កម្ពុជា

វៀតណាម​មក​កំសាន្ត​នៅ​កម្ពុជា​ច្រើន ក្នុង​ឱកាស​បុណ្យ​ជាតិ​របស់​គេ

ទេសចរ​វៀតណាម​ថត​រូប​នៅ​វិមាន​ឯករាជ្យ​ ក្រុង​ភ្នំពេញ
ទេសចរ​វៀតណាម​ថត​រូប​នៅ​វិមាន​ឯករាជ្យ​ ក្រុង​ភ្នំពេញ © សុវណ្ណារ៉ា/RFI

សមត្ថកិច្ច​នៅ​ច្រក​អន្តរជាតិ​កម្ពុជា​វៀតណាម និង​ក្រុម​អ្នក​ទទួល​ខុសត្រូវ​ផ្នែក​ទេសចរណ៍​បាន​អះអាង​ថា ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​វៀតណាម​កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ ប្រជាជន​វៀតណាម​ជាច្រើន​បាន​ចូល​មក​ទស្សនា​កម្ពុជា។ របាយការណ៍​បាន​បង្ហាញ​ថា មាន​ទេសចរ​វៀតណាម​ជិត​មួយ​ម៉ឺន​នាក់​ ដែល​បាន​ឆ្លង​ ចូល​មក​ដើរ​លេង​នៅ​កម្ពុជា ​ក្នុង​រយៈ​ពេល​២​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​២៩ និង​៣០​មេសា។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច

ទេសចរ​វៀតណាម​ជិត​មួយ​ម៉ឺន​នាក់​បាន​ឆ្លង​ចូល​មក​ដើរ​កំសាន្ត​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈ​ពេល​២​ថ្ងៃ​ចុង​ខែ​មេសា​កន្លង​ទៅ​នេះ ក្នុង​ឱកាស​ដែល​ពលរដ្ឋ​វៀតណាម​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ​របស់​គេ។ យោង​តាម​ការ​អះអាង​របស់​នាយ​ប៉ុស្ត៍​ព្រំដែន​អន្តរជាតិ​កម្ពុជា​វៀតណាម ប្រចាំ​ច្រក​បាវិត​-ម៉ុកបៃ​អោយ​ដឹង​ថា គ្រាន់តែ​ក្នុង​ពេល​២​ថ្ងៃ​ដូចគ្នា​កាល​ពី​ឆ្នាំ​២០០៩​កន្លង​ទៅ ចំនួន​ទេសចរ​វៀតណាម​បាន​កើន​ឡើង​នៅ​ឆ្នាំ​នេះ។ នាយ​ប៉ុស្ត៍​ដដែល​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា កាល​ពី​ឆ្នាំ​២០០៩ ក្នុង​ពេល​បុណ្យ​ជាតិ​វៀតណាម​២​ថ្ងៃ​នេះ មាន​ទេសចរ​វៀតណាម​ជាង​៦​ពាន់​នាក់​ប៉ុណ្ណោះ​ដែល​បាន​មក​កំសាន្ត​នៅ​កម្ពុជា។

 
            លោក ហូ វណ្ឌី​ សហប្រធាន​ក្រុម​ការងារ​ឯកជន​ផ្នែក​ទេសចរណ៍​បាន​ពន្យល់​ថា មូលហេតុ​សំខាន់​មួយ​ដែល​ធ្វើ​អោយ​ទេសចរ​វៀតណាម​កើនឡើង​នៅ​កម្ពុជា ហើយ​បាន​ឈាន​នាំមុខ​ចំនួន​ទេសចរ​ផ្សេង​ទៀត​នោះ គឺ​ព្រោះ​តែ​មាន​នយោបាយ​លើកលែង​ទិដ្ឋការ​រវាង​ប្រទេស​ទាំងពីរ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០០៨។ លោក ហូ វណ្ឌី​ បាន​បន្ត​អោយ​ដឹង​ថា ទេសចរ​វៀតណាម​នៅ​មាន​និន្នាការ​នាំមុខ​គេ​ទៀត នៅ​ឆ្នាំ​២០១០​នេះ​នៅ​ប្រទេស​កម្ពុជា។

            ក្នុង​ឆ្នាំ​២០០៩ ទេសចរ​វៀតណាម​បាន​ស្ថិត​នៅក្នុង​លំដាប់​ថ្នាក់​ទី​មួយ លើ​ទេសចរ​កូរ៉េ​ដែល​ធ្លាប់​នាំមុខ​គេ​កាល​ពី​ឆ្នាំ​២០០៧ និង​២០០៨។ ក្នុង​រយៈពេល​៣​ខែ​ដើម​ឆ្នាំ​២០១០​នេះ បើ​តាម​លោក​ហូ វណ្ឌី​ ទេសចរ​វៀតណាម​បាន​មាន​សន្ទុះ​នាំមុខ​គេ​រួច​ទៅហើយ​ជាមួយ​តួលេខ​ជាង​៩​ម៉ឺន​នាក់។

            គួរ​រំលឹក​ថា មិនមែន​មាន​តែ​វិស័យ​ទេសចរ​ទេ ចំនួន​វិនិយោគ​វៀតណាម​ក៏​បាន​ហក់ឡើង​ខ្លាំង​ក្នុង​ចំណោម​ប្រទេស​អ្នក​វិនិយោគ​ធំៗ​នៅ​កម្ពុជា។ ប្រទេស​វៀតណាម​ធ្លាប់​បាន​ប្តេជ្ញា​ថា នឹង​បង្កើន​តួលេខ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​អោយ​ឡើង​ដល់​ពីរ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១០​នេះ។

            របាយការណ៍​បានបង្ហាញ​ថា គិត​ចាប់​ពី​ឆ្នាំ១៩៩៤ដល់​ឆ្នាំ២០០៩កន្លងទៅនេះ ទុនវិនិយោគ​របស់​ប្រទេសវៀតណាមបានកើនឡើងដល់​២,៧ពាន់​លាន​ដុល្លារ។ តួលេខ​វិនិយោគ​ទើប​តែ​ហក់​ឡើង​ខ្លាំង​ក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ​តែ​ប៉ុណ្ណោះ។ គ្រាន់តែ​ក្នុង​រយៈ​ពេល​១១​ខែ​ឆ្នាំ​២០០៩ ទុន​វិនិយោគ​វៀតណាម​មាន​តម្លៃ​១,៦ពាន់​លាន​ដុល្លារ​រួច​ទៅ​ហើយ។ ការ​វិនិយោគ​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​ទៅ​លើ​វិស័យ​កសិឧស្សាហកម្ម ការ​កែច្នៃ​នាំ​ចេញ និង​ធនាគារ​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI