កម្ពជា

សាលា​​រាជ​ធានី​​ភ្នំពេញ​មាន​​គម្រោង​​សង់​​ចំណត​​រថយន្ត​​សាធារណៈ​​ក្រោម​​ដី​ជម្រៅ​​៣​​ជាន់​

ចំណត​រថយន្ត​ក្រុុង​របស់​សាលា​រាជ​ធានី​ភ្នំពេញ
ចំណត​រថយន្ត​ក្រុុង​របស់​សាលា​រាជ​ធានី​ភ្នំពេញ @RFI

សាលា​រាជធានី​ភ្នំពេញ បង្ហើប​ឲ្យ​ដឹង​ពី​​គម្រោង​ថ្មី​របស់​ខ្លួន ក្នុង​ការ​សាងសង់​ចំណត​រថយន្ត​សាធារណៈ​ក្រោម​ដី នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។ អភិបាល​រាជធានី​ភ្នំពេញ គូស​បញ្ជាក់នៅ​ថ្ងៃ​សុក្រ​​ម្សិលមិញ​​ថា គម្រោង​សាង​សង់​ចំណត​រថយន្ត​សាធារណៈ​​ក្រោម​ដី​នេះ គឺ​ជា​មធ្យោ​បាយ​ដ៏​ប្រសើរ ក្នុង​ការ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​​។ ការ​កក​ស្ទះ​ចរាចរណ៍​ ដែល​មួយ​ផ្នែក បណ្ដាល​មក​ពី​ការ​ចត​យានយន្ត​ដោយ​គ្មាន​សណ្ដាប់​ធ្នាប់​នៅ​លើ​ដង​ផ្លូវ​។

ផ្សាយពាណិជ្ជកម្ម

គម្រោង​​​ចំណត​រថយន្ត​សាធារណៈ​ក្រោម​ដី របស់​សាលា​រាជធានី​ភ្នំពេញ មាន​ជម្រៅ​៣​ជាន់ ដែល​រួម​មាន​ទាំង​ផ្សារ​ផង​នោះ នឹង​ត្រូវ​សាង​សង់​នៅ​ក្រោម​សួន​ច្បារ​សាធារណៈ មុខ​ព្រះ​សក្យមុនីចេតិយ ចន្លោះ​អគារ​កាណាឌីយ៉ា និង​អគារ​វឌ្ឍនៈ​។ បើ​តាម​សាលា​រាជធានី​ភ្នំពេញ នេះ​គឺ​ជា​គម្រោង​ដំបូង​ទី​មួយ​របស់​អាជ្ញាធរ​ក្រុង ដែល​វិនិយោគ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ធនាគារ​កាណាឌីយ៉ា និង​ក្រុមហ៊ុន​ធនាគារ​វឌ្ឍនៈ។

លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងនៅ​ថ្ងៃ​ទី​៨​ខែ​មករា​ថា ការ​ធ្វើ​ចំណត​រថយន្ត​សាធារណៈ គឺ​ជា​មធ្យោបាយ​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ​ជា​បន្ទាន់ ខណៈ​ពេល​បច្ចុប្បន្ន​នេះ រាជធានី​ភ្នំពេញ​គ្មាន​ចំណត​។ អវត្តមាន​នៃ​ចំណត​នេះ បណ្ដាល​ឲ្យ​មាន​ការ​ចត​យានយន្ត​គ្មាន​សណ្ដាប់​ធ្នាប់ រំលោភ​លើ​ដង​ផ្លូវ និង​ចំណី​ផ្លូវ ដែល​នាំ​ឲ្យ​រំខាន​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ និង​ធ្វើ​ឲ្យ​កក​ស្ទះ​ចរាចរណ៍​​។ នេះ​បើ​តាម លោក ប៉ា សុជាតិវង្ស​។ សម្រាប់​អភិបាល​រាជធានី​ភ្នំពេញ​រូប​នេះ ការ​រៀបចំ​ឲ្យ​មាន​ចំណត​រថយន្ត​សាធារណៈ​ត្រឹម​ត្រូវ គឺ​ជា​មធ្យោបាយ​ដ៏​ប្រសើរ ក្នុង​ការ​រួម​ចំណែក​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​។

គួរ​កត់​សម្គាល់​ថា បច្ចុប្បន្ន បញ្ហា​កក​ស្ទះ​ចរាចរណ៍ ​បាន​ក្លាយ​ទៅ​ជា​ជំងឺ​ដ៏​រ៉ាំរ៉ៃ​មួយ​នៅ​រាជ​ធានី​ភ្នំពេញ។ អ្នក​ជំនាញ​ផ្នែក​ចរាចរណ៍​បាន​អះអាង​ពី​​មូល​ហេតុ​ជា​ច្រើន​ ដែល​រួម​ចំណែក​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ត្រូវ​កក​ស្ទះ​ចរាចរណ៍​ជា​ប្រចាំ។ ​ប៉ុន្តែ​មូល​ហេតុ​សំខាន់​មួយ​ក្នុង​ចំណោម​នោះ​ គឺ​ ការ​ចត​យាន​យន្ត​នៅ​លើ​ផ្លូ​វសាធារណៈ។

សន្និសីទ​ថ្នាក់​ជាតិ​ស្ដី​ពី​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​កម្ពុជា ដែល​រៀបចំ​ដោយ​រាជបណ្ឌិត​សភា​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ​២០១៥​កន្លង​ទៅ បាន​ផ្ដល់​អនុសាសន៍​សំខាន់​ៗ​ជា​ច្រើន ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។ នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​នោះ អនុសាសន៍​មួយ ដែល​អ្នក​ជំនាញ​ចរាចរណ៍​ជា​ច្រើន​យល់​ស្រប​គ្នា ថា​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន គឺ​ការ​កសាង​ចំណត​យានយន្ត​សាធារណៈ​ឲ្យ​បាន​គ្រប់​គ្រាន់​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI