កម្ពុជា

ភ្លៀង​កក់​ខែ​លាយ​ឡំ​បាត់​ភូត​ខ្យល់​រន្ទះ​សម្លាប់​មនុស្ស​៣៣​នាក់

រូបភាព៖ទិដ្ឋភាពភ្លៀងធ្លាក់នៅផ្នែកមួយនៃរាជធានីភ្នំពេញ
រូបភាព៖ទិដ្ឋភាពភ្លៀងធ្លាក់នៅផ្នែកមួយនៃរាជធានីភ្នំពេញ @សហការី

យ៉ាងហោច​ណាស់​មនុស្ស​៣៣​នាក់​បាន​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​ចាប់​តាំង​ពី​កម្ពុជា​រង​នូវ​ភ្លៀង​​​កក់​ខែ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​រហូត​ដល់​ខែ​ឧសភា​នេះ។ មន្រ្តី​ជំនាញ​នៃ​គណៈ​កម្មា​ធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​គូស​បញ្ជាក់​ថា បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨ មនុស្ស​​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា ក៏​ប៉ុន្តែ​ការ​ស្លាប់​ក្រោម​រូបភាព​រន្ទះ​បាញ់​នៅ​តែ​ជា​ក្ដីព្រួយ​បារម្ភ​របស់​មន្ត្រី​ជំនាញ។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​មនុស្ស​៣៣​នាក់​បាន​ស្លាប់​ដោយសារ​បាតុភូតរន្ទះ​លាយឡំ​និង​ខ្យល់​កន្ទ្រាក់​គិត​ត្រឹម​រយៈ​ពេល​៥​ខែ​ក្នុង​ឆ្នាំ​២០១៩​នេះ គណៈ​កម្មា​ធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​និង​ក្រសួងអប់រំបាន​ក្រើន​ឲ្យ​ពលរដ្ឋ​ក៏​ដូច​ជា​សិស្សា​នុសិស្ស​ផ្អាក​សកម្មភាព​នានា​រត់​រក​កន្លែង​​មាន​សុវត្ថិភាព។

ស្ថាប័ន​ទាំង​ពីរ​បន្ថែម​ថា ពលរដ្ឋ សិស្សានុសិស្ស និស្សិត​ទាំងអស់ មិនត្រូវ​ជិះ​កង់ ម៉ូតូ​ពេល​មេឃ​កំពុង​ភ្លៀង​ មិនត្រូវ​និយាយ​ទូរ​សព្ទ​ពេលឮ​សំឡេង​ផ្គរ​ មិនត្រូវ​អង្គុយ​នៅក្រោម​ដើមឈើ​​ត្រូវ​រត់​ចេញពី​កន្លែង​ដែលមាន​ទឹក ឬ​វាលស្រែ​​ ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ឧបករណ៍​ដែល​ធ្វើ​ពី​លោហៈនិង​ឧបករណ៍​អគ្គិសនី​គ្រប់​ប្រភេទ​ កុំ​ពាក់​គ្រឿងអលង្ការ​ដែល​ធ្វើ​ពី​លោហៈ​ កុំ​ឈរ​នៅក្បែរ​បង្អួច ឬ​បង្គោល​ភ្លើង ឬ​បង្គោល​អង់​តែ​ន​ ត្រូវ​ពាក់​ទ្រនាប់ជើង​រាល់ពេល​ចេញ​ដើរ​ទៅណា​។

ទោះ​ជា​ស្ថាន​ភាព​អាកាសធាតុ​ប្រទេស​កម្ពុជាបានវិវត្តន៍មកដល់រដូវស្សាដែលជាជំហ៊ាន​ជាភ្លៀងកក់ខែយ៉ាងណាក៏ដោយ តែ​បាតុភូត​ធម្មជាតិ​ដូច​ជា ខ្យល់​កន្ត្រាក់ ឬ​រន្ទះ​បាញ់​ជា​ដើម ងាយ​កើត​មានគ្រប់ពេល។ តាម​រយៈ​ហេតុ​ការណ៍​នេះ ​គណៈ​កម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ បូក​បញ្ជូល​នៅ​ក្នុង​របាយ​ការណ៍​ប្រចាំ​ខែ​របស់​ខ្លួន ដោយ​គិត​ត្រឹម​រយៈ​ពេល​៥ខែ​ក្នុង​ឆ្នាំ​២០១៩​នេះ ក្រៅ​ពី​ស្លាប់​និង​របួស ផ្ទះ​ពលរដ្ឋ​ក្នុង​ខេត្ត​ក្រុង​ចំនួន​២១​បាន​ដួល​រលំ​ក្នុង​រូប​ភាព​ធ្ងន់​ធ្ងរ​រហូត​ដល់​ទៅ​ជិត​៣០០​ខ្នង​ផ្ទះ​។

បើតាម​ក្រសួង​ធនធានទឹក បាតុភូត El Nino បន្ត​មាន​ឥទ្ធិពល​លើ​កម្ពុជា​នៅឡើយ ដែល​នឹងធ្វើ​ឲ្យ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រាយ​បាយ​នៅតាម​បណ្ដា​រាជធានី​-​ខេត្ត​នៅ​ពេញ​មួយ​សប្តា​ហ៍​​​ទៀតចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨ឧសភា​។ ក្រសួង​ធន​ធាន​ទឹក បាន​ព្យាករណ៍​ថា នឹង​មាន​ភ្លៀង​ធ្លាក់​ជាបន្ត​បន្ទាប់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ នៅ​តាម​បណ្តា​រាជ​ធានី ខេត្ត នៅ​តំបន់​វាល​ទំនាប និងតំបន់​មាត់​សមុទ្រ ហើយ​តំបន់​មួយ​ចំនួន​ទៀត អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន៕

 

 

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI