កម្មករកម្មការនីបីនាក់ទទួលបានជ័យលាភីយល់ដឹងផ្នែកច្បាប់
ចុះផ្សាយនៅថ្ងៃ៖
កម្មករកម្មការនីបីនាក់ ទទួលបានជ័យលាភីយល់ដឹងពីច្បាប់ការងារនៃកម្ពុជា បន្ទាប់ពីពួកគេចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងចំណេះដឹងស្តីអំពីច្បាប់ការងារនៃប្រទេសកម្ពុជា។កម្មវិធីប្រកួតប្រជែងនេះត្រូវបានរៀបចំឡើងដោយអង្គការពលកម្មអន្តរជាតិ ILO នៅក្នុងគំរោងមួយដែលមានឈ្មោះថារោងចក្រកាន់តែប្រសើរនៅកម្ពុជា។
កម្មករ កម្មការនីកាត់ដេរចំនួនបីនាក់ ទទួលបានជ័យលាភី នៅក្នុងការប្រកួតប្រជែងចំណេះដឹង ស្តីពីច្បាប់ការងារនៃកម្ពុជា។ជ័យលាភីទាំងបីនាក់នេះ គឺ អ្នកនាង សេង ចន្នា មកពីរោងចក្រ GDM ទទួលបានចំណាប់ថ្នាក់លេខមួយ ដោយទទួលបាននូវ ប្រាក់រង្វាន់ ចំនួន ២៥០ ដុល្លារ និងទូរទស្សន៍ LCD មួយគ្រឿង។
ចំណាប់ថ្នាក់លេខពីរបានទៅលើ អ្នកនាងគឹម វណ្ណី មកពីរោងចក្រYNW ដែលបានទទួលរង្វាន់ ២០០ដុល្លា និងកង់មួយគ្រឿង និងចំណាប់ថ្នាក់លេខបីបានទៅលើ លោក នឹង តាំងសេង មកពីរោងចក្រ Roohsing ដែលទទួលបានរង្វាន់ជាទឹកប្រាក់ ១៥០ ដុល្លារ និងទូរស័ព្ទដៃរមួយគ្រឿង។
លោក គាំ ទីវា មន្ត្រីទំនាក់ទំនងនៃអង្គការ ILO បាននិយាយថា ការរៀបចំអោយមានកម្មវិធីប្រកួតប្រជែងចំណេះដឹងស្តីពីច្បាប់ការងារនេះ ឡើង គឺក្នុងគោលបំណងដើម្បីឲ្យកម្មករកម្មារនីបានយល់ដឹង អំពីច្បាប់ការងារអោយបានប្រសើរជាងមុន។សំរាប់មន្ត្រីអង្គការ ILO រូបនេះ ចំណេះដឹងទាក់ទងទៅនឹងច្បាប់ការងាររបស់កម្មករកម្មការនីខ្មែរនៅមានកំរិតនៅឡើយ។
លោកពន្យល់ថា៖“កម្មករភាគច្រើនមិនទាន់បានយល់អំពីច្បាប់ការងារនៃប្រទេសកម្ពុជា នៅឡើយទេ។ កត្តានេះនាំអោយ ការទាមទាររបស់ពួកគេជួបប្រទះនូវបញ្ហាស្មុគស្មាញ់ជាញឹកញាប់។ ដូចជាពួកគាត់មិនបានដឹងថា នៅពេលដែលធ្វើកូដកម្មមិនចូលធ្វើការ នោះ ថ្ងៃដែលពួកគេមិនចូលធ្វើការ មិនត្រូវបានគិតថ្លៃឈ្លួលអោយនោះទេជាដើម”។
ដូច្នេះ កម្មវិធីប្រកួតប្រជែងនេះនឹងជួយអោយពួកគាត់បានយល់ដឹងអំពីចំនុចទាំងអស់នេះ ដើម្បីអោយពួកគាត់ធ្វើការសម្រេចអោយបានត្រឹមត្រូវ មុននឹងធ្វើអ្វីមួយ។
គួររំលឹកថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយអង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO សហការណ៍ជាមួយនឹងស្ថានីវិទ្យុវាយោ FM 105.5 MHz ។ បេក្ខជនចំនួន ៣០០ នាក់ មកពីរោងចក្រកាត់ដេរ ៣២ នៅទូទាំងប្រទេសបានដាក់ពាក្យសុំចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។
មានតែបេក្ខជន ១៨ រូបប៉ុណ្ណោះ ដែលត្រូវជ្រើសតាមរយៈពាក្យសុំ និងការសម្ភាសន៍ អោយចូលរួមប្រកួត ។ ការប្រកួតនេះមានរយៈពេដល ៩ សប្តារហ៍ដោយគិតចាប់ពីថ្ងៃទី 6 តុលាមក ដោយអ្នកចូលរួមត្រូវធ្វើការប្រកួតប្រជែងគ្នានៅរៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៤ដល់ ម៉ោង ៥រសៀល និងមានការផ្សាយផ្ទាល់តាមវិទ្យុវាយោ FM 105.5 MHz ផងដែរ។ គណៈកម្មការធ្វើការផ្តល់ពិន្ទុទៅតាមការការបកស្រាយច្បាប់ ដោយមានអំណះអំណាងត្រឹមត្រូវ និងទៅតាមភាពក្លាហានរបស់ពួកគាត់ម្នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ