កម្ពុជា

រូបថត​អាស​អាភាស​ជាង​ ៤លាន​សន្លឹក​ត្រូវ​លុប​ចោល​ជា​រៀង​រាល់​ឆ្នាំ!​

ត្រូវ​រាយការណ៍​ចំពោះ​អំពើកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារ តាមប្រព័ន្ធអ៊ិនធឺណិត។
ត្រូវ​រាយការណ៍​ចំពោះ​អំពើកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារ តាមប្រព័ន្ធអ៊ិនធឺណិត។ RFI@HENG Oudom

រូបថត​អាស​អាភាស​​ជាង​ ​៤លាន​ ត្រូវ​​លុប​ចេញ​​​ពី​ប្រព័ន្ធ​​អ៊ិនធឺណិត ​​ជា​រៀងរាល់​ឆ្នាំ​។​ ចំពោះ​​​កម្ពុជា​​ រូបថត​អាស​អាភាស​​ចំនួន​ ៦៣​​ករណី ​​ក៏​ត្រូវ​បាន​លុប​​ចេញ​ដែរ។​ ​នេះ​​បើ​​តាម​​ការ​​ឲ្យដឹង ​​នៅ​​ក្នុង​​កិច្ច​ពិភាក្សា​​ ស្តីពី​​ការ​ប្រយុទ្ធ​ប្រឆាំង​​អំពើ​កេង​​ប្រវ័ញ្ច​ និង​​ការ​​រំលោភ​​បំពាន​​ផ្លូវ​ភេ​ទ​​​លើ​​​កុមារ តាម​ប្រព័ន្ធ​អ៊ិន​ធឺណិត​។ កិច្ច​ប្រជុំ​នេះ ​​មាន​​ការ​ចូលរួម​​​ពីក្រសួង​​ស្ថាប័ន​រដ្ឋ ​​អង្គការ​​​សង្គម​​ស៊ីវិល​​ជាតិ​ ​និង​អន្តរជាតិ​​ជា​ច្រើន​​ ហើយ​​កម្មវិធី​កំពុង​​ប្រព្រឹត្ត​នៅ​​សណ្ឋាគារ ​Inter-Continental ​នៅ​ថ្ងៃ​ពុធ ​ទី​ ១៤ កញ្ញា​​នេះ។

ផ្សាយពាណិជ្ជកម្ម

លោក សំលៀង សីលា នាយក​ប្រតិបត្តិ​សកម្មភាព​ ដើម្បី​កុមារ Action Pour Les Enfants ហៅ​កាត់​ថា APLE បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ​ រូប​ថត​អាស​អាភាស​ ជា​ពិសេស​រូបថត​អាក្រាត​កាយ​របស់​កុមារ​ ចំនួន​ជាង ​៤លានសន្លឹក​ ត្រូវ​គេ​លុប​ចោល។ នៅ​ក្នុង​ចំណោម​រូប​ទាំង​នោះ រូបថត​ស្រើប​ស្រាល​ពី​ប្រទេស​ខ្មែរ ចំនួន​៦៣​ករណី​ ក៏​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​លុប​ចេញ​ពី​ប្រព័ន្ធ​អ៊ិនធឺណិត​ផង​ដែរ។ ក្នុង​ចំណោម​រូប​ទាំង​ ៦៣នោះ​ គឺ​មាន​ ៤១ករណី ដែល​ជា​រូប​ថត​អាស​អាភាស​របស់​កូន​ក្មេង​​។

ជុំវិញ​រឿង​នេះ អាជ្ញាធរ​ពាក់ព័ន្ធ ក្រុម​អ្នក​ជំនាញ និង​ក្រុម​អ្នក​ធ្វើ​ការ​លើ​សុវត្ថិភាព​របស់​កុមារ ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ខណៈ​ពេល​ ដែល​និន្នាការ​ប្រើប្រាស់​អ៊ិនធឺណិត​កើន​ឡើង​យ៉ាង​គំហុក​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ជា​ពិសេស​គឺ​ចំនួន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម និង​ប្រើ​ប្រាស់​អ៊ិនធឺណិត​តាម​ទូរសព្ទ​ដៃ​។​ គួរ​ជម្រាប​ថា គ្រាន់​តែ​ពលរដ្ឋ​ខ្មែរ​មាន​ចំនួន​ ១៥​លាន​នាក់ ចំនួន​ទូរសព្ទ​ ដែល​ចរាចរណ៍​ប្រើប្រាស់ គឺ​មាន​ជាង​ដល់​ទៅ​ ២៥​លាន​ឯណោះ។ ​នេះ​បើ​តាម​អាជ្ញាធរ​ពាក់ព័ន្ធ។

ទន្ទឹម​នឹង​នេះ មន្ត្រី​ជំនាញ​ខ្មែរ បាន​ត្អូញ​ត្អែ​ថា​លំបាក​ក្របួច​ក​ចាប់​ជន​ល្មើស​ ព្រោះ​ថា​អ្នក​ប្រើ​ប្រាស់​អ៊ិនធឺណិត​ មាន​ច្រើន​ និង​មាន​គ្រប់​ទីកន្លែង ហើយ​ជន​ល្មើស​និងជន​រងគ្រោះ​ក៏​អាច​មាននៅ​គ្រប់​ទិសទី​ផងដែរ។ មួយ​វិញ​ទៀត ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវា​បច្ចេកវិទ្យា​ ISP – Internet Service Provider នៅ​ស្រុក​ខ្មែរ​ ដែល​មាន​ប្រមាណ​ជា​ ៣០​នោះ​ មិន​ទាន់​មាន​វិធាន​ការ​សុវត្ថិភាព​ ដើម្បី​ទប់​ស្កាត់​បទល្មើស​ទាំង​នោះ​ដោយ​ម៉ឺងមាត់​ហ្មត់ចត់​នៅ​ឡើយ​ទេ។ លំបាក​ជាង​នេះ​ទៅ​ទៀត ករណី​រក​ឃើញ​រូប​អាក្រាត​ផ្សេងៗ​ហើយ អាជ្ញាធរ​ខ្មែរ ត្រូវ​រាយការណ៍​ទៅ​ស្ថាប័ន​អន្តរជាតិជាតិ​ និង​ក្រុមហ៊ុន​អន្តរជាតិ ដើម្បី​សុំ​លុប​រូប​នោះ​ចេញ ក៏​ប៉ុន្តែ​ត្រូវ​បំពេញ​លក្ខខណ្ឌ ត្រូវ​ប្រើ​ពេល​យូរ និង​វែង​ឆ្ងាយ ព្រោះថា​ស្ថាប័ន​ទាំង​នោះ​សុទ្ធ​តែ​មាន​មូលដ្ឋាន​នៅ​បរទេស​ ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក​ជា​ដើម​។

ចំណែក​អ្នក​តំណាង​ពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ក៏​បាន​លើក​ឧទាហរណ៍​ចំពោះ​ករណី​បទល្មើស​នា​ពេល​កន្លង​ទៅ មក​ប្រាប់​អ្នកចូល​រួម​ពិភាក្សា​ឲ្យ​ដឹង​ថា មាន​ជន​ល្មើស​ខ្លះ បាន​ប្រើប្រាស់​រូបថត​ស្អាត ដោយ​ក្លែងក្លាយ​យក​រូប​ថត​អ្នក​ដទៃ​ទៅ​ប្រើ​ ដើម្បី​ទាក់ទង​ចិត្ត​ជន​រងគ្រោះ ហើយ​បោក​បញ្ឆោត​ជន​រងគ្រោះ​ឲ្យ​ថត​រូប​ខ្លួន​ឯង​ ដោយ​អាក្រាត​កាយ។ ក្រោយ​មក ជន​ល្មើស​យក​រូប​ថត​នោះ ដើម្បី​គំរាម​ជនរង​​គ្រោះ ជា​ថ្នូរ​នឹង​ការ​រួម​ភេទ ឬ​ថ្នូរ​នឹង​លុយ​កាក់​ជា​ដើម។

ប្រឈម​មុខ​នឹង​បទល្មើស​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ ដែល​ជា​ការ​ព្រួយ​បារម្ភ​ អាជ្ញាធរ​ និង​សង្គម​ស៊ីវិល បាន​មូរមាត់​គ្នា​ថា ត្រូវ​តែ​អប់រំ​ដល់​អ្នក​ប្រើប្រាស់​អ៊ិនធឺណិត​ទាំងអស់ ទាំង​ចាស់​ទាំង​ក្មេង​ ឲ្យ​យល់​ដឹង​ពី​ការ​ថែរក្សា​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ បើ​តាម​ការ​ដាស់តឿន​របស់​អ្នក​ជំនាញ, អ្នក​ប្រើ​ប្រាស់​អ៊ិនធឺណិត ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ប្រើប្រាស់​ Video call, Webcam, Bigo Live, Facebook និង​បណ្តាញ​សង្គម​នានា ថា​កុំ​ចេះ​តែ​ដាក់​រូប​ថត​មិន​សម​រម្យ​ ថត​បង្ហាញ​ឬបញ្ចេញ​ភាព​សិចស៊ី​ ​លិច​លើ​លិច​ក្រោម ឬ​ក៏​រូប​ថត​អាក្រាត​ននល​គោក ហើយ​បង្ហោះ​ផ្សាយ​តាម​បណ្តាញ​សង្គម​នោះ​ឡើយ ព្រោះ​ថា​វា​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ខ្លួន។​

យ៉ាងណា​ក៏​ដោយ​ក្តី​ ប្រសិន​បើអ្នក​ប្រើប្រាស់​អ៊ិនធឺណិត​ ប្រទះ​ឃើញ​រូប​ថត ​ឬ​វីដេអូ​អាស​អាភាស​ ដែល​មិន​សម​រម្យ គេ​ត្រូវ​ជូន​ដំណឹង​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យា​របស់​ក្រសួង​មហាផ្ទៃ ឬ​ក៏​រាយការណ៍​អង្គការ​សកម្មភាព​ដើម្បី​កុមារ តាម​រយៈ​គេហទំព័រ www.internethotlinecambodia.org ដោយ​គ្រាន់​តែ​ចម្លង​តំណ​ភ្ជាប់ copy Link របស់​រូបថត​មិន​សមរម្យ​នោះ ដាក់​ចូល​ រួច​ចុច​បញ្ចូន ឬក៏​​ហៅ​ទៅ​ទូរសព្ទ​លេខ​ 1288 ឬ 092 311 511 ។ ចំពោះ​រូបថត​អាសអាភាស​ក្នុង​ហ្វែសបុក ​អ្នក​ប្រើ​ប្រាស់អ៊ិនធឺណិត ក៏​អាច​​រាយការណ៍​ទៅ​ក្រុម​ហ៊ុន​ហ្វែសបុកផ្ទាល់ ឬ​ប្រាប់​​ទៅ​ស្ថាប័ន​ខាងលើ​នេះក៏បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI