាកសួររយៈពេលជិត៤ ម៉ោង
ចុះផ្សាយនៅថ្ងៃ៖
ក្រោយឃាត់ខ្លួននិងសាកសួរជិត ៤ ម៉ោង អាជ្ញាធរខណ្ឌឬស្សីកែវ បានសម្រេចដោះលែង ក្រុមយុវជនមកពីសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ បួនរូប ដែលគ្រោងបញ្ចាំងវីដេអូរបស់ទូរទស្សន៍អាល់ហ្សាហ្សឺរ៉ា ស្តីពីការស៊ើបអង្កេតជុំវិញ ឃាតកម្មលោក បណ្ឌិត កែម ឡី នៅទីស្នាក់ការរបស់ខ្លួន នៅថ្ងៃទី ១២ មីនា នេះ។ យ៉ាងណាក៏ដោយក្រោយការដោះលែង អាជ្ញាធរបានបង្គាប់ឲ្យយុវជនទាំងបួនរូប ចុះកិច្ចសន្យាជាលាយលក្ខអក្សរថាបញ្ឈប់ការចាក់បញ្ចាំងវីដេអូនេះ បើគ្មានការអនុញ្ញាតពីអាជ្ញាធរនិង តម្រូវឲ្យពួកគេប្រគល់វីដេអូដែលគ្រោងចាក់បញ្ចាំងទៅឲ្យអាជ្ញាធរផង។
មូលហេតុដែលឈានទៅដល់ការឃាត់ខ្លួន លោក មួង សូនី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ និង សមាជិកបីរូបទៀត រូបមាន លោក លោក សួង នាគព័ន្ធ លោក សំណាងលោក ចាន់ ឡូត ត្រូវបានអាជ្ញាធរខណ្ឌឬស្សីកែវ បញ្ជាក់ថា ដោយសារតែពួកគេ មិនបានសុំការអនុញ្ញាតចាក់បញ្ចាំងពីអាជ្ញាធរជាមុន បើទោះបីជាអាជ្ញាធរបានទៅផ្តល់ដំណឹងមុនមួយថ្ងៃមុនការចាប់បញ្ចាំងឲ្យពួកគេឲ្យសុំការអនុញ្ញាតក៏ដោយ។ ខណៈសំណុំរឿងបណ្ឌិត កែម ឡី កំពុងស្ថិតនៅក្នុងដៃតុលាការនៅឡើយ។
ចំណែកឯលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានប្រតិកម្មនៅលើទំព័រហ្វេសប៊ុករបស់លោកថា យុទ្ធនាការរបស់ក្រុមយុវជននេះ មានលទ្ធភាពបង្ក ឬញុះញ៉ង់ សាធារណៈជន ឲ្យបាត់បង់ជំនឿលើសេចក្តីសម្រេច ឬកិច្ចការងារនៃដែនសមត្ថកិច្ចរបស់តុលាការ ដែលកំពុងបន្តនីតិវិធី ដូចចែងនៅក្នុងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យដដែល សរសេរថា ការស្លាប់របស់ លោក កែម ឡី គឺជាវត្ថុបំណងនៃក្រុមដែលទទួលបានផលប្រយោជន៍ ប្រជាប្រិយ នៃនយោបាយសង្រ្គោះជាតិ និងបរទេសដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលតែប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក មួង សូនី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ ចាត់ទុកថា ការឃាត់ខ្លួនរបស់អាជ្ញាធរទៅលើក្រុមយុវជននេះគឺធ្វើឡើងដើម្បីគំរាម និងបំបាក់ស្មារតីរបស់អ្នកដែលព្យាយាមរកការពិតលើឃាតកម្មលោកបណ្ឌិតកែមឡី។
សមាគមមួយនេះ សង្កត់ធ្ងន់ថា វីដេអូនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយទូរទស្សន៍ អារ៉ាប់ អាល់ហ្សាហ្សឺរឺ ដែលរៀបរាប់ពីឃាតកម្មលើលោក បណ្ឌិត កែមឡី នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និង យូធូប រួចមកហើយកាលពីខែ មករា ឆ្នាំ ២០១៧ កន្លងទៅ។ ដោយគ្រាន់តែសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ យកមកបកប្រែជាភាសាខ្មែរប៉ុណ្ណោះ។ ជាងនេះទៅទៀត ការចាក់បញ្ចាំងនេះ គឺធ្វើឡើងនៅកន្លែងឯកជន ដែលមិនធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឡើយ។
ក្រោយសាកសួរយៈពេលជិត ៤ ម៉ោង មុនការដោះលែង អាជ្ញាធរខណ្ឌឬស្សី បានបង្គាប់ឲ្យក្រុមយុវជនទាំងបួនរូប ចុះកិច្ចសន្យាជាលាយលក្ខអក្សរថាបញ្ឈប់ការចាក់បញ្ចាំងវីដេអូនេះ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរនោះឡើយ និង តម្រូវឲ្យពួកគេប្រគល់វីដេអូដែល គ្រោងចាក់បញ្ចាំងទៅអាជ្ញាធរផង។
សូមបញ្ជាក់ថា តាមគម្រោង សមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ នឹងចាក់បញ្ចាំងវីដេអូពីឃាតកម្ម លោក បណ្ឌិត កែម ឡី របស់ទូរទស្សន៍អាល់ហ្សាហ្សឺរ៉ា ព្រមទាំងវីដេអូ ពាក់ព័ន្ធនឹងឃាតកម្មបណ្ឌិត កែម ឡី នៅស្តារម៉ាត (Star Mart) កាល់តិច (Caltex) បូកគោ ដែលត្រូវបានគេបង្ហាញនៅតុលាការ កាលពីពេលថ្មីៗនេះ។ ក៏ប៉ុន្តែមិនទាន់ទាំងបានចាក់បញ្ចាំងផង ក៏ត្រូវបានអាជ្ញាធរខណ្ឌឬស្សីកែវ ឃាត់ខ្លួននិងនាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែតែម្តង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ