សកម្មជនអតីតបក្សប្រឆាំងមួយរូបទៀតរងការវាយប្រហារឲ្យរបួស តែសមត្ថកិច្ចថាកុំទាន់សន្និដ្ឋានប្រញាប់ប្រញាល់ពេក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សកម្មជនអតីតគណបក្សសង្គ្រោះជាតិមួយរូប ត្រូវបានជនមិនស្គាល់មុខចំនួនពីរនាក់លួចវាយប្រហារពីក្រោយចំក្បាលបណ្តាលឲ្យរងរបួសធ្ងន់ ដែលហេតុការណ៍នេះ ត្រូវបានចោទប្រកាន់ថាជាការប៉ុនប៉ងសម្លាប់។ ភ្លាមៗមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិនៅឯនាយសមុទ្រ បានប្រតិកម្ម ថាជាទង្វើលួចវាយប្រហាររបស់គណបក្សកាន់អំណាច ខណៈសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតនៅឡើយ។
ព្រមៗគ្នា បន្ទាប់ពីលោក ខៀវ ឌីន ដែលធ្លាប់ជាសមាជិកក្រុមប្រឹក្សាសង្កាត់កាកាប១ នៃខ័ណ្ឌពោធិ៍សែនជ័យ បានរងការវាយប្រហារពីមនុស្សមិនស្គាល់មុខចំនួន២នាក់ ដែលបានជិះម៉ូតូវាយដោយដំបងដែកចំពីលើក្បាល មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិក្នុងនោះមានលោក អ៊ុំ សំអាន លោក អេង ឆៃអ៊ាង លោកស្រី មួរ សុខហួរ ជាដើម បានទំលាក់ការទទួលខុសត្រូវនេះ ទៅលើមនុស្សរបស់រដ្ឋាភិបាលបច្ចុប្បន្ន។
តាមរយៈហ្វេសប៊ុក និងមានបង្ហាញរូបភាពបុរស់ចំណាស់ ក្នុងស្ថានភាពបែកក្បាលហូរឈាមពេញផ្ទៃមុខផងនោះ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិបានសរសេរថា លោក ខៀវ ឌីន ត្រូវបានជនល្មើសជិះម៉ូតូ២នាក់ ដូចក្នុងរូបថតពីកាម៉េរ៉ាសុវត្ថិភាព បានវាយឲ្យរបួសក្បាលជាទំងន់ដេរជាង១០ថ្នេរ ខណៈគាត់កំពុងជិះម៉ូតូតាមផ្លូវ។
ករណីនេះ ត្រូវលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ថ្លែងថាសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត។ តាមលោក ឆាយ គឹមឃឿន នៅពេលសមត្ថកិច្ចមិនទាន់រកឃើញពីមូលហេតុច្បាស់លាស់ គេពុំគួរធ្វើការសន្និដ្ឋានទំលាក់កំហុសទៅលើអ្នកណាមួយ ឬក៏ពុំគួរភ្ជាប់រឿងនេះទៅនឹងនយោបាយឡើយ។
ក៏ប៉ុន្តែ លោក អ៊ុំ សំអាន បានបញ្ជាក់តាមសំណេររបស់លោកថា សកម្មជនសង្គ្រោះជាតិចំនួន១៤នាក់ ត្រូវបានមនុស្សរដ្ឋាភិបាលក្រុងភ្នំពេញវាយធ្វើបាប ហើយសមត្ថកិច្ចមិនដែលចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសម្តងណាឡើយ។
ទោះយ៉ាងណា មន្ត្រីអង្គការសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិលនានា នៅថ្ងៃនេះដែរ បានជម្រុញឲ្យសមត្ថកិច្ចរដ្ឋាភិបាល ស្វែងរកចាប់ខ្លួនជនប្រព្រឹត្តបទល្មើសមកផ្តន្ទាទោស ដើម្បីចៀសវាងការរិះគន់ និងដើម្បីជាការលើកស្ទួយនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ