កម្ពុជា

ខ្មែរ​​នៅ​តែ​មិន​អាច​​បង្កើត​«​សាលា​​ភាព​​យន្ត»​​​ដោយ​​ខ្លួន​ឯង!​

សកម្មភាព​ថត​ភាពយន្ត​។ រូប​ថត​របស់​មជ្ឈមណ្ឌល​​ធនធាន​សោត​ទស្សន៍​បុប្ផាណា
សកម្មភាព​ថត​ភាពយន្ត​។ រូប​ថត​របស់​មជ្ឈមណ្ឌល​​ធនធាន​សោត​ទស្សន៍​បុប្ផាណា @Bophana Centre

កម្ពុជា ​ទទួល​បាន​សន្តិភាព​ជាង​២ទសវត្សរ៍​ហើយ នៅតែ​មិន​អាច​បង្កើត​សាលា​ភាពយន្ត​មួយ​​នៅឡើយទេ។​ បើ​នៅ​តែ​គ្មាន​សាលា​បង្រៀន​ភាពយន្តត្រឹមត្រូវ​ច្បាស់​លាស់ទៀត គឺ​លំបាក​​នឹង​លើកស្ទួយ​វប្បធម៌​ខ្មែរ​ណាស់។​ នេះ​គឺ​ជា​ការ​ត្អូញត្អែ​របស់​អ្នក​ដឹកនាំ​សម្តែង​និង​សិល្បករ​មួយ​​ចំនួន​ដែល ​ប្រាប់​វិទ្យុ​បារាំង​​​ នៅ​ក្នុងនៅ​ថ្ងៃនេះ ​ដែល​ក្រសួង​វប្បធម៌​រៀបចំ​ការ​ពិគ្រោះ​យោបល់​​ស្តីពី​ «ក្រមសីលធម៌​នៃ​អ្នក​សិល្បៈ»។

ផ្សាយពាណិជ្ជកម្ម

អ្នក​ដឹកនាំ​សម្តែង​ និង​សិល្បករខ្លះ បាន​ប្រាប់​វិទ្យុ ​RFI នៅ​ក្នុង​ឱកាស​ពិភាក្សា​ពី ​«ក្រមសីល​ធម៌​​​នៃ​​អ្នក​សិល្បៈ»​ថាមិន​ដែល​មាន​សាលា​បង្រៀន​ផង តែ​ក្រសួង​ចាំតែ​ស្តីបន្ទោស​នៅពេល​ដែល​អ្នក​សិល្បៈ​ធ្វើ​ខុស។ ហេតុនេះ ពួក​គេ​ទទូច​ឲ្យ​ក្រសួង​គិត​គូរ​បង្កើត​សាលា​ភាពយន្ត​ឲ្យ​បាន​ឆាប់ ​ទើប​ជាការ​ប្រសើរ។ 

គួរ​រម្លឹកថា កន្លង​មក ក្រសួ​ង​វប្បធម៌ និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ បាន​សហការ​​ជាមួយ​ សាកលវិទ្យាល័យ​ជាតិ​កូរ៉េ​ គ្រោង​នឹង​​បង្កើត​មហាវិទ្យាល័យ​ភាព​យន្ត​។​ តែគម្រោង​ត្រូវ​ស្ងប់​ស្ងាត់ទៅវិញ។ ចំណុច​នេះ ត្រូវ​លោក​សកលវិទ្យាធិការ​នៃសាលា​រចនា ពន្យល់ថា គឺ​មក​ពី​វិបត្តិ​ថវិកា។ បើ​តាម​ប្រភព​ដដែល ដើម្បី​បង្កើត​មហាវិទ្យាល័យ​ភាព​យន្ត​ គឺត្រូវការ​​ឧបករណ៍​​សម្រាប់ការ​​បណ្តុះបណ្តាលច្រើន, សាស្ត្រាចារ្យដែល​មាន​ជំនាញ ដែល​គេ​មិន​អាច​យកគ្រូ​ដែល​អត់​សញ្ញាបត្រ​សោះទៅ​បង្រៀន​បរិញ្ញា​បត្រ និង​ថ្នាក់​​ក្រោយឧត្តម​សិក្សា​នោះ​ទេ​។ ​ចុងក្រោយ​ គឺត្រូវកា​រ​​ថវិកាច្រើន។ ដូច្នេះ ក្នុង​ដំណាក​កាល​នេះ ទាំង​ក្រសួ​ង​វប្បធម៌ និង​ទាំង​​​សាលា​រចនា គឺ​នៅ​ស្ថិត​នៅ​ក្នុង​​ភាព​ស្ទាក់ស្ទើរ​នៅឡើយ។ ​លោក​សកលវិទ្យាធិការ​ដដែល​​ បានបញ្ជាក់ថា កន្លងមក គឺ​មាន​បង្រៀន​វគ្គ​​ខ្លី ផ្នែក​​សម្តែង ចំនួន​៣ខែដែរ តែ​មិនសូវ​មាន​​​សិស្ស​ចូលរៀន។​

ទោះបី​យ៉ាងណា​ក៏ដោយ ចំពោះសមិទ្ធិ​ករភាពយន្ត ឆាយ បូរ៉ា ប្រាប់​វិទ្យុ​បារាំងថា ការ​អត់​គ្រូ​ដែល​អត់​សញ្ញាបត្រ គឺ​មិន​មែន​ជាហេតុផលត្រឹមត្រូវទេ។ លោក​បាន​លើកឧទាហរណ៍ថា ផ្នែក​នាដកម្ម ពីមុនមក ក៏អត់​គ្រូដែលមាន​សញ្ញាបត្រ​ដែរ គឺ​យកអ្នក​ចេះច្រើន​បង្រៀន​អ្នក​ចេះ​តិច។

សមិទ្ធិ​ករ​ភាពយន្ត​រូបនេះ ជូន​យោបល់ថា ក្រសួង​និង​ស្ថាប័នពាក់ព័ន្ធ គួរតែ​សហការ​ជាមួយ​វិស័យ​ឯកជន ដើម្បី​វិនិយោគ​បង្កើត​សាលា ទើបអាច​ទៅរួច។ លើសពីនេះ ត្រូវ​មាន​ផែន​ការ​និង​​វិធានការ​​ច្បាស់​លាស់! បញ្ចូន​អ្នក​មាន​ទេពកោសល្យ​ទៅរៀន​នៅ​បរទេស និង​សុំ​អាហារូបករណ៍​​ពី​ប្រទេស​ដែល​មាន​ជំនាញ​ ប៉ុន្តែ​កុំ​បញ្ចូន​តែ​បក្សពួក​ក្រុម​គ្រួសារ​ខ្លួន​ទៅ​រៀន​ គឺត្រូវ​​ប្រលង​ជ្រើសរើស​អ្នក​មាន​ទេព​កោសល្យ​ពិត​ប្រាកដ​។

ចំពោះលោក ឆាយ បូរ៉ា ការ​ជំរុញ​ឲ្យ​វិស័យ​ភាព​យន្ត​ឲ្យទៅជាឧស្សាហកម្មភាព​យន្ត គឺ​នឹង​នាំមុខ​មាត់​ថ្មី​របស់​កម្ពុជា​ទៅកាន់​ពិភពលោក ហើយ​នឹងនាំឲ្យ​អ្នក​ជំនួញនិង​ភ្ញៀវបរទេស​មក​រកស៊ី និង​មកលេង​ស្រុក​ខ្មែរ​កាន់តែ​ច្រើន។​ ដូច្នេះ​ ការ​បង្កើតមហាវិទ្យា​ល័យ​ភាព​យន្ត​ គឺ​ដល់​ពេល​​ហើយ និងមិន​អាច​រង់ចាំ​បាន​តទៅទៀតទេ​។

ជាការកត់​សម្គាល់​ ចាប់តាំងពីរដ្ឋាភិបាល​ឈប់​ឲ្យ​បញ្ចាំង​ភាពយន្ត​បរទេស​នៅ​ម៉ោង​មាស! វិស័យ​​ផលិត​ភាពយន្តខ្មែរ​ គឺត្រូវ​ប៉ាន់ណាស់​ ប៉ុន្តែ​នៅ​ខ្វះ​ធនធាន​មនុស្ស និង​បច្ចេកទេស​ខ្លាំង​មែនទែន។ ដូច្នេះ ការ​វិនិយោគ​បង្កើត​សាលា​ភាពយន្ត គឺ​ជា​ជម្រើសមួយ​ដែល​អាជ្ញាធរ​ពាក់​ព័ន្ធ​​ត្រូវ​យកចិត្តទុកដាក់។​

សូម​បញ្ជាក់ដែរ​ថា រាល់ថ្ងៃ​ កម្ពុជា​​មាន​សាលាភាពយន្ត​តូចៗ​ មួយពីរដែរ តែជ្រក​ក្រោម​ដំបូល​របស់​​អង្គការ​ដើម្បីភាពញញឹម​នៃកុមារ និងមជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផាណា ដែល​ខំ​ប្រឹង​បណ្តុះ​​បណ្តាល​កូន​ខ្មែរ ទាំង​ត្រដាប​ត្រដួស​៕​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI