កម្ពុជា-ច្បាប់

តុលាការ​​បើក​សវនាការ​លើ​សំណុំ​រឿង​សកម្មជន​បឹងកក់​នៅ​ថ្ងៃ​ស្អែក

អ្នក​ស្រី​ទេព វណ្ណី សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ ផ្ដល់​កិច្ច​សម្ភាស​ដល់​វិទ្យុ​បារាំង​អន្ដរជាតិ ថ្ងៃ​ទី​១៧​កុម្ភៈ ឆ្នាំ​២០១៤
អ្នក​ស្រី​ទេព វណ្ណី សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ ផ្ដល់​កិច្ច​សម្ភាស​ដល់​វិទ្យុ​បារាំង​អន្ដរជាតិ ថ្ងៃ​ទី​១៧​កុម្ភៈ ឆ្នាំ​២០១៤ RFI/Sun Mesa

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៩​កញ្ញា​ស្អែក​នេះ នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​សកម្មជន​​បឹងកក់​ដ៏​សកម្ម​ក្នុង​ការ​តវ៉ា​គឺ​អ្នកស្រី ទេព វណ្ណី។ ជា​សំណុំ​រឿង​ចាស់​តែ​តុលាការ​លើក​យកមក​ជំនុំ​ជម្រះ​ជា​ថ្មី ពី​បទ​ប្រើ​ប្រាស់​ហិង្សា​លើ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដែល​បង្ក​ឡើង​កាល​ពី​ឆ្នាំ២០១១។

ផ្សាយពាណិជ្ជកម្ម

ស្ត្រី​បឹងកក់​ផ្សេង​ទៀត​បាន​ចាត់​ទុក​សវនាការ​នៅ ថ្ងៃទី១៩កញ្ញា ជា​យុទ្ធសាស្រ្ត​បំបាក់​ស្មារតី​មកលើ​សកម្មជន​បឹងកក់​ពិសេស​អ្នកស្រី ទេព វណ្ណី បន្ទាប់​ពី​សកម្មជន​បឹងកក់​រូប​នេះ នៅ​តែ​បន្ត​ដឹក​នាំ​ធ្វើ​យុទ្ធនាការ ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​រៀង​រាល់​សប្ដាហ៍​នៅ​សហគមន៍​របស់​ពួក​គេ។ ហើយសំណុំរឿង​ស្ដីពី​ការ​ប្រើ​ប្រាស់​ហិង្សា​លើ​អាជ្ញាធរ​នេះ​ត្រូវ​បាន​អ្នក​ស្រី បូវ សោភា ធ្វើ​ការ​បដិសេធ​ថា កាល​ណោះ​អាជ្ញាធរ​ទម្លាក់​កំហុស​មក​លើ​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​បញ្ហា​ដីធ្លី។

អ្នកស្រី បូវ សោភា តំណាង​ស្ត្រី​បឹងកក់ឲ្យ​ដឹង​ថា សកម្មជន​បឹងកក់​និង​សហគមន៍​ដែល​មានបញ្ហា​ដីធ្លី​ជា​ច្រើន​នាក់​ផ្សេង​ទៀត​នឹង​ធ្វើ​ការ​ជួប​ជុំ​គ្នា​នៅ​មុខ​សាលា​ដំបូងរាជធានី​ភ្នំពេញ ដោយមាន​ការ​លើក​ជា​បដា​ទាម​ទារ​ឲ្យ​ដោះ​អ្នកស្រី ទេព វណ្ណី ។ ហើយ​ក៏​មាន​ការ​រៀប​ចំ​​ពិធី​បួងសួងបែប​សាសនា​ផង​ដែរ។  យុទ្ធនាការ​ថ្ងៃ​ពណ៌​ខ្មៅ​ក៏​ធ្វើ​ឡើង​ក្នុង​ពេល​ជាមួយ​គ្នា​ដែរ ។ យុទ្ធនាការថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នឹង​ផ្ដើម​ធ្វើ​ឡើង​វិញ​បន្ទាប់​ពី​ផ្អាក​កាល​ពី​សប្ដាហ៍​មុន។

គិត​រហូត​មក​ដល់​ពេល​នេះមានរយៈពេល​មួយ​ខែ​ហើយ​ដែល​អ្នក​ស្រី​ ទេព វណ្ណី ជាប់​ពន្ធនាគារ​ព្រៃស។ អ្នក​ស្រី​ ទេព វណ្ណី ត្រូវបាន​តុលាការ​ក្រុង​ភ្នំពេញ​បញ្ជា​ឲ្យ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ជាថ្មី​កាល​ពី​ថ្ងៃ​ទី ១៧​សីហា បន្ទាប់​ពី​អ្នក​ស្រី និង​អ្នក​ស្រី​បូវ សោភា និង​សកម្មជន​ដីធ្លី​តំបន់​បឹងកក់​ម្នាក់​ទៀត​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​រួម​គ្នា​កាល​ពី​ ១៥​សីហា ក្នុង​ពេល​ដែល​ពួកគេ​ធ្វើ​យុទ្ធនា​ការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ។ ប៉ុន្តែអ្នក​ស្រី​បូវ សោភា ត្រូវ​បាន​ដោះលែង​វិញ។

សូមបញ្ជាក់ថា យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដែល​ធ្វើ​ឡើង​ដើម្បី​ទាម​ទារឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក៤រូប​ហាក់​ស្ងប់ស្ងាត់ ដោយ​ជំនួយ​មក​វិញ​ត្រឹមការ​ជួប​ជុំ​ស្លៀក​ពាក់​ខ្មៅ​ពី​សំណាក់​ស្ត្រី​បឹងកក់​នៅ​សហគមន៍​របស់​ពួក​គេ​ផ្ទាល់​តែ​ប៉ុណ្ណោះឬ​ការថ្លែង​សារ​តាម​ហ្វេស​ប៊ុក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI