រដ្ឋមន្ត្រីសុខាភិបាល៖ ស្រាពុល សម្លាប់មនុស្ស១៩នាក់
រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃទី១៣ ខែធ្នូនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ បញ្ឈប់ជាបន្ទាន់នូវការបរិភោគស្រាសឬស្រាថ្នាំ ដែលផលិតដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ។ ការអំពាវនាវរបស់លោកបានធ្វើឡើង ក្រោយពេលដែលមានករណីពុលស្រាសមួយទៀតបានកើតឡើងនៅខេត្តក្រចេះ បណ្តាលឲ្យប្រជាពលរដ្ឋមួយចំនួនរងគ្រោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ករណីពុលស្រា និងពុលសាច់សត្វ បានកើតឡើងជាបន្តបន្ទាប់ នៅក្នុងខេត្តក្រចេះ នៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញមកអំពាវនាវឲ្យប្រជាពលរដ្ឋឈប់ជាបន្ទាន់ ការបរិភោគស្រាស ឬស្រាថ្នាំ ដែលផលិតដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ និងត្រូវបញ្ឈប់ជាបន្ទាន់ ការបរិភោគសាច់សត្វ ដែលឈឺឬងាប់។ បើគេនៅតែបន្តហូបស្រាសឬស្រាថ្នាំ និងសាច់សត្វឈឺ ឬងាប់ នោះ គេពិតជាឈឺឬស្លាប់ ជាពុំខាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែធ្នូ។
សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែធ្នូ ម្សិលមិញនេះ មានករណីសង្ស័យពុលស្រាមួយទៀតកើតឡើងនៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី ដោយក្នុងនោះមានជនរងគ្រោះ២នាក់ព្យាបាល នៅក្នុងខេត្តក្រចេះ និង៣នាក់ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ក្នុងករណីសង្ស័យពុលស្រាចំនួន៥ករណី ដែលមានមនុស្ស១៣នាក់ស្លាប់ ភាគច្រើនគឺជាករណីពុលស្រាពិតមែន ដោយសារតែកម្រិតមេតាណុលលើសកំណត់។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០១៤ ដែលស្រាវជ្រាវចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១០ បង្ហាញថា បុរសកម្ពុជាម្នាក់អាយុចាប់ពី១៥ឆ្នាំឡើង បានទទួលទានជាតិអាលកុលសុទ្ធជាមធ្យមប្រមាណ៩.៦លីត្រ និងនារីចាប់ពីអាយុ១៥ឆ្នាំឡើង បានទទួលទានជាតិអាលកុលសុទ្ធជាមធ្យមប្រមាណ១.៧លីត្រ។ បើទោះបីជាពេលនេះកម្ពុជាបានកំណត់យកពន្ធលើគ្រឿងស្រវឹងក៏ដោយ ប៉ុន្តែកម្ពុជានៅមិនទាន់មានច្បាប់ណាមួយកំណត់អាយុតិចបំផុតក្នុងការសេពគ្រឿងស្រវឹងនៅឡើយទេ ដោយច្បាប់នេះកំពុងតែស្ថិតក្នុងសេចក្តីព្រាងនៅឡើយ។
លោក យ៉ង់ គីមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព បានបង្ហាញការយល់ឃើញរបស់លោកចំពោះការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលថា ការអំពាវនាវរបស់ក្រសួងមិនអាចទប់ស្កាត់ហានិយភ័យបានទេ ហើយរឿងសំខាន់គឺទាល់តែរដ្ឋាភិបាលមានគោលនយោបាយ និងច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ទើបធ្វើឲ្យយន្តការទប់ស្កាត់មានប្រសិទ្ធិភាព។
លោកបានបន្ថែមថាច្បាប់គ្រឿងស្រវឹងត្រូវបានបញ្ជូនទៅដល់គណៈរដ្ឋមន្ត្រីកម្ពុជា ហើយបានគ្រោងដាក់អនុម័តដោយទីស្តីការគណៈរដ្ឋមន្ត្រីនៅខែកក្កដា កន្លងទៅ តែត្រូវលុបចោលវិញ។ លោកបញ្ជាក់ថា បើរដ្ឋាភិបាលអនុញ្ញាតឲ្យឧស្សាហកម្មគ្រឿងស្រវឹងលូកដៃចូលក្នុងការធ្វើសេចក្តីព្រាងច្បាប់គ្រឿងស្រវឹង នោះច្បាប់នឹងគ្មានន័យអ្វីទាំងអស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ