ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សិទ្ធិ​ទទួល​បាន​ព័ត៌មាន ស្ថិ​ត​ក្រោម​គំនាប​នៃ​ពាក្យ​ថា​«ព័ត៌មាន​សម្ងាត់» និង​«សន្តិសុខ​ជាតិ»!

រដ្ឋមន្ត្រី​ព័ត៌មាន​កំពុង​ឆ្លើយ​សំណួរ​អ្នក​កាសែត ថ្ងៃទី​៧កញ្ញា២០១៦
រដ្ឋមន្ត្រី​ព័ត៌មាន​កំពុង​ឆ្លើយ​សំណួរ​អ្នក​កាសែត ថ្ងៃទី​៧កញ្ញា២០១៦ RFI@HENG Oudom

​សេចក្តីព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​កំពុង​តែ​ស្ថិត​ក្នុង​ការ​ជជែក​ពិភាក្សា​ ហើយ​គ្រោង​​នឹង​អនុម័ត​ឲ្យ​ប្រើ​ប្រាស់នៅ​ថ្ងៃ​អនាគត​​។ ច្បាប់​នេះ​​​មាន​សារៈ​សំខាន់​ណាស់ ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​សាធារណៈ​ផ្តល់​ព័ត៌មាន​ដល់​សាធារណ​ជន ហើយ​ក៏​ត្រូវ​គេ​រំពឹង​ថា នឹង​បើក​ចំហ​​សេរីភាព​ព័ត៌មាន​ច្រើន​​ជាង​មុន។ ក៏​ប៉ុន្តែ​​ពលរដ្ឋ​និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ នៅតែ​ព្រួយ​បារម្ភថា «សិទ្ធិ​ទទួល​បាន​ព័ត៌មាន» នឹង​ត្រូវ​បាន​រឹង​ត្បិត ព្រោះតែ​​​ស្ថិត​ក្រោម​គំនាប​​នៃ​ពាក្យ​ថា «ព័ត៌​មាន​​សម្ងាត់» និង​​«សន្តិសុខជាតិ»។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​ព្រាង​ច្បាប់ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ​ស៊ី​ពេល​អស់​ជាង​១០​សម្រាប់​ការ​តស៊ូមតិ ហើយ​នៅ​​ឆ្នាំ​២០១​៣ ប្រមុខ​រដ្ឋាភិបាល បាន​​បញ្ជា​ឲ្យ​ចាប់​ផ្តើម​ព្រាង​មែនទែន។ ក្រោយ​មក​ក្រសួង​និង​អង្គការ​ដៃគូ​ផ្សេង​ទៀត បាន​ចាប់​ផ្តើម​ធ្វើគម្រោង​ព្រាង​បាន​ជាង​១ឆ្នាំ​កន្លះ​​ ហើយ​ច្បាប់​នេះ​អាច​គ្រោង​នឹង​សម្រេច​រួច​រាល់​នៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ​ឯណោះ​។

មូល​ហេតុ​នៃ​ការ​យឺត​យ៉ាវ ត្រូវ​គេ​ពន្យល់​ថា មក​ពី​ច្បាប់​នេះ មាន​វិសាលភាព​ធំ​ទូលាយ ហើយ​ទម្រាំ​សម្រេច​ពី​មួយ​ពាក្យ​ទៅមួយពាក្យ​ គឺត្រូវ​ឲ្យ​អ្នក​ជំនាញ អ្នក​ច្បាប់ និង​សង្គម​​ស៊ីវិល​ជាតិនិងអន្តរជាតិ ដែល​ជា​ក្រុម​ព្រាង​ច្បាប់​នេះ ជជែក​គ្នា​យ៉ាង​យូរ។ លើស​ពី​នេះ គឺ​នៅ​​មា​ន​​ពាក្យថា ​«ព័ត៌មាន​សម្ងាត់» និង«​សន្តិសុខជាតិ» ​ក៏​បាននឹង​កំពុង​តែ​​​ខ្ទាស់​មិន​ឲ្យ​​ច្បាប់​នេះ លេច​រូប​រាង បានឆាប់​រហ័សដែរ​។

តើ​អ្វីទៅថា​ជា​«ព័ត៌មាន​សម្ងាត់»​និង«​​សន្តិសុខជាតិ​»? ពាក្យ​ទាំង​ពីរនេះ​គឺ​នៅតែ​​បង្ក​ភាព​ចម្រូង​​​ចម្រាស់​នៅឡើយ។រហូត​មក​ទល់​នឹង​ពេល​នេះនៅ​មិន​ទាន់​មាន​ការ​កំណត់​និយម​ន័យ​ឲ្យ​ជាក់​លាក់​ច្បាស់​លាស់ជា​ផ្លូវ​ការ​​នៅឡើយ​ទេ។

ទោះ​យ៉ាង​នេះក្តី ក្នុង​សេចក្តីព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​​ទទួល​​ព័ត៌មាន​មាត្រា២០ បាន​សរសេរ​​​​ថា​ស្ថាប័នសាធារណៈ​អាចបដិសេធ​មិន​ផ្តល់ព័​ត៌​មានប្រសិនបើ​ព័ត៌មាន​នោះធ្វើ​ឲ្យ​អន្តរាយ​ដល់សន្តិសុខជាតិ និង​សណ្តាប់​ធ្នាប់​សាធារណៈ, អន្តរាយ​ដល់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ដទៃនិង​អន្តរាយ​ដល់​សេដ្ឋកិច្ច ព្រម​ទាំង​ហិរញ្ញវត្ថុ​សាធារណៈ​ជាតិ។

មិន​តែ​ប៉ុណ្ណោះ ​ព័ត៌មាន​សម្ងាត់ គឺ​ជា​ព័ត៌មាន​ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ដំណើរ​ការរៀបចំ​គោល​នយោបាយ​របស់​រដ្ឋាភិបាលនិង​ប៉ះ​ពាល់​ដល់​សំណុំ​រឿង​ក្តីឬក៏​ការ​សម្ងាត់របស់​តុលាការ។ លើស​ពី​នេះព័ត៌មាន​ដែល​ប៉ះពាល់​ដល់​អាថ៌កំបាំង​ឯកជន​បុគ្គលរួមបញ្ចូល​ទាំង​សំណុំ​រឿង​របស់​មន្ត្រីរាជការសំណុំរឿងពាក់ព័ន្ធបញ្ហាសុខភាពសំណុំរឿងវិវាទនីតិឯកជនជា​ដើម​ ក៏ត្រូវចាត់​ទុក​ជា​ព័ត៌មាន​សម្ងាត់​ដែរ​។

ចំណែក​ពាក្យថា «ព័ត៌មាន​ប៉ះ​ពាល់​សន្តិសុខ​ជាតិ» ត្រូវ​សេចក្តី​ព្រាង​ច្បាប់ដដែល​នេះ សរសេរ​​​ថា​ ​ព័ត៌មាន​ទាំងឡាយណាដែល​អាចនាំឲ្យមានការ​គ្រោះថ្នាក់ដល់បូរណភាព​ទឹកដី​និងនិរន្ត​រភាពដែលជាអាយុជីវិតជាតិ​ព្រមទាំង​ព័ត៌មាន​​ដែល​​ប៉ះពាល​​ដល់​កងយោធា​និង​នគរ​បាលដែលការបែកធ្លាយ​នាំឲ្យមានគ្រោះ​ថ្នាក់ដល់​ការ​បំពេញ​បេសកកម្មឬ​ប្រតិបត្តិការ​សឹក​។

ជារួម​ ​គេ​នៅតែមើល​ឃើញថា​ វិសាលភាព​នៃ​ពាក្យថា ​«ព័ត៌មាន​សម្ងាត់» និង​ពាក្យ​«ព័ត៌​មាន​សន្តិសុខជាតិ» នេះ​ គឺធំ​ទូលំទូលាយ​ ដែល​ជា​សេចក្តី​ព្រួយ​បារម្ភ​របស់​មហាជនជា​ទូទៅ​​ ព្រោះ​ថា បើ​ទីបំផុត​ អាជ្ញាធរ​សាធារណៈ ចង់​មាន​​លេស បដិសេធ​ មិន​ព្រម​ផ្តល់​ព័ត៌មាន គឺគ្រាន់តែឆ្លើយ​ថា ជា​​«ព័ត៌មាន​សម្ងាត់» និង«​សន្តិសុខជាតិ» គឺ​ចប់​ស្រេច​បាត់​ទៅហើយ​។ ហេតុ​​នេះ វិសាល​ភាព​នៃ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន គឺ​​ស្ថិត​ក្រោម​គំនាបពាក្យ​ទាំង​ពីរ​នេះតែម្តង​។​

ដូច្នេះ​ ក្នុង​ដំណាក់​កាល​ ដែល​ច្បាប់ស្តីពីសិទ្ធិទទួល​​ព័ត៌មាន ស្ថិត​ក្នុង​ដំណាក់​កាលជា​​សេចក្តីព្រាងនៅឡើយ, ដំណោះស្រាយ​ជា​ដំបូងទី១​បំផុត គឺគេ​គួរតែ​​កំណត់​និយម​ន័យ​ពិត​ប្រាកជាក់​លាក់និង​ច្បាស់​លាស់​ថា អ្វីជា​​«ព័ត៌មាន​សម្ងាត់» និងអ្វី​ជា​«​សន្តិសុខជាតិ»? ហើយ​​និយម​ន័យនេះ គឺ​ជា​ខ្លឹម​សារ​ដែល​មាន​ការ​ឯកភាព​ពីសង្គម​ស៊ីវិល ​អ្នក​ជំនាញ អ្នក​ច្បាប់ និង​អ្នក​នយោបាយ ហើយ​វា​សម​ស្រប​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ ដែល​អាច​ទទួល​យក​បាន ដោយ​ផ្អែក​ទៅ​លើ​ខ្នាត​វាស់​ត្រឹមត្រូវ​ជាក់​លាក់។​

ក៏ប៉ុន្តែ​នៅ​ពេល​ខ្លះ គេ​មើល​ឃើញថា​ បើ​ទោះ​បី​ជា​មាន​ការ​កំណត់​និយម​ន័យ​ពិត​ប្រាកដ​ហើយ​ក៏ដោយ​ចុះ ក៏​នៅតែ​មាន​ការ​បកស្រាយ​ផ្សេងៗពីគ្នា។ ដូច្នេះ ជំហាន​ទី​២ គឺការ​បកស្រាយ​​គួរ​តែ​ឯកភាព​យល់​ស្រប​គ្នាស្រេច​ឲ្យ​ហើយ​ ទាំង​អ្នក​ច្បាប់​ទាំង​អ្នកនយោបាយ​មិន​ត្រូវ​ឲ្យ​មាន​ការ​​បកស្រាយ​ កេង​យក​ចំណេញ​តែ​រៀង​ៗ​ខ្លួននោះទេ​។​ ពោល​គឺ​ការ​បកស្រាយ​គួរ​ត្រូវ​ឈរ​លើ​ផល​ប្រយោជន៍​រួម​របស់​ជាតិ​។ នោះទើប​ច្បាប់​ស្តីពីសិទ្ធិទទួល​ព័ត៌មាន ដែល​នឹង​ប្រសូត្រ​ចេញ​មកនោះ ​បម្រើ​ប្រយោជន៍​សង្គម​ខ្មែរ​ពិត​ប្រាកដ។​

ចំណែក​ឯ​ដំណើរ​ការ​អនុវត្ត​ជាក់​ស្តែង​មែនទែនវិញ អាជ្ញាធរ​គួរតែ​ប្រកាន់​គោល​ការ​បើកចំហ​ឲ្យ​ច្រើន​បំផុត​ ហើយ​គ្រប់ស្ថាប័នសាធារណៈទាំងអស់ ត្រូវតែ​គោរពគោល​ការណ៍នៃការ​លាត​ត្រដាងព័ត៌មានជាអតិបរមា។ បាន​សេចក្តីថា គឺត្រូវ​កាត់​បន្ថយ​ព័ត៌មាន​សម្ងាត់​ឲ្យមាន​កម្រិត​ទាប​បំផុត ទើប​ច្បាប់​នេះ​អាច​មាន​ប្រសិទ្ធភាព និង​សម្រេច​បាន​នូវ​សិទ្ធិ​ទទួល​ព័ត៌មាន​សម្រាប់​សាធារជន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI