កម្ពុជា-សង្គម

ព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រី ចូល​រួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​រលំអគារ

រូបភាព៖តំណាង
រូបភាព៖តំណាង @FB

មួយ​ថ្ងៃ​ក្រោយ​ហេតុការណ៍​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ ព្រះមហាក្សត្រកម្ពុជា ព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បាន​ចូល​រួម​រំលែក​មរណៈទុក្ខ ជាមួយ​ក្រុម​គ្រួសា​រ​​នៃសព តាមរយៈ​ទំព័រ​ហ្វេសបុក​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ចំណែក លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ប៉ុន្មាន​ម៉ោងក្រោយ​ហេតុការណ៍​រលំ​អគារ​នេះ លោក​បាន​ផ្ញើសារ​រំលែក​ទុក្ខ​ពី​ប្រទេ​ស​ថៃ​ដល់​ក្រុម​គ្រួសារអ្នក​ស្លាប់​ផង​ដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់​​ទុក​ករ​ណី​​រលំ​អគារ​នេះ កើត​ឡើងដោយ​សារ​ការ​ធ្វេស​ប្រហែស​របស់​ក្រុមហ៊ុន​សាង​សង់។ សូមជម្រាបជូនថា គិត​មក​ដល់​ព្រឹក​ថ្ងៃអាទិត្យ​នេះ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ហេតុ​ការ​ណ៍​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ បាន​កើន​ឡើងដល់​១៧​នាក់ និង​មាន​អ្នក​របួស​បាន​២៤​នាក់។

ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សំណេរ​ខ្លី​អម​ដោយ​រូបភាព​ជា​ច្រើន​សន្លឹក​រំលេច​ឡើង​ក្នុង​បណ្ដាញ​សង្គម​ហ្វេស​​បុក ព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា ព្រះបាទសម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី បាន​ថ្លែងសារ​ចូលរួម​រំលែក​មរណៈ​ទុក្ខ ជាមួយ​ក្រុម​គ្រួសារ​នៃ​សព ព្រម​ទាំង​ជាមួយ ប្រជានុរាស្ត្រ​ទូទាំងព្រះរាជាណាចក្រ​កម្ពុជា។ បើ​តាម​បន្ទូល​ព្រះមហាក្សត្រ ឧប្បត្តិវហេតុ​បាក់​រលំ​អាគារ​គឺ​ជា​ករណីដ៏​រន្ធត់។

ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ករណី​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​ជា​សោដនាដកម្ម​ដ៏​ឈឺ​ចាប់​របស់​ជាតិ។ បន្ទាប់​ពី​ចូល​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​អ្នក​ស្លាប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំណាយ​ថវិកា​ជាតិ ជួយ​ដល់​ក្រុម​គ្រួសារ​អ្នក​ស្លាប់​៤០​លានរៀល​និង​អ្នក​រង​របួស​ចំនួន​៥​លានរៀល​ព្រម​ទាំង​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​។ ការ​ឧបត្ថម្ភថវិកា​ជា​អ្វី​ដែល លោក ហ៊ុន សែន អះអាង​ថា ធ្វើ​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ក្រុមគ្រួសារ​អ្នក​ស្លាប់។ ក្នុង​នោះ​សាច់​ញាតិ​ជនរងគ្រោះ​ដែល​ស្លាប់ចំនួន​១១​នាក់​បាន​បំពេញ​បែបបទ​ដើម្បី​យក​សព​ទៅ​ធ្វើ​បុណ្យ ហើយ​សាកសព​នៅ​សេសសល់​ផ្សេង​ទៀត​អាជ្ញាធរ​កំពុងទាក់​ទង​ទៅ​សាច់​ញាតិ។

បន្ថែម​ពី​ការ​ឧបត្ថម្ភថវិកា​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ពី​ប្រទេសថៃ​ក្នុង​ឱកា​សដែល​លោក​ចូល​រួមប្រជុំ​កំពូល​អាស៊ាន ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​កង​កម្លាំង​ប្រដាប់​អាវុធចុះ​ជួយ​សង្រ្គោះ​អាយុ​ជីវិត​ពលរដ្ឋ​ដែល​ត្រូវ​បាន​អគារ​បាក់​រលំ​សង្កត់។

លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ​បាន​អះអាង​ប្រាប់វិទ្យុ​បារាំង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ថា ប្រតិបត្កិការ​ជួយ​សង្គ្រោះ​រុករក​មនុស្ស​ក្រោយ​រលំ​អគារ កំពុង​ដំណើរ​ការ​យ៉ាង​ស​ស្រាក់​ទាំងយប់​និង​ថ្ងៃ​ដោយ​មាន​ការ​ចូល​រួម​ពី​កម្លាំង​ចម្រុះ​ទូទាំង​ប្រទេស​សរុប​ប្រមា​ណ​ជា​១២០០​នាក់។ ក៏​មាន​ផង​ដែរ ការ​ប្រើប្រាស់​សុនខ ដើម្បី​ស្វែង​រក​អ្នក​ស្លាប់​និង​អ្នក​នៅ​មាន​ជីវិត​ដែល​កំពុង​ស្ថិតក្នុង​គំនរ​អគារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI