កម្ពុជា

ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ត្រូវ​រដ្ឋាភិបាល​សម្រេច​ផ្អាក​ឆ្នាំ​នេះ​ទៀត

ទិដ្ឋភាពព្រះរាជពិធីបុណ្យអុំទូក
ទិដ្ឋភាពព្រះរាជពិធីបុណ្យអុំទូក RFI/Siv Channa

រដ្ឋាភិបាល​បាន​សម្រេច​​ផ្អាក​​រៀបចំ​​ព្រះរាជពិធី​បុណ្យ​អុំទូក អក​អំបុក​ សំពះ​ព្រះខែ​ដែល​នឹង​ប្រព្រឹត្តទៅ ​នៅ​រាជធានីភ្នំពេញ​ នៅ​​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះទៀត ដោយ​មូលហេតុ​គ្រោះ​មហន្តរាយ​ទឹក​ជំនន់។ សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​នេះ​ត្រូវបានធ្វើឡើង​ ខណៈ​គណបក្ស​សង្គ្រោះជាតិ​បាន​អំពាវនាវ​អោយ​ពលរដ្ឋ​នៅ​បន្ត​ធ្វើ​មហាបាតុកម្មអហិង្សា​ ក្រោយ​ពួកគេ​ឡើង​មក​កំសាន្ត​បុណ្យអុំទូក​នៅ​ភ្នំពេញ​នោះ។

ផ្សាយពាណិជ្ជកម្ម

គ្មាន​ឡើយ​ការ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យអុំទូក អកអំបុក សំពះ​ព្រះខែ​ នៅ​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨​ខែ​វិច្ឆិកា​នៅ​ក្នុង​ឆ្នាំនេះ នៅក្នុង​រាជធានីភ្នំពេញ។ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្អាក​រៀបចំ​ព្រះរាជពិធី​នេះ​ ដោយ​យោង​ទៅ​លើ​ហេតុផល​នៃ​គ្រោះ​មហន្តរាយ​​ទឹក​ជំនន់ និង​ការ​ខូចខាត​ទ្រព្យ​របស់​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ជាច្រើន​។

សារាចរ​​​របស់​រដ្ឋាភិបាល​ដែល​ត្រូវបាន​ផ្សព្វផ្សាយ ​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​៦​តុលា បាន​សរសេរថា ក្រៅពី​ការ​លិចលង់ និង​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​យ៉ាង​ធ្ងន់ធ្ងរ និង​​មនុស្ស​ស្លាប់​ជាច្រើន​ទៀត​ផងនោះ ស្ថានភាព​កំពស់​ទឹក​នៅ​តែស្ថិត​នៅ ​ក្នុង​កម្រិត​ ដែល​គេ​ត្រូវ​ប្រុងប្រយ័ត្ន ហើយ​ទាមទារ​អោយ​​រដ្ឋាភិបាល​ត្រូវ​​ប្រមូល​កំលាំង​ និង​មធ្យោបាយ​សរុប​ ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះ​ធម្មជាតិ​។ ដូច្នេះ រដ្ឋាភិបាល​ត្រូវ​សម្រេច​ផ្អាក​ការ​រៀបចំ​ព្រះរាជពិធី​អុំទូក ​នៅតាម​ទន្លេសាប​ មុខ​ព្រះ​បរម​រាជវាំង ​ក្នុង​រាជធានីភ្នំពេញ។ ប៉ុន្តែ​ថា ការ​រៀបចំ​បុណ្យ​អុំទូក​នេះ ​នៅ​តាម​ទីកន្លែង​ផ្សេងៗ នៅ​តាម​បណ្តា​ខេត្ត ក្រុង​នានា​ អាច​ប្រព្រឹត្តទៅ​បាន ​តាម​លទ្ធភាព​របស់​ពលរដ្ឋ​នៅទីនោះ។ ហើយ​ថា មន្ត្រី​រាជការ និង​សិស្សានុសិស្ស កម្មករ​ និយោជិក​​ដែល​ត្រូវ​ឈប់​សំរាក​ពីការ​ងារ​តាម​ប្រតិទិន​នោះ ពួកគេ​អាច​ឈប់​សំរាក​ដូច​ធម្មតា​ដដែល។ យោងតាម​សារាចរ​ដដែល រដ្ឋាភិបាល​ក៏​បាន​ណែនាំ​អោយ​ក្រសួង ស្ថាប័ន រាជធានី ខេត្ត​ បន្ត​ជួយ​សង្គ្រោះ​ដល់ពលរដ្ឋ​រងគ្រោះ ដោយ​ការ​ផ្តល់​ស្បៀង ជម្រក ថ្នាំពេទ្យ​ ជាដើម​ដល់ពួកគេ។

នេះ​ជា​ឆ្នាំ​ទី​៣​ជាប់ៗគ្នា​ហើយ ដែល​រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​មិន​រៀបចំ​ព្រះរាជពិធី​បុណ្យ​អុំទូក។ នៅ​ឆ្នាំ២០១១ គ្រោះ​មហន្តរាយ​ធម្មជាតិ​ទឹក​ជំនន់ និងខ្យល់​ព្យុះ​បាន​បំផ្លាញ​កម្ពុជា​យ៉ាង​ដំណំ បន្ត​ដោយ​​ការ​យាង​សោយទិវង្គត​នៃ​អង្គ​សម្តេច​ឪ​នរោត្តម សីហនុ ​ក្នុង​ឆ្នាំ​២០១២ បាន​បង្ខំ​អោយ​រដ្ឋាភិបាល​ប្រកាស​មិន​រៀបចំ​ព្រះរាជពិធីប្រពៃណីជាតិ ​ដែលជា​ឱកាស​នៃ​ការ​ជួបជុំ​​ប្រជាពលរដ្ឋ​ពី​តាម​បណ្តា​ខេត្ត​មកក្នុង​រាជធានី។

គឺ​ក្នុង​ឱកាស​បុណ្យ​អុំទូក​នេះ​ហើយ ដែល​ក្រុម​កីឡា​ករ​​ទូក​ប្រណាំង​ទាំងអស់ ​ដែលអាច​ចាកចេញ​ពី​ភូមិ​កំណើតមក​ចូលរួម​ប្រណាំង​ទូក​នៅ​ភ្នំពេញ​បាន​ ខណៈ​ពួកគេ​សុទ្ធ​តែ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​មន្ត្រី​ធំៗ និង​អ្នក​មាន​ទ្រព្យ​សម្បត្តិ​នានា។

សូម​បញ្ជាក់ផងដែរ​ថា ​មុន​បិទ​បញ្ចប់​វេទិកា​មហាជននៅ​លើទីលាន​ប្រជាធិបតេយ្យ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យនេះ លោក​កឹម សុខាអនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ក៏​បាន​អំពាវនាវ​អោយ​ពលរដ្ឋ​ចូលរួម​ធ្វើ​មហាបាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះជាតិ ក្នុង​ឱកាស​នៃ​ព្រឹត្តិការណ៍​ធំ​ៗ​នៅ​ក្នុង​ពេល​ខាងមុខ រួម​មាន​ថ្ងៃទី​២៣​តុលា និង​ក្នុង​ពិធី​បុណ្យ​អុំទូក​ផងដែរ។ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI