ការថ្លែងអំណរគុណកម្ពុជាបានធ្លាក់មកជាបន្តបន្ទាប់ក្រោយពីបានអនុញ្ញាតឲ្យនាវាទេសចរណ៍របស់អាមេរិកចូលចត
ចុះផ្សាយនៅថ្ងៃ៖
មេដឹកនាំប្រទេសនិងមេដឹកនាំអង្គការអន្តរជាតិជាច្រើន បានថ្លែងអំណរគុណជាបន្តបន្ទាប់ចំពោះកម្ពុជាដែលអនុញ្ញាតិឲ្យនាវាទេសចរណ៍របស់សហរដ្ឋអាមេរិកមួយគ្រឿងដែលផ្ទុកមនុស្សជាងពីរពាន់នាក់ចូលចតនៅកំពង់ផែខេត្តព្រះសីហនុកាលពីថ្ងៃទី១៣កុម្ភៈ។ ការដែលកម្ពុជាអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សនេះចូលចត គឺបន្ទាប់ពីប្រទេសចំនួន៤និងកោះចំនួន២ បានបដិសេធមិនឲ្យកប៉ាល់ទេចរណ៍នេះចូលចតដោយបារម្ភខ្លាចអ្នកដំណើរឆ្លងទ្វីបទាំងនោះ មានឆ្លងមេរោគកូរ៉ូណា។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយតាមបណ្តាញសង្គម Twitter ដោយសរសេរថា «សូមអរគុណប្រទេសកម្ពុជាដ៏ស្រស់ស្អាត ដែលទទួលនាវាទេសចរណ៍ Westerdam ឱ្យចូលចតនៅប្រទេសរបស់ខ្លួន។ សហរដ្ឋអាមេរិក នឹងចងចាំអំពើល្អមួយនេះ»។
បន្ថែមពីលោក ដូណាល់ ត្រាំ អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili) បានផ្ញើលិខិតមួយជូនលោកយករដ្ឋមន្រ្តី ហ៊ុន សែននៅថ្ងៃទី១៤កុម្ភៈ។
ពីទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញលោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី បានចាត់ទុកការអនុញ្ញាតរបស់កម្ពុជាថា មានសេចក្តីក្លាហាន និងការបង្ហាញនូវក្តីស្រលាញ់ចំពោះអ្នកដំណើរជាងពីរពាន់នាក់ ដែលនៅតែលតោលលើសមុទ្រ។ បើទោះបីស្ថិតក្នុងស្ថានភាពនៃការភ័យខ្លាចនៃវីរុសកូរ៉ូណាក៏ដោយ តែកម្ពុជាបានបង្ហាញនូវសាមគ្គីភាពអន្តរជាតិ ដែលនឹងលើកទឹកចិត្តដល់ប្រទេសផ្សេងៗទៀតឲ្យធ្វើតាម និងផ្តល់នូវការជួយគាំទ្រដ៏ចាំបាច់ជាច្រើននៅពេលណាដែលមានតម្រូវការ។ នេះជាការកត់សំគាល់របស់អង្គការទេសចរណ៍ពិភពលោក ខណៈអង្គការសុខភាពពិភពលោកក៏បានកោតសរសើរកម្ពុជាមុននោះបន្តិច។
លើសពីនេះទៀត ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនក៏បានថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជាផងដែរដែលបានផ្តល់សិទ្ធិឱ្យនាវា Westerdam ចូលចត និងដោយសង្ឃឹមថាអ្នកដំណើរទាំងនោះ នឹងធ្វើមាតុភូមិ និវត្តន៍ប្រកបដោយសុវត្ថិភាព។ បើតាមសហភាពអឺរ៉ុប នាវានេះ មានមនុស្សចំនួន ២,២៥៧ នាក់ក្នុងនោះមានពលរដ្ឋអឺរ៉ុប ចំនួន ២៦០ នាក់មកពីប្រទេសនៅអឺរ៉ុបចំនួន ២០ ផ្សេងគ្នា។ ដោយឡែកពីតំណាងសហភាពអឺរ៉ុប ក៏មានស្ថានទូតបរទេសនានា ដែលរួមានទាំងសហរដ្ឋអាមេរិក បារាំង ជាដើម សុទ្ធតែក៏បានអរគុណដល់កម្ពុជា សម្រាប់ការអនុញ្ញាតឲ្យនាវា Westerdam ចូលចត។
សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនេះមិនមែនជាពេលត្រូវភ័យខ្លាច និងធ្វើការរើសអើងទេ តែជាពេលត្រូវរួបរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។
កប៉ាល់ទេសចរណ៍ Westerdam ដែលដឹកមនុស្សជាង ២២០០នាក់ ក្នុងនោះបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ បំណងចូលចតនៅកោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ។ ប៉ុន្តែអាជ្ញាធរប្រទេសទាំងអស់នោះបដិសេធមិនឲ្យចូលចតឡើយ ដោយបារម្ភថា ក្នុងចំណោមមនុស្សទាំងនោះ មានផ្ទុកវីរុសកូរ៉ូណាដែលត្រូវបានកំណត់ឈ្មោះជាផ្លូវការថាCovid-19។ តែក្រសួងសុខាភិបាលកម្ពុជាអះអាងថា គ្មានមនុស្សណាម្នាក់រកឃើញថា មានឆ្លងមេរោគកូរ៉ូណាឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ