កម្ពុជា

ប្រវត្តិរូប​​របស់​លោក Christian des PALLIÈRES ​វីរបុរស​​នៃ​​​ក្មេង​​គំនរ​​សំរាម!

លោក Christian des PALLIÈRES គឺជា​ស្ថាបនិក​របស់​អង្គការ​ដើម្បីភាព​ញញឹម​នៃកុមារ។
លោក Christian des PALLIÈRES គឺជា​ស្ថាបនិក​របស់​អង្គការ​ដើម្បីភាព​ញញឹម​នៃកុមារ។ @HENG Oudom

លោក Christian des PALLIÈRES គឺជាស្ថាបនិក​របស់​អង្គការ​​ដើម្បីភាព​​ញញឹម​​នៃ​កុមារ​។​​ លោក​​បាន​ទទួលមរណ​ភាព​នៅ​ម៉ោង​ជិត​៧យប់​ម្សិលមិញ ​ដោយ​ជរាភាព​ ក្នុង​ជន្មាយុ​​៨២​​ឆ្នាំ​​។ សាក​សព​របស់​លោក​ នឹង​ត្រូវបូជា​តាម​បែប​ប្រពៃណី​ខ្មែរ​ និង​ក្នុង​របៀប​សាសនា​ព្រះ​ពុទ្ធ​ នៅ​​ថ្ងៃ​​ចន្ទ​​ស្អែក​​នេះ​​។ ឆ្លៀត​ក្នុង​​ឱកាស​​នេះ ហេង ​ឧត្តម ​សូម​​រៀប​រាប់​ពី​ប្រវត្តិ​រូប​​សង្ខេប​​របស់​ «​​វីរបុរស​​​នៃ​​​ក្មេង​​គំនរ​សំរាម​ស្ទឹង​​មាន​ជ័យ​​​» រូប​​នេះ៖​

ផ្សាយពាណិជ្ជកម្ម

លោក Christian GAUQUELIN des PALLIÈRES ប្រសូត​នៅ​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​១៩៣៤ នៅ​ក្បែរ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។ ក្នុងពេល​ជា​យុវជន​ លោក​បាន​ចូលរៀន​ផ្នែក​ពាណិជ្ជ​កម្ម​ នៅ​រដ្ឋធានីប៉ារីស៍ ហើយ​បន្ទាប់មក លោក​បាន​ចូលបម្រើ​កង​ទ័ព​ បាន​រយៈពេល​៣​ឆ្នាំ ក្នុង​ឋានៈជា​មន្ត្រីយោធា​។​ 

លោក​បាន​ចូលធ្វើការ​ក្នុង​ក្រុមហ៊ុ​ន​ម៉ាស៊ីន​អាមេរិកដ៏ល្បីមួយ ឈ្មោះថា​ IBM នៅ​ឆ្នាំ​១៩៦២។​ ពីរ​ឆ្នាំក្រោយមក លោក​បាន​រៀប​ការ​ជាមួយ​កញ្ញា Bouchard Marie-France ហើយ​​អ្នក​ទាំង​ពីរ​​មាន​បុត្រ​ចំនួន​​៤នាក់។

នៅ​ឆ្នាំ​១៩៧៨ ប្តីប្រព័ន្ធគ្រួសារ​ des PALLIÈRES និង​កូន​ទាំង​​៤នាក់ ​បាន​សម្រេចចិត្ត​ធ្វើ​ដំណើរ​​ផ្សព្វ​ព្រេង រយៈពេល​១ឆ្នាំកន្លះ​​ តាម​រយៈ​ឡាន​មួយគ្រឿង​​ដែល​គេ​ស្នាក់​នៅ​ក្នុង​នោះ​បាន​។ ពួក​គេ​បាន​ធ្វើ​ដំណើរឆ្លង​​កាត់ប្រទេស​ជា​ច្រើន​ដូចជា ​ក្រិច តួកទី អ៊ីរ៉ង​ ​ចិន ឥណ្ឌា អាហ្វហ្គានីស្ថាន និងបាគីស្ថាន​ជា​ដើម។ ក្រោយ​ពី​ដើរ​ផ្សព្វព្រេង​ស្វែង​យល់ពី​ជីវិត​និង​ពិភព​លោក​ ប្តីប្រពន្ធ​ des PALLIÈRES បាន​សរសេរ​សៀវភៅមួយ​ចំណង​ជើង​ថា Quatre Enfants et un Rêve «កូន​បួននាក់និង​ក្តីសុបិនមួយ​»។

នៅ​ឆ្នាំ​១៩៩៣ លោក​បាន​សម្រេច​ចិត្ត​មក​ធ្វើការ​នៅ​ស្រុក​ខ្មែរ ជាមួយ​នឹង​អង្គការ ​Sipar ដើម្បី​​ជួយ​​លើក​ស្ទួយ​វិស័យ​អប់រំ​និង​អំណាន​នៅកម្ពុជា។ ក្នុង​អំលុង​​ដែលគាត់ធ្វើការជាមួយអង្គការ Sipar ពេលនោះហើយ ដែល​គាត់បានឃើញពីទុក្ខលំបាកវេទនារបស់កុមារ​ក្រីក្រតាមផ្លូវ នៅ​ភ្នំពេញ​​។ ថ្ងៃមួយ កុមារម្នាក់បាននិយាយប្រាប់គាត់អំពីស្ថានភាព​នៅគំនរ​សំរាម​ស្ទឹង​មាន​ជ័យ​។ ក្រោយពីបាន​មើលនៅទីនោះ គាត់តក់ស្លុត និង​អាណិត​​អាសូរ នៅ​ពេល​ដែល​បាន​ឃើញ​​កុមារ​ជាច្រើនធ្វើការ និង​រើស​អេត​ចាយ​នៅលើ​គំនរសំរាម។  

បន្ទាប់មកគាត់ក៏បានសម្រេចចិត្តលាឈប់ពីអង្គការ​ Sipar ហើយបែរមកបង្កើត​អង្គការ​ដើម្បី​ភាព​​ញញឹម​នៃកុមារ PSE នៅឆ្នាំ​១៩៩៥។ មកទល់​នឹង​ពេលនេះ​ PSE បាន​ជួយ​កុមារ​កម្ពុជា​រាប់​សិប​ពាន់នាក់ ឲ្យចាកចេញពីគំនរសំរាមស្ទឹងមានជ័យ និង​ឲ្យ​ចាកចេញពី​ទុរគតភាព ហើយ​​កុមារទាំងនោះទទួលបានការសិក្សា អាហារ សម្លៀក​បំពាក់​ និងការស្នាក់នៅសមរម្យ ព្រម​ទាំងបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀតផង។ PSE មាន​បីខាសា គឺនៅ​ភ្នំពេញ សៀរាម និង​​ក្រុងព្រះសីហនុ។

ដោយ​សារ​តែស​កម្មភាព​សប្បុរ​ធម៌របស់លោក ព្រះមហាក្សត្រ​កម្ពុជា​បាន​ប្រទាន​សញ្ជាតិ​ខ្មែរ​ដល់​ប្តីប្រពន្ធ​ des PALLIÈRES ទាំងពីរ​នាក់៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI