អានតួអត្ថបទ
កម្ពុជា

លោកឈុំ សុជាតិ៖​ ការ​កោះ​ហៅ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ចូល​សភា រឿង​ដំឡើង​ស័ក្ដិ​អ្នក​វាយ​តំណាង​រាស្ត្រជា​រឿង​វែង​ឆ្ងាយ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា © លាងដឺលុច
ដោយ៖ សឿង ភារៈ
១៨ នាទី

​អ្នក​នាំ​ពាក្យក្រសួង​ការ​ពារ​ជាតិ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ អន្តរ​ជាតិ​ថា ​បំណង​ចង់​កោះ​ហៅ​រដ្ឋ​មន្ត្រី​ក្រសួងការ​ពារ​ជាតិ​ ឲ្យ​ចូល​បំភ្លឺ​ក្នុង​រដ្ឋស​ភា ជុំវិញ​ការ​ដំឡើង​ឋានន្តរស័ក្ដិ​អង្គ​រក្ស​ម្នាក់ ដែល​វាយ​តំណាង​រាស្ត្រ គឺ​ជា​រឿងវែង​ឆ្ងាយ។ ចំណែក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បញ្ជាក់​ថា​គណបក្ស​មិន​ទាន់​បាន​ជជែក​ គ្នា​ជុំវិញ​រឿង​ស្នើឲ្យ​សភា​ហៅ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​មក​សាក​ សួរ​នៅ​ឡើយ​ទេ។ 

ផ្សាយពាណិជ្ជកម្ម

 

លោក​ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ នៅ​ថ្ងៃ​ទី២៨ ខែ​មករា​ថា បំណង​របស់​បក្ស​ប្រឆាំង​ចង់​កោះ​ហៅ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ ឲ្យ​ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា ជុំវិញ​ការ​ដំឡើងឋានន្តរស័ក្ដិ​អង្គ​រក្ស​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ម្នាក់ ក្រោយ​ពេល​វាយ​តំណាង​រាស្ត្រ គឺ​ជា​រឿង​វែងឆ្ងាយ​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា ការ​កោះ​ហៅ​នេះ​ត្រូវ​ឆ្លង​កាត់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា និង​ប្រធាន​រដ្ឋសភា​ទៀត​។ លោក​បន្ថែម​ថា បើ​មាន​ការ​កោះ​ហៅ​មែន នោះ​ក្រសួង​ការពារ​ជាតិ​នឹង​អញ្ជើញទៅ​បំភ្លឺ​តាម​ការ​ហៅ​របស់​រដ្ឋសភា។

លោក​អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ចំពោះ​រឿង​កោះ​ហៅ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ​ទៀ បាញ់។ លោក​បន្ថែម​ថា​នៅ​ថ្ងៃទី​៣០ ខែ​មករា​ខាងមុខ​នេះ ​គណបក្ស​សង្រ្គោះ​ជាតិ​នឹង​មាន​កិច្ច​ប្រជុំ​ប្រចាំ​ខែ​របស់​ខ្លួន​មួយ​ ហើយ​លោក​ក៏​មិន​ទាន់​ដឹង​ច្បាស់​ថានឹង​មាន​ការ​ជជែក​គ្នា​ពី​ការ​កោះ​ហៅ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ឬទេ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ភ្នំ​ពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ទី២៦ ខែ​មករា​បាន​ឲ្យ​ដឹង​ថា​លោក​ចាយ សារិទ្ធ ដែល​ត្រូវ​បាន​ដោះ​លែង​ចេញ​ពីពន្ធនាគារ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ពាក់​ព័ន្ធ​នឹង​ករណី​វាយ​តំណាង​រាស្ត្រគណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្ដិ​ពី​វរសេនីយ៍ឯក​ទៅ​ជា​ឧត្តមសេនីយ៍​ត្រី​តាម​ព្រះរាជ​ក្រឹត្យ​មួយ កាល​ពី​ថ្ងៃ​ទី២២ ខែ​វិច្ឆកា ឆ្នាំ​២០១៦​។

លោក​ឈុំ សុជាតិ​បញ្ជាក់​ថា​ការ​ដំឡើង​ឋានៈ​នេះ ធ្វើ​ឡើង​តាម​ឋានានុ​ក្រម មិន​មែន​ចង់​ឡើង​ឋានៈ​ឡើង​បាននោះ​ទេ ហើយ​លោក​ចាយ សារិទ្ធ ក៏​ធ្លាប់​បាន​អនុវត្ត​ទោស​តាម​ការ​សម្រេច​របស់​តុលាការ​ដែរ។

លោក​អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​បាន​លើក​ឡើង​ថា​ការ​ដំឡើង​ឋានៈ​នេះ ជា​រឿង​មិនសម​ស្រប និង​ជា​ការ​រំលោភ​ច្បាប់ រួម​ទាំង​លក្ខខន្តិក​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក៏​ដូច​ជា​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា​ដែរ។ លោក​បន្ថែម​ថា ​ជា​ធម្មតា​អ្នក​ដែល​មាន​ទោស​ គេ​មិន​អាច​ដំឡើង​ស័ក្ដិ​ឲ្យ​ទេ ហើយ​ការ​ដំឡើង​ស័ក្ដិ​នេះ​មិនដឹង​យោង​ទៅ​តាម​ច្បាប់​អ្វី​ទេ​។​

សូម​បញ្ជាក់​ថា​ករណី​វាយ​តំណាង​រាស្ត្រ ​គណ​បក្ស​ប្រឆាំង​ពីរ​រូប​កើតឡើង​កាលពី​ចុង​ខែ​តុលា​ឆ្នាំ​២០១៥ ធ្វើឲ្យតំណាង​រាស្ត្រ​២​រូប​របស់​គណបក្ស​ប្រឆាំង គឺ​លោក ញ៉យ ចំរើន និង​លោក​គង់ សភា រង​របួស។ ជន​ដៃ​ដល់៣នាក់ ក៏​បាន​បង្ហាញ​មុខ ហើយ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​សម្រេច​ផ្ដន្ទាទោស​ជន​ទាំងបី​នាក់​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​៤​ឆ្នាំ តែ​ទោស​នេះ​អនុវត្ត​ក្នុង​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​ចំនួន​១​ឆ្នាំ ហើយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។ ពួកគេត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦កន្លងទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ