អាជ្ញាធររាប់រយនាក់ បានរារាំង និងរុញច្រាន មិនឲ្យរៀបចំពិធីគោរពវិញ្ញាណក្ខនស្លាប់ នៅផ្លូវវេងស្រេង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅព្រឹក នេះ អាជ្ញាធររាប់រយនាក់ បានរុញ ច្រាន និងបំបែកក្រុមអ្នករៀបចំពិធីរម្លឹកវិញ្ញាណក្ខន នៅផ្លូវវេងស្រេង មិនឲ្យជួបជុំគ្នា រៀបចំពិធីសាសនាអ្វីនោះទេ។ ជាការកត់សម្គាល់ មិនមានការប៉ះទង្គិចធ្ងន់ធ្ងរ រហូតដល់បង្ហូរឈាមគ្នានោះឡើយ។ សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍បង្រ្កាបលើហ្វូងកម្មករដែលទាមទារដំឡើងប្រាក់ ខែ១៦០ដុល្លារ នៅសួនឧស្សាហកម្មកាណាឌីយ៉ា និងនៅរោងចក្រយ៉ាក់ជីង កាលពីថ្ងៃទី២ ទី៣ ខែមករា ឆ្នាំ២០១៤ បានបណ្តាលឲ្យកម្មករ៤នាក់ស្លាប់, កម្មករម្នាក់ បានបាត់ខ្លួនរហូតមកទល់ពេលនេះ ហើយ២១នាក់ផ្សេងទៀត រងរបួស។ នៅថ្ងៃទី៣មករានេះ សហជីព សង្គមស៊ីវិល ជិត២០ និងក្រុមសាច់ញ្ញាតិរបស់ជនរងគ្រោះ បានប្រមូលគ្នារៀបចំពិធីបង្សុកូលដល់អ្នកស្លាប់ ប៉ុន្តែត្រូវអាជ្ញាធរហាមឃាត់ ដោយសំអាងហេតុថា ពុំបានសុំការអនុញ្ញាត និងការរក្សាសន្តិសុខសណ្តាប់សាធារណៈ។
«ដើម្បីរម្លឹកពីការឈឺចាប់ ពីការដែលគេរំលោភយើង ឥឡូវគេបិទ អត់ឲ្យយើងធ្វើទៀត។ សម្រាប់កម្មករខ្មែរ អយុត្តិធម៌ណាស់! បងប្អូនមើល ក្រោយសុទ្ធតែប៉ូលីស! យើងប្រារព្ធការឈឺចាប់របស់យើង! យើងអត់បានយុត្តិធម៌! យើងគ្រាន់តែប្រារព្ធពិធី៣មករា ដែលការធ្វើពលីកម្មរបស់កម្មករ! ពលីកម្មដើម្បីប្រាក់ខែ១៦០ដុល្លារ! ដើម្បីជីវភាពរបស់យើង! ត្រូវគេបំបែក! ត្រូវគេបិទ! តើនៅឯណាសេរីភាព! អត់មានយុត្តិធម៌! អត់មានសេរីភាពទេ! ប្រទេសកម្ពុជា អត់មានសេរីភាព អត់មានយុត្តិធម៌!» នេះជាសំឡេងរបស់លោក វ៉ន ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលត្រូវនគរបាល កងសន្តិសុខ និងក្រុមប្រជាការពារ ខណ្ឌពោធិ៍សែន រុញច្រាន និងបង្ខំឲ្យចាកចេញពីកន្លែងប្រមូលផ្តុំ។ កាលពី២ឆ្នាំមុន លោក វ៉ន ពៅ ត្រូវទាហានឆត្រយោង វាយបង្ក្រាប និងចាប់ឃុំ ហើយត្រូវតុលាការសម្រេចដាក់ក្នុងពន្ធនាគារជិត៦ខែ។
គេសង្កេតឃើញថា តាំងពីព្រឹកព្រលឹមម្ល៉េះ ក្រុមប៉ូលីស គនរបាលរាប់សិបរយនាក់ បានប្រមូលផ្តុំគ្នានៅផ្លូវវេងស្រេង និងនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា។ ម៉ោងជាង៨កន្លះព្រឹក ក្រុមកងសន្តិសុខបានផ្តើមរុញច្រានប្រធានអង្គការលីកាដូ ពីមុខសួនឧស្សាហកម្មកាណាឌីយ៉ា លើផ្លូវវេងស្រេង និងបន្តរុញច្រាន បណ្តើរទៅកាន់ផ្លូវសេះស ផ្លូវដួងងៀប គឺជាង២ទៅ៣គឺឡូម៉ែត្រ។ ហើយម៉ោងជាង៩កន្លះ ក្រុមសន្តិសុខ ក៏បន្តនិមន្ត និងរុញច្រានក្រុមព្រះសង្ឃប្រមាណ៨អង្គ ក្នុងទិសដៅតែមួយផងដែរ។
នៅពេលដែលប៉ូលីសកំពុងបណ្តើរនោះ ក្រុមសង្គមស៊ីវិលនិងយុវជន បានរៀបចំលើកបដាដែលខ្លួនបោះពុម្ព ក៏ប៉ុន្តែត្រូវនគរបាលទៅកញ្ឆក់ និងយកទុក មិនឲ្យមានការលើកបដាទាមទារអ្វីនោះទេ។
ជាមួយគ្នានេះ លោក ឡុង ឌីម៉ង អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់វិទ្យុអន្តរជាតិបារាំងថា «ក្រុមសង្គមស៊ីវិលនិងក្រុមអ្នករៀបចំពិធីនោះ ពុំបានស្នើសុំការអនុញ្ញាតពីអាជ្ញាធរនោះទេ។ ហើយលោកចោទថា ពួកគេទាំងនោះ ប្រើរូបភាពសាសនាដើម្បីវាយប្រហារផ្សេងៗ។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា «បើពួកគេចង់ធ្វើពិធីសាសនា ដើម្បីរម្លឹកវិញ្ញាណក្ខនដល់អ្នកដែលស្លាប់ទៅមែននោះ គួរតែទៅធ្វើនៅផ្ទះរបស់ជនរងគ្រោះ និងតាមវត្តអាវត្តអារាមវិញ គឺមិនត្រូវធ្វើនៅតាមទីសាធារណៈដូច្នេះទេ»។
ផ្ទុយពីនេះ លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេត របស់អង្គការ LICADHO ដែលត្រូវអាជ្ញាធរដេញដែរនោះ បានឆ្លើយតបថា ជាទម្លាប់និងតាមជំនឿរបស់ពលរដ្ឋខ្មែរ គេជឿថា ស្លាប់កន្លែងណា វិញ្ញាណនៅកន្លែងនោះ។ ដូច្នោះគេត្រូវពិធីសាសនា ឧទ្ទិសរម្លឹកវិញ្ញាណក្ខន នៅកន្លែងកើតហេតុតែម្តង។ លោកបន្តថា ការហាមឃាតរបស់អាជ្ញាធរពេលនេះ គឺជាការរំលោភសិទ្ធិមនុស្ស និងសេរីភាពជំនឿសាសនា។ មិនតែប៉ុណ្ណោះ គឺធ្វើឲ្យអាប់ឱនមុខមាត់ប្រទេសជាតិទៀតផង។ ចំណែកក្រុមគ្រួសារ ឬអ្នកដែលរបួសពីមុនមកនោះដែលមកចូលរួមពិធីនេះ នឹងភ័យខ្លាចឡើងវិញ ហាក់បីដូចរូបភាពបង្ក្រាបចាស់ៗពីមុនមកផុសឡើងវិញ។
សូមបញ្ជាក់ថា ជាង២ឆ្នាំទៅហើយ ការបាញ់សម្លាប់នៅគល់អាកាសក្បាលថ្នល់ និងនៅគល់ស្ពានស្ទឹងមានជ័យ ព្រមទាំងព្រឹត្តិការណ៍នៅផ្លូវវេងស្រេងថែមទៀត នៅមិនទាន់វែកមុខជនដៃដល់ និងមិនទាន់ស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះនៅឡើយ។ តាមលោក អំ អាត ដដែល បើពន្លឺនៃយុត្តិធម៌នៅឆ្ងាយដូចជើងមេឃដូច្នេះទៀត កម្ពុជាពុំអាចកសាងឈ្មោះជាប្រទេសដែលគោលការណ៍នីតិរដ្ឋ ដែលរកយុត្តិធម៌សម្រាប់ប្រជាជន ហើយវប្បធម៌នីទ្ទណ្ឌភាពនៅតែចាស់ឫសក្នុងសង្គមខ្មែរ។
យ៉ាងណាក៏ដោយចុះ ទាំងសង្គមស៊ីវិល និងក្រុមគ្រួសារជនរងគ្រោះដែលទៅចូលរួមពិធីសាសនានៅផ្លូវវេងស្រេងនេះ គឺអន្ទះសារង់ចាំយុត្តិធម៌ និងទទូចឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ វែកមុខអ្នកដៃដល់! តើនរណាជាឃាតករ? ហើយនរណាជាអ្នកនៅពីក្រោយខ្នងព្រឹត្តិការណ៍បង្រ្កាបកាលពី២ឆ្នាំមុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ