លោក ហ៊ុន សែន ៖សុំចិត្តប្រជាពលរដ្ឋទុកឱកាសឲ្យរដ្ឋាភិបាលអនុវត្តច្បាប់ចរាចរណ៍មួយរយៈសិន
ទន្ទឹមការរិះគន់របស់ប្រជាពលរដ្ឋជុំវិញការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកថ្មីមិនដល់មួយសប្ដាហ៍ផង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសសុំចិត្តប្រជាពលរដ្ឋទុកឱកាសឲ្យរដ្ឋាភិបាលអនុវត្តច្បាប់នេះ មួយរយៈសិន។ ជាមួយគ្នាប្រមុខរដ្ឋាភិបាលក៏បានស្នើទៅលោកស្រី ហ៊ុន ស៊ីណាត ដែលជាប្អូនស្រី កុំមើលឃើញបញ្ហានៃការផាកពិន័យយកធ្វើជាឧបសគ្គក្នុងការអនុវត្ត ច្បាប់ចរាចរណ៍។
ចុះផ្សាយនៅថ្ងៃ៖
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មជាលើកដំបូងបន្ទាប់ពីច្បាប់ចរាចរណ៍ថ្មីត្រូវដាក់ឲ្យអនុវត្តមិនដល់មួយសប្ដាហ៍ផង រងការរិះគន់ខ្លាំងពីប្រជាពលរដ្ឋនិងសូម្បីតែប្អូនស្រីបង្កើតរបស់លោក។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រោមដីនិងស្ពានអាកាសតិចណូនៅព្រឹកថ្ងៃទី០៥ មករានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសន្ទរកថាដំបូងនៅឆ្នាំ២០១៦នេះ គឺលោកនឹងគិតពិចារណាលើសំណូមពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធការអនុវត្តច្បាប់ចរាចរណ៍ដើម្បីស្វែងរកចំណុចខ្វះខាត។ លោក ហ៊ុន សែន ឲ្យដឹងថា ពលរដ្ឋដែលរិះគន់មកលើច្បាប់ចរាចរណ៍ច្រើនជាងគេគឺជាអ្នកទិញម៉ូតូនិងឡានគ្មានពន្ធ។
ទន្ទឹមគ្នានេះ ប្រមុខរដ្ឋាភិបាលក៏បានសម្ដែងការហួសចិត្តនឹងការរិះគន់របស់លោកស្រី ហ៊ុន ស៊ីណាត ដែលបានចោទជាសំណួរមកលើច្បាប់ចរាចរណ៍ថា ធ្វើឡើងដើម្បីការពារឬគាបសង្កត់ប្រជាជន។ លោកស្រីហ៊ុន ស៊ីណាត បានសរសេរថា ប្រសិនបើចង់រិតបន្តឹងច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺគួរតែចាប់ផ្តើមចេញពីសណ្តាប់ធ្នាប់នៃការបើកបរនិងការចតយានជំនិះ គ្មានសណ្តាប់ធ្នាប់នៅតាមដងវិថីនានា មិនមែនចែងច្បាប់ចេញមកយកការផាកពិន័យជាប្រាក់ច្រើនបែបនេះឡើយ ។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីចម្ងាយទៅលោកស្រី ហ៊ុន ស៊ីណាតថា តម្លៃនៃច្បាប់ចរាចរណ៍គឺការពារជីវិតមនុស្ស។ ហើយច្បាប់នេះក៏គ្មានហេតុផលណាសម្លាប់ប្រជាជនដែរ។ លោកក៏បានស្នើឲ្យប្អូនស្រីកុំមើលឃើញបញ្ហា ឃាត់ ចាប់ ស្ទាក់ មករិះគន់លើការអនុវត្តច្បាប់ចរាចរណ៍។ ការរិះគន់ទាំងនេះលោកនាយករដ្ឋមន្ត្រីចាត់ទុកថាការម៉ាក់ងាយមកលើរដ្ឋសភានិងរដ្ឋាភិបាលមិនដឹងខ្យល់។
ជារួមមក រដ្ឋាភិបាលនៅតែបន្តអនុវត្តច្បាប់ចរាចរណ៍ទោះមានការស្នើសុំឲ្យពន្យាពេលនិងការរិះគន់ក៏ដោយ។ សូមបញ្ជាក់ថា មកដល់ពេលនេះ គឺជាថ្ងៃទី៥ហើយនៃការចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍ថ្មីរបស់នគរបាល ចរាចរណ៍ ។ នៅក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមករា កន្លងទៅនេះ នគរបាលចរាចរណ៍ផ្លូវគោកបានរកឃើញយានយន្តល្មើសច្បាប់ចំនួន ជាង២ម៉ឺន៣ពាន់គ្រឿង។
គួរជម្រាបជូនថា ការលើកឡើងបែបរិះគន់ខ្លាំងៗតាមប្រព័ន្ធហ្វេសប៊ុកទៅលើការអនុវត្តការរឹតបណ្តឹងច្បាប់ចរាចរណ៍ពេលថ្មីៗនេះទទួលបានការសាទរជាច្រើនពីប្រជារដ្ឋខ្មែរនឹងមានការផ្សព្វផ្សាយព្រោងព្រាតតាមប្រព័ន្ធផ្សព្វផ្សាយផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ