កម្ពុជា

ទោះចាប់ខ្លួន​១០​នាក់ ក៏​ស្ត្រី​បឹង​កក់​ថា​នឹង​នៅ​តែ​ប្រារព្ធ​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ ហើយ​និង​ទៅតវ៉ា​នៅ​មុខ​ធនាគារពិភពលោក​!

ពិធី​បង្ហោះ​ប៉ោងៗ​របស់​ក្រុម​សកម្មជន។ រូប​ថត​ លីកាដូ
ពិធី​បង្ហោះ​ប៉ោងៗ​របស់​ក្រុម​សកម្មជន។ រូប​ថត​ លីកាដូ @Licado

នៅព្រឹកថ្ងៃអាទិត្យនេះ យ៉ាង​ហោចណាស់ សកម្ម​ជននិង​ប្រជា​សហគមន៍​ដែល​មាន​ទំនាស់​ដីធ្លី ចំនួន​៦នាក់ និងអ្នក​លក់​ប៉ោងៗ​​ម្នាក់ ព្រមទាំង ​កូន​​ក្មេង៣ សរុប​ទាំង​អស់​ចំនួន​១០នាក់​ ត្រូវ​​សមត្ថកិច្ច​ចាប់ខ្លួន។ សមត្ថកិច្ច​ខណ្ឌដង្កោ​ចាប់ខ្លួន​ពួក​គេ​ទាំង​នោះ នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស​ ក្នុង​ពេល​ដែលពួក​គេ​ជួប​ជុំ​គ្នា​បង្ហោះ​ប៉ោងៗ​លើកចិត្ត​ដល់​អ្នក​ជាប់​ឃុំ។មក​​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ លោក​យាយ ង៉ែត​ ឃុន ឬហៅថា យាយម៉ាមី កំពុង​តែគ្រេច​ចង្កេះ ​ឈឺ​ងើប​មិន​រួច ដោយសារតែ​សមត្ថកិច្ច​ចាប់​បោះទៅលើឡាន។​ នេះបើតាម​អ្នក​ស្រី បូវ សោភា សកម្មជន​ស្រ្តី​បឹង​កក់។ ថ្លែងពីមុខអធិការ​​ខណ្ឌ​ដង្កោ អ្នក​ស្រី បូវ សោភា បាន​ប្រាប់​វិទ្យុ​​បារាំងថា បើ​ទោះ​ចាប់​ខ្លួន​ក្រុម​​អ្នក​តវ៉ាទាំង​នេះ​ក៏ដោយ​ ក៏នៅ​ថ្ងៃស្អែក ​ស្ត្រី​បឹង​កក់​នឹង​​នៅតែ​ប្រារព្ធ​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ​ ហើយ​ថ្ងៃនៅ​ថ្ងៃ​អង្គារ​ ពួក​គេ​នឹងទៅតវ៉ា​​នៅ​មុខ​​ធនាគារ​ពិភព​លោក​ថែមទៀត​។ 

ផ្សាយពាណិជ្ជកម្ម

 

ការ​ចាប់​ខ្លួនសកម្ម​ជននិង​ប្រជា​សហគមន៍​ដែល​មាន​ទំនាស់ដីធ្លីទាំង​នេះ​ គឺ​នៅពេល​ដែល​​ក្រុម​ព្រះសង្ឃ​ ​និងប្រជាពលរដ្ឋ ជាង​១០០នាក់​ ជួបជុំគ្នាធ្វើពិធី​បង្ហោះ​ប៉ោងៗ នៅមុខ​គុក​ព្រៃ​ស​ ដើម្បី​​សម្តែង​មតិ ទាមទារសេរីភាព​យុត្តិធម៌ និងជា​​ការលើកទឹកចិត្តដល់សកម្មជនសិទ្ធ​មនុស្សនិងដីធ្លី ដែល​កំពុង​ជាប់ឃុំ។  

សកម្មជន​ស្រ្តី​បឹង​កក់ អ្នក​ស្រី បូវ សោភា បាន​ប្រាប់វិទ្យុ​បារាំងRFIថា គោល​បំណង​ធំនៃការ​បង្ហោះ​ប៉ោងៗ​នេះ​ គឺ​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ស្រី ទេព​ វន្នី ​សកម្មជន​តវ៉ា​ស្រ្តី​បឹង​កក់​ដែល​តវ៉ាដ៏​ស្វិត​ស្វាញ​ និង​ឲ្យ​ដោះ​លែង​មន្ត្រី​សង្គម​ស៊ីវិល​ផ្សេងទៀត។ ​អ្នក​ស្រី​ បូវ សោភា ពន្យល់​ថា ការ​បង្ហោះ​ប៉ោងៗ​ គឺ​ជា​សារ​ប្រាប់​ដល់​អ្នក​ជាប់​ឃុំទាំង​អស់​នោះ​​ថា ពួក​គេ​មិន​ឯកា​​ឡើយ និង​កុំ​បាក់​ទឹ​កចិត្ត​!

លើស​ពីនេះ​ គោល​បំណង​នៃ​ការ​ជួប​ជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ក៏​ដើម្បី​ទាមទារ​ឲ្យ​ដោះស្រាយ​ទំនាស់​ដីធ្លី​ក្នុង​តំបន់​បឹង​កក់ ដែល​នៅ​សល់​១៩គ្រួសារ​ទៀត ដែល​ពុំ​ទាន់​ដោះស្រាយ​ចប់​សព្វ​គ្រប់។ មិន​តែប៉ុណ្ណោះ គឺ​ស្នើ​សុំ​ឲ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំង​ឡាយ​ណា​ចំពោះ​សកម្ម​ជន​បឹងកក់។ នេះបើ​តាមអ្នក​​ស្រី​ បូវ សោភា។

តាម​ប្រភព​ដដែល ពួក​គេ​នឹង​តែ​នៅ​បន្ត​ឈរ​ចាំនៅ​មុខ​អធិការ​​ខណ្ឌ​ដង្កោ រហូត​ដល់​មានការ​ដោះលែង​សកម្ម​ជន​ទាំង​៦នាក់​និង​កូនក្មេងលក់​ប៉ោងៗ​នោះ​វិញ​​។ ជាមួយ​គ្នា​នេះ ​សហគមន៍​បឹងកក់ អះអាង​ថា​នឹង​នៅ​តែ​បន្តប្រារព្ធ​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅដដែល​ ដើម្បីទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​និង​មន្ត្រី​សង្គម​ស៊ីវិល​នានា​។

ធំ​ដុំ​ជាង​នេះទៀត​ ចំពោះ​ថ្ងៃ​អង្គារខាងមុខ​​ សហគមន៍​បឹងកក់ ​នឹងនាំគ្នា​ទៅតវ៉ា​​នៅ​មុខ​ធនាគារ​ពិភព​លោក​​។ ការ​លើក​គ្នា​ទៅ​តវ៉ា​នេះ ក៏ព្រោះ​តែស្ថាប័ន​អន្តរជាតិ​មួយ​នេះ យល់​ព្រម​សម្រេច​ផ្តល់​ជំនួយ​ជាថ្មី​ដល់​រដ្ឋាភិបាល បើ​ទោះបី​ជា​វិបត្តិ​រ៉ាំ​រ៉ៃ​នៅ​បឹងកក់ មិន​ទាន់​ដោះ​ស្រាយ​ចប់ក្តី។

សូម​រម្លឹកថា ពេល​កន្លង​ទៅ​ ក្រុម​អ្នក​តវ៉ា​ទាំង​នោះ បាន​យក​ពង​មាន់​ ទៅ​គប់​នៅ​មុខ​ស្នាក់​ការ​ធនាគារ​ពិភព​ឲ្យ​ប្រឡាក់​រួច​មក​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI