អានតួអត្ថបទ
កម្ពុជា

សមាគម​វៀត​ណាម​នៅ​កម្ពុជា​កំពុង​រៀប​ចំ​គម្រោង​សកម្មភាព​ប្រឆាំង​ចិន​

ប្រជាជនវៀតណាមតវ៉ាប្រឆាំងចិន។
ប្រជាជនវៀតណាមតវ៉ាប្រឆាំងចិន។ @Google
ដោយ៖ វណ្ណ សុគន្ធា
១៥ នាទី

ក្រោយពី​ផ្ទុះ​បាតុកម្ម​ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​វៀតណាម​ប្រឆាំងនឹង​ទង្វើ​ខួង​ប្រេង​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះមក ជន​ជាតិចិន​ជាច្រើន​បាននាំគ្នា​ចាកចេញ​ពី​ប្រទេស​វៀតណាម​ចូលមក​កម្ពុជា។ សហគមន៍​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​ក៏​គ្រោង​ធ្វើ​សកម្មភាព​ប្រឆាំង​ចិន​ផងដែរ ប៉ុន្តែ សកម្មភាព​នោះ​មិនមែនជា​បាតុកម្ម​ទេ។ នេះ​បើ​យោងតាម​ប្រធាន​សមាគម​សហព័ន្ធ​ខ្មែរ​វៀតណាម​ប្រចាំ​កម្ពុជា។ 

ផ្សាយពាណិជ្ជកម្ម

សមាគម​សហព័ន្ធ​ខ្មែរ វៀតណាម​ប្រចាំ​នៅ​កម្ពុជា​អាច​នឹងធ្វើ​សកម្មភាព​មួយចំនួន​ដើម្បី​ប្រឆាំង​ចិន។ លោក ស៊ឹម ជី ប្រធាន​សមាគម​សហព័ន្ធ​ខ្មែរ វៀតណាម​ប្រចាំ​នៅ​កម្ពុជា បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា លោក​គ្មាន​គម្រោង​ដឹកនាំ​ធ្វើបាតុកម្ម​ប្រឆាំង​ស្ថានទូត​ចិន​នៅលើ​ទឹក​កម្ពុជា​នោះទេ ក៏ប៉ុន្តែ​អាច​នឹងធ្វើ​សកម្មភាព​មួយចំនួន​ប៉ុណ្ណោះ។

លោក ស៊ឹម ជី បានបញ្ជាក់​យ៉ាង​ដូច្នេះ ខណៈ​លោក​កំពុងធ្វើការ​ជួបប្រជុំ​ជាមួយ​គណៈកម្មការ​នៃ​សមាគម​របស់លោក​ជុំវិញ​ការធ្វើសកម្មភាព​ប្រឆាំង​ចិន​នៅ​ថ្ងៃទី ១៥ ឧសភា​នេះ។

សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បាន​ចុះផ្សាយ​ថា សមាគម​វៀតណាម​នៅ​កម្ពុជា​គ្រោង​ធ្វើបាតុកម្ម​ប្រឆាំង​ចិន​ក្រោយ​ពេលដែល​ប្រជាជន​ចិន​មួយចំនួន​បាន​សម្រុក​ចូលមក​ប្រទេស​កម្ពុជា​ដើម្បី​សុវត្ថិភាព​បន្ទាប់ពី​មាន​បាតុកម្ម​ប្រឆាំង​ចិន​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ប្រទេស​វៀតណាម។

ប៉ុន្តែ អាជ្ញាធរ​កម្ពុជា​បាន​ព្រមាន​ថា មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​ណា​ធ្វើបាតុកម្ម​ប្រឆាំង​ប្រទេស​ណាមួយ​នៅលើ​ទឹកដី​កម្ពុជា​បាន​នោះឡើយ។ ទំនងជា​ហេតុផល​នេះហើយ​បានជា​សមាគម​វៀតណាម​នៅ​កម្ពុជា​អះអាងថា​មិន​ធ្វើបាតុកម្ម​ទេ។

លោក​ឧ​ត្ត​ម​សេនីយ៍ សុខ ផល ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​មិនបាន​បង្ហាញ​ឲ្យ​ដឹង​ពី​តួលេខ​ប្រជាជន​ចិន​ដែល​បាន​សម្រុក​ចូលមក​កម្ពុ​ជា​ពី​ប្រទេស​វៀតណាម​ដើម្បី​សុវត្ថិភាព​នោះទេ ​ដោយ​លោក​បាន​បង្វែ​សំណួរ​ទៅ​លោក​គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​វិញ។ ក៏ប៉ុន្តែ លោក​គៀត ច័ន្ទ​ថា​រិ​ទ្ធ មិនអាច​ទាក់ទង​សុំ​បំភ្លឺ​បាន​នោះទេ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តី៍ ទី ១៥ ឧសភា​នេះ។

សូមបញ្ជាក់ថា បញ្ហា​រវាង​ចិន និង​វៀតណាម​នៅ​សមុទ្រ​ចិន​ខាងត្បូង​កំពុង​ឡើងក​ម្តៅ​ដល់​ចំណុចកំពូល។ ដល់​ចំណុចកំពូល​ដោយសារតែ ចិន​បាន​បញ្ជូន​នាវា​របស់​ខ្លូន​ទៅ​ខួង​ប្រេង​នៅ​តំបន់​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ នាវា​របស់​ចិន និង វៀតណាម​បាន​បាញ់​ទឹក​ដាក់គ្នា​ដើម្បី​បញ្ឈប់​សកម្មភាព​ខួង​ប្រេង។

ជាមួយគ្នានេះ ប្រជាជន​វៀតណាម​បានធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ចិន​រហូត​វាយកម្ទេច​ក្រុមហ៊ុន​ចិន​មួយចំនួន​នៅក្នុង​ប្រទេស​វៀតណាម​ផងដែរ។ តាម​សេចក្តីរាយការណ៍ មាន​អ្នកស្លាប់​និង​រងរបួស​ជាច្រើន​នៅក្នុង​សកម្មភាព​ធ្វើបាតុកម្ម​របស់​ប្រជាជន​វៀតណាម​នេះ។ ស្របពេល​ជាមួយ​គ្នានេះ​ដែរ ចិន​ក៏បាន​ប្រកាស​ព្រមាន​ដល់​អ្នកទេសចរ​របស់​ខ្លួន​កុំ​ឲ្យ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ