ខួប១២ឆ្នាំរបស់ ជា វិជ្ជា អ្នកចូលរួមព្រមានពីចលនាមហាជនវែកមុខរកឃាតករពិតជំនួសរដ្ឋាភិបាល
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយលោកជាមុនី ប្អូនប្រុសសពលោក ជា វិជ្ជា បានដាក់កម្រងផ្កានៅស្តូបរូបសំណាក់លោក ជា វិជ្ជា នៅថ្ងៃសុក្រនេះដើម្បីរំលឹកខួបទី១២ឆ្នាំនៃការបាញ់សម្លាប់។ ដូចនៅរៀងរាល់ឆ្នាំ អ្នកចូលរួមប្រមាណ ១០០ នាក់ដែលរួមមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងសហជីព នៅតែទទូចឲ្យរដ្ឋាភិបាលពន្លឿនស្វែងរកមុខឃាតករ បញ្ឈប់អំពើហិង្សាបាញ់សម្លាប់កម្មករ និងបញ្ឈប់វប្បធម៌និទណ្ឌភាពនៅកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្នុងឱកាសនោះលោក ជា មុនី ព្រមានថា ចលនាមហាជននឹងងើបឡើង ទាមទារយុត្តិធម៌ឲ្យ លោក ជា វិជ្ជា ក្នុងករណីរដ្ឋាភិបាលបន្តអូសបន្លាយលើសំណុំរឿងនេះ។ សំណុំរឿងនេះកន្លងមករដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួងស៊ើប អង្កេតបីលើករួចមកហើយនៅក្នុងឆ្នាំ២០១៥។ ប៉ុន្តែគណៈកម្មការទាំង នេះបង្កើតឡើងហាក់មិនទទួលបានលទ្ធផលអ្វីសោះ។
លោក ជា វិជ្ជា ជាថ្នាក់ដឹកនាំសហជីពមួយរូប ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ លោក មានសកម្មភាពខ្លាំងក្លានៅក្នុងការតវ៉ាទាមទារប្រាក់ខែជូនកម្មករ រហូតបន្សល់ទុកកេរិ៍្តឈ្មោះមកដល់ពេលបច្ចុប្បន្ននេះថាជា«វីរៈបាតុករ»។
មុនការបាញ់សម្លាប់ លោក ជា វិជ្ជា ធ្លាប់ទទួលបានសារគំរាមច្រើនដង ឲ្យបញ្ឈប់សកម្មភាពតវ៉ានិងការទាមទារជំនួសកម្មករ។ ប៉ុន្តែលោកមិនស្តាប់នៅតែបន្តសកម្មភាពរបស់ខ្លួន។ លុះមកដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៤ លោក ជា វិជ្ជា ត្រូវខ្មាន់កាំភ្លើងមិនស្គាល់មុខ បាញ់ចំនួនបីគ្រាប់ បណ្តាលឱ្យ ស្លាប់នៅនឹងកន្លែង ខណៈដែលលោក កំពុងឤនកាសែត នៅក្នុង តូបលក់កាសែតមួយ ជាប់នឹង របងវត្តលង្កា ក្នុងក្រុងភ្នំពេញ ។
ក្រោយពី ឃាតកម្មលើរូបលោក ជាវិជ្ជាលោក ប៊ន សំណាង និងលោក សុខ សំអឿនត្រូវបានតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទីមួយ ខែសីហា ឆ្នាំ ២០០៥ កាត់ឱ្យ ជាប់ពន្ធនាគារ ចំនួន ២០ឆ្នាំ ពីបទ ឃុបឃិត ប្រព្រឹត្ត អំពើឃាតកម្ម គិតទុកជាមុន លើរូបលោក ជា វិជ្ជា ប្រធាន សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ។
ក្រោយមកទៀត ប៊ន សំណាង និង សុខ សំអឿន បានដាក់ពាក្យបណ្តឹង ទៅសាលាឧទ្ធរណ៍ ប្តឹងជំទាស់ សាលក្រម តុលាការក្រុងភ្នំពេញ ។ បើទោះជាមានមេធាវី សាក្សី និង អង្គការសិទ្ធិមនុស្ស ជាច្រើន បញ្ជាក់អំពី ភាពគ្មានទោសកំហុស របស់លោក ប៊ន សំណាង និង សុខ សំអឿន ក៏កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០០៧ សាលាឧទ្ធរណ៍ បានចេញសាលដីកា សម្រេច ដម្កល់សាលក្រម របស់តុលាការក្រុងភ្នំពេញ ដោយឱ្យ លោក ប៊ន សំណាង និង សុក សំអឿន ជាប់ពន្ធនាគារបន្តហើយ នៅចុងឆ្នាំ២០១២ សាលាឧទ្ធរណ៍បានកំណត់ឱ្យបុរសទាំងពីរជាប់ពន្ធនាគារ ម្នាក់២០ឆ្នាំឡើងវិញ។
ប៉ុន្តែជិត៥ឆ្នាំក្រោយ ការឃុំខ្លួន លោក ប៊ន សំណាង និង សុខ សំអឿន ត្រូវបានតុលាការកំពូលចេញសាលដីកាដោះលែងឲ្យមានសេរីភាពវិញ កាលពីថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៣។ ក្នុងសនវការជំនុំជម្រះ តុលាការពិនិត្យឃើញថា ការរកកាំភ្លើងជាវត្ថុតាងសម្លាប់ជនរងគ្រោះ ធ្វើឡើងមិនត្រឹមត្រូវតាមច្បាប់ ការគូសគំនូសព្រាងមុខឃាតករ ដែលចោទទៅលើ លោក ប៊ន សំណាង មិនធ្វើស្របតាមនីតិវិធី មិនអាចយកជាការបាន ពិសេសសាក្សីសំខាន់ គឺជាអ្នកលក់កាសែត អះអាង ថា ឈ្មោះ ប៊ន សំណាង និង សុខ សំអឿន មិនមែនជាឃាតកពិតប្រាកដសម្លាប់លោក ជា វិជ្ជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ